សាលានៅហុងកុងបន្តបិទទ្វារយ៉ាងហោចដល់​ពាក់​កណ្ដាល​ខែមេសាដោយសារការផ្ទុះនៃវីរុស Covid-19

នៅថ្ងៃអង្គារនេះរដ្ឋាភិបាលចិនបានប្រកាស ពីការបិទទ្វារសាលារៀននៅហុងកុង ដោយ​ក្នុងនោះ មតេយ្យសិក្សា បឋមសិក្សា និងអនុវិទ្យាល័យនឹងត្រូវពន្យាពេលឈប់សម្រាករហូតដល់ពាក់កណ្តាលខែមេសា។ ទោះយ៉ាងណាមន្រ្តីអប់រំថា ខ្លួននៅចង់ធ្វើតេស្តសម្រាប់ការប្រលងចូលសាកលវិទ្យាល័យដូចដែលបានគ្រោងទុកគឺនៅថ្ងៃទី ២៧ ខែមីនាខាងមុខ។

ដោយសារតែការផ្ទុះឡើងនៃវីរុស Covid-19 នៅក្នុងទីក្រុង ការិយាល័យអប់រំកាលពីដើមខែកុម្ភៈនេះបានបន្ថែមការផ្អាកថ្នាក់រៀននៅតាមសាលាមត្តេយ្យ និងគ្រប់សាលាទាំងអស់។  អ្វីដែលជាក្ដីព្រួយបារម្ភគឺថា នៅឆ្នាំនេះសិស្សដែលនឹងប្រឡងចូលសាកលវិទ្យាល័យមានចំនួន ៥២ ពាន់នាក់។ បើសិនតាមសាលានានា ក៏ដូចជាសាកលវិទ្យល័យបន្តបិទទ្វារបែបនេះ វាអាចនឹងប៉ះពាល់ដល់សិស្សដែលកំពុងត្រៀមខ្លួនចូលមហាវិទ្យាល័យ។

ក្នុងពេលដ៏តឹងតែងនេះមន្ត្រីអប់រំមានគម្រោងជម្រើស២។ ជម្រើសទី១គឺបន្តការប្រឡងតែមុខវិជ្ជា២-៣ ប៉ុណ្ណោះ ប៉ុន្តែរក្សាកាលវិភាគដើមដែលនឹងចាប់ផ្តើមប្រឡងនៅថ្ងៃទី ២៧ ខែមីនា។ ជម្រើសទី ២ គឺពន្យារពេលការប្រឡងរយៈពេលមួយខែដោយចាប់ផ្តើមនៅថ្ងៃទី ២៤ ខែមេសាជំនួសវិញ និងលុបចោលមុខវិជ្ជាភាសាចិន ភាសាអង់គ្លេស និងការប្រឡងផ្ទាល់មាត់។

ប្រភពបាននិយាយថា មន្ត្រីអប់រំទំនងជាជ្រើសរើសយកជម្រើសទី ១ ពីព្រោះវានឹងបង្កឱ្យមានការរំខានតិចតួចសម្រាប់និស្សិតនិងអាជ្ញាធរទទួលបន្ទុកការប្រឡង។

គេរំពឹងថា លេខាធិការក្រសួងអប់រំលោក Kevin Yeung Yun-hung និងអគ្គលេខាធិការត្រួតពិនិត្យនិងវាយតម្លៃហុងកុងលោក So Kwok-sang នឹងប្រកាសសេចក្តីសម្រេចចិត្តរសៀលថ្ងៃអង្គារនេះ៕

ចុចអាន៖ ករណី COVID-19 ច្រើន​បំផុត​ក្រៅអាស៊ី! ស្លាប់ ៧ នាក់​និង​ជាង ២២០ នាក់​ឆ្លងនៅ​អ៊ីតាលី​

ចុចអាន៖ ព្រឹកនេះអ្នកឆ្លងកូរ៉ូណានៅកូរ៉េខាងត្បូងឡើងដល់ជិត ៩០០នាក់ ក្រោយរកឃើញករណីថ្មី ៦០នាក់ទៀតយប់មិញ

ប្រែសម្រួល៖ សន្យា