កាល​ប្តីនៅរកបានប្រពន្ធស្រលាញ់ថ្នាក់ថ្នម ដល់ប្តីឈឺធ្ងន់​ប្រពន្ធ​ចុះចោលផ្ទះ
BREAKING NEWS
Search

កាល​ប្តីនៅរកបានប្រពន្ធស្រលាញ់ថ្នាក់ថ្នម ដល់ប្តីឈឺធ្ងន់​ប្រពន្ធ​ចុះចោលផ្ទះ

រឿងពិតពីប្រិយមិត្តកម្ពុជាថ្មី!

នេះជាការពិតដែលខ្ញុំសម្រេចចិត្ត​ចែករំលែកជាមួយ​មិត្តអ្នកអាន។ ខ្ញុំពីរនាក់បងប្អូន​បានចេញពីស្រុក​មករស់នៅភ្នំពេញតាំងពីឆ្នាំ១៩៩៨ ។ បងខ្ញុំឡើងមកមុន ព្រោះគាត់ធ្វើការអង្គការមួយ បន្ទាប់មកគាត់យកខ្ញុំឡើងមករៀនម​ហាវិទ្យាល័យ​ធនធានមនុស្សខាងជំនាញ​ទីផ្សារ។

កាលណោះ​យើងមានតែពីរនាក់បងប្អូននៅផ្ទះជួលមួយកន្លែង ដែលមាន​តម្លៃត្រឹមតែ២៥ដុល្លារ​ហូបបាយមួយពេលបីពាន់រៀល ប៉ុន្តែបង​ប្អូនខ្ញុំតស៊ូណាស់​ រៀនផងធ្វើការផង ព្រោះចង់បានអនាគត​ភ្លឺស្វាងនឹងគេ។

រហូត​ដល់បងខ្ញុំបានការងារ​ប្រាក់ខែ៨០០ដុល្លារនៅឆ្នាំ​២០០៤ ដែលជាប្រាក់ខែដ៏ខ្ពស់មួយសម័យកាលនោះ រឿងមិនល្អដ៏ធំមួយបានកើតមានឡើងក្រោយពេលពួកយើងក្លាយជាមានមុខមាត់។​​ មីងម្នាក់ជាស្រីម៉េម៉ាយដែលមានប្អូនស្រី​២នាក់ក្នុងបន្ទុក បានរកវិធីទាក់ទង​យកបងប្រុសខ្ញុំជាប្អូនថ្លៃ។ មីងនោះគាត់ធ្លាប់ជាបុគ្គលិកនៅកន្លែងជាមួយ​បងប្រុសខ្ញុំពីមុន ដែលមិនសូវត្រូវគ្នាជាមួយបងខ្ញុំប៉ុន្មានទេ ​រហូត​បងខ្ញុំមកពីរៀននៅអង់គ្លេសវិញហើយបាន​ឡើជាងតួនាទីជាមេផ្នែកមួយ ​ទើបគាត់មកអែបអបហៅបាយផ្ទះចុះឡើង​ចុងក្រោយ​បងខ្ញុំក៏ត្រូវរ៉ូវជាមួយ​ប្អូនស្រីគេតែម្តងព្រោះ​អនាគតបងថ្លៃខ្ញុំនោះក្មេង​នឹង​ស្អាតខ្លាំង។

ដោយឃើញអនាគតបងថ្លៃជាមនុស្ស​ល្អតែនឹងមុខ ​ខ្ញុំបានប្រាប់ម្តាយនៅស្រុកឱ្យអប់រំបងខ្ញុំដែរ តែមិនឈ្នះការដឹកញីបន្សីឈ្មោលរបស់គេទេ​ ចុងក្រោយបងខ្ញុំជំនះការប្រពន្ធម្នាក់នោះ ទំាងដែលបងប្អូនខាងយើង គ្មានអ្នកណា​ស្ងប់ចិត្ត​ឡើយព្រោះចរិតប្លែកៗរបស់គ្រួសារ​ខាងគេ។

ទីបំផុតនៅជាមួយគ្នាបាន៩ខែ បងថ្លៃខ្ញុំរករឿងឱ្យខ្ញុំចេញពីផ្ទះនោះខាងតែបាន។ កាលណោះឆ្នាំ​២០០៧ បងប្រុសខ្ញុំរំលោះផ្ទះមួយជាង​២ម៉ឺនដុល្លារនៅព្រែកប្រា។

កាលនៅជាមួយបងប្រុស​តែពីរនាក់ ប្រាក់ខែតូចប៉ុណ្ណា ថ្ងៃព្រឹកល្ងាចយប់នៅភ្នំពេញឬនៅខេត្ត​ បងខ្ញុំមិនដែលឱ្យប្អូនស្គាល់ជាតិដេកអត់បាយទេ តែមានបងថ្លៃកាលណា គេចេញហូបក្រៅចោលប្អូនឱ្យនៅស្ងួតក្រពះព្រោះគេមិនដាំបាយហើយកុហករកលេសដាក់បងប្រុស​ខ្ញុំសព្វបែបយ៉ាង។ ចុងក្រោយ ព្រោះតែគ្រាំចិត្តរឿង​ប្រពន្ធមិនត្រូវនឹងប្អូនថ្លៃ បងខ្ញុំបានសម្រេចចិត្តឱ្យខ្ញុំមួយខែ៥០ដុល្លារ​ចេញមកជួលបន្ទប់នៅក្បែរសាលារៀនវិញ។ ម្តាយខ្ញុំបានខឹងចិត្ត​រឿងប្អូនតែមួយ​នៅជាមួយមិនបាននេះ ក៏ឈប់មាត់កររកពីនាក់គាត់រាប់ឆ្នាំ។ ក្រោយមកយើងបានដំណឹងថា​គេយកបងស្រីគេដែលជាមេអណ្តើកនោះ​មកនៅលើផ្ទះនៅព្រែកប្រាបានសម្រេច។

ខ្ញុំមិនសូវដែលសួរនាំគាត់រឿងគ្រួសារទេ​ព្រោះមិនចង់ឱ្យបងពិបាកចិត្ត​តែខ្ញុំតាំងចិត្ត​ថាក្រោយៗពេលរើសប្រពន្ធ​ខ្ញុំមិនយកអ្នកស្អាតទេ​ខ្ញុំយកចិត្ត​វិញ។​ មិនបានប៉ុន្មាន​បងខ្ញុំមាន​បញ្ហា​ស្រ្តូកstroke។

គាត់ឧស្សាហ៍មានបញ្ហា​ងងឹតមុខនិងឈឺក្បាលខ្លាំង​ពេលនៅក្រោមព​ន្លឺថ្ងៃ។ ប្រធានគាត់នាំទៅព្យាបាលច្រើនកន្លែងណាស់តែគាត់នៅតែមាន​រោគសញ្ញាធ្ងន់ឡើងៗ​ចុងក្រោយគាត់ត្រូវសម្រាកនៅផ្ទះ។

បីខែ​ដំបូង បងខ្ញុំមានប្រាក់ខែដដែល​តែ​ ចុងក្រោយ​គាត់អស់ចំណូលទំាងស្រុងហើយខ្លួនក៏ឈឺព្រោះក្រោក​ធ្វើអីក៏មិនបានយូរត្រូវគេងនៅលើគ្រែជានិច្ច។

ប្រពន្ធគាត់មានផ្ទៃពោះក្រោយមកឮថា​កូននោះរលូតប៉ុន្តែមានគេមកប្រាប់បងខ្ញុំថា គាត់យកកូននោះចេញព្រោះគ្មាន​សង្ឃឹម​រឿងប្តីបានជាវិញដូចដើម។​ ខ្ញុំមិនយល់ទេ ហេតុអ្វី? តំណក់ឈាមបងខ្ញុំ​ជាស្នេហា​របស់ពួកគាត់ បើគាត់មិនចង់ទុក​ តើគាត់ជាមនុស្ស​ស្រីអី​? គាត់គិត​ចង់បានប្តីថ្មីទំាងដែលបងខ្ញុំនៅរស់េជ្រងោរនៅឡើយ? ហេតុអ្វីមិនទុកកូន?

ខ្ញុំធ្លាប់ឃើញបងខ្ញុំគេងយំស្ងាត់ៗ។ ម៉ែឮហើយទ្រាំមិនបានក៏មកលេងកូន ។ពេលម៉ែខ្ញុំមក​ពួកគេ​ក៏និយាយបញ្ឈឺម៉ែថា ពេលនេះ​បងខ្ញុំឈឺហើយ ​បើនៅតែបន្តបែបនេះទៀតនឹង​គ្មានទេលុយ​បង់ថ្លៃរំលោះផ្ទះ ដូច្នេះគេថា ​បើបងស្រី​គាត់នោះចេញលុយមកបង់ម្តងវិញ​ផ្ទះនេះលែងជារបស់បងប្រុសខ្ញុំហើយ។

ម្តាយខ្ញុំនឹង​ខ្ញុំមិនសុខចិត្ត​ក៏រកវិធី​រកលុយលក់ដីនៅស្រុកខ្លះខ្ចីគេខ្លះមកបង់ផ្តាច់​ហើយឱ្យបងខ្ញុំស៊ីញេ៉ថា ខ្ចីលុយម៉ែ​ដាក់បញ្ចាំ​ផ្ទះនឹង​ម៉ែ។ ពេលនោះហើយ​ដែលគេខឹង បានរកលេសនេះ​នាំប្អូនចុះចោលប្តី លែងនៅមើលថែទុកឱ្យម៉ែនៅមើលកូនប្រុស​ដែលធ្លាក់ខ្លួនពិកា។ កាលទៅនោះសូម្បីចិញ្ចៀន​រៀបការ​របស់ប្តីក៏ដោះយកទៅដែរ។

បងខ្ញុំនៅចាំផ្លូវប្រពន្ធជាងមួយឆ្នាំ​ទម្រាំំគាត់ព្រមកាត់ចិត្តបានថាគេលែងជាប្រពន្ធគាត់ទៀតហើយ។ ចុងក្រោយបងខ្ញុំបានស្លាប់នៅឆ្នាំ​២០១០ គ្មានកូនមួយគ្រាប់បន្សល់នឹងគេ សល់តែរឿង​សោកសៅនៃជីវិត​បញ្ញវន្តរបស់គាត់ដែលជាប់អន្ទាក់រៀបការនឹងកូនស្រីគេ​ព្រោះតែគមើលឃើញចំណេះយើង​ការងារយើងមិនបានស្រលាញ់យើងពិត។

ខ្ញុំសរសេររឿងនេះទុកឱ្យមនុស្សប្រុសទំាងអស់យកពិចារណាមុនពេលសម្រេចចិត្ត​ថា យល់ពក្រមកសាងគ្រួសារជាមួយ​អ្នកណាម្នាក់ ដែល​គិតថា​គេក៏ស្រលាញ់យើងព្រមរួមសុខរួមទុក្ខជាមួយគ្នា។​

មាន​តែកាលំបាកប៉ុណ្ណោះដែលអាចបញ្ជាក់រឿងនេះបាន ហើយជីវិត​អ្នកណាក៏នឹងមានគ្រាលំបាកដែរ ប្រសិនយើងរើសគូខុស​រើសយកសម្រស់ ​យើងនឹង​មានវិប្បដិសារីដល់ថ្ងៃស្លាប់ដូចបងប្រុសខ្ញុំ។

កែសម្រួលដោយ​ ហាណា

សូមផ្ញើលិខិតដែលប្រិយមិត្តមានបំណង​ចង់ចុះផ្សាយមក Inbox ផេក​https://www.facebook.com/kampucheathmeyplus/ ដោយចាប់ផ្តើមថា ប្រិយមិត្តកម្ពុជាថ្មី។

ស្រលាញ់គ្នា៧ឆ្នាំ គ្រួសារដឹងឮ ចុងក្រោយទំាងម្តាយទំាងកូន​រៀបគម្រោង​បោកយកដីខ្ញុំ