BREAKING NEWS
Search

អ្នកនាំពាក្យសុខាភិបាលអះអាងថាបុរសជនជាតិហុងគ្រីនោះមិនបានរត់គេតខ្លួនទេដោយគ្រាន់តែបិទការទំនាក់ទំនងប៉ុណ្ណោះ

ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិតឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលលោកបានអះអាងថា បុរសជនជាតិហុងគ្រីអាយុ៧០ឆ្នាំមានផ្ទុកវីរុសកូវី១៩នោះ មិនបានរត់គេចខ្លួនពីការធ្វើចត្តាឡីស័កទេ គាត់គ្រាន់តែសំងំនៅក្នុងផ្ទះហើយផ្តាច់ទំនាក់ទំនងជាមួយក្រុមការងារយើងប៉ុណ្ណោះ។
លោកស្រីបានបន្តថា “គាត់អត់មានគេចទៅណាទេគាត់នៅសំងំនៅផ្ទះ ដោយគាត់មិនបានទំនាក់ទំនងមកក្រុមការងារយើង។ អីចឹងធ្វើអោយដាច់ទំនាក់ទំនងតាមពិតគាត់មិនបានទៅណាទេ”។

លោកស្រីបានបញ្ជាក់ថា បច្ចុប្បន្នបុរសជនជាតិហុងគ្រី ដែលរកឃើញផ្ទុកវីរុសកូវិដ១៩នេះ កំពុងដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប រួចរាល់ផងដែរ ខណៈក្រុមការងារសុខាភិបាល កំពុងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ជាមួយបុរសជនជាតិហុងគ្រីនេះ បន្តទៀត។

ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្រោយពីកិច្ចសហការខិតខំស្វែងរក ដោយអាជ្ញាធរ និងមន្ទីរសុខាភិបាលខេត្តសៀមរាប បុរសជនជាតិហុងគ្រីរូបនេះ ត្រូវបានរកឃើញនៅវេលាម៉ោងប្រហែលជាង៩ព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ដោយគាត់បានសង្ងំនៅក្នុងផ្ទះវីឡាមួយ ក្នុងបុរីអាថែន ភូមិគ្រួស ឃុំស្វាយដង្គុំ ក្រុងសៀមរាប ហើយក្រុមគ្រូពេទ្យបានទៅដឹកយកគាត់ និងភរិយា (មិនមានកូន និងមិនមានអ្នកផ្សេងនៅជាមួយឡើយ) មកដាក់ព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាបរួចរាល់ហើយដែរ។

ព័ត៌មានដែលក្រសួងទទួលបានក្រោយពីបុរសជនជាតិហុងគ្រីខាងលើនេះ ចាកចេញពីទីក្រុងភ្នំពេញ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ ឆ្ពោះទៅខេត្តសៀមរាបនោះ គាត់បានទៅម៉ៅតាក់ស៊ីមួយជិះម្នាក់ឯង (ឈប់ចាក់ប្រេងតែម្តងគត់នៅតាមផ្លូវ) ដោយមិនបានជួប ឬប៉ះពាល់អ្នកណាទាំងអស់ ក្រៅតែពីជិះតាក់ស៊ីនេះទេ។

ពេលមកដល់ខេត្តសៀមរាប គាត់នៅសង្ខំធ្វើការក្នុងផ្ទះ ដោយគាត់ជាបណ្ឌិតវិទ្យាសាស្រ្តសេដ្ឋកិច្ច (សរសេរសៀវភៅ) មានតែថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ មួយថ្ងៃគត់ ដែលគាត់ចេញទៅទិញផ្ទាំងគំនូរដោយជិះម៉ូតូកង់បី (តុតុ) នៅគ្រឹះស្ថានអង្គរក្រុងសៀមរាប រួចក៏ត្រឡប់មកផ្ទះគាត់វិញ។ រីឯភរិយាគាត់ ដោយ​សារមានម្ហូបអាហារជាច្រើនក្នុងផ្ទះស្រាប់ ស្ត្រីរូបនេះ ក៏មិនបានចេញទៅណាដែរ គឺបានចេញទៅផ្សារតែម្តងគត់ប៉ុណ្ណោះ តែពួកគាត់មានការអនុវត្តនូវវិធានការការពារ ដោយបានពាក់ម៉ាស់ពេលទៅកាន់ទីកន្លែងដូចបានជម្រាបជូនខាងលើ។ ចំណែកឯការរស់នៅរបស់គាត់ គឺមិនមានអ្នកផ្សេង​មកប៉ះពាល់នោះឡើយ។

ក្រសួងសុខាភិបាលបញ្ជាក់ថា បច្ចុប្បន្នក្រុមការងារឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តសៀមរាប និងនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរបស់ក្រសួងសុខាភិបាល ដោយសហការជាមួយអង្គការសុខភាពពិភពលោក និងមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងសហរដ្ឋអាមេរិក កំពុងបន្តធ្វើកិច្ចការចាំបាច់ៗ សម្រាប់ការស្រាវជ្រាវរកអ្នកប៉ះពាល់ជាបន្តទៀត ហើយក្រសួងនឹងបន្តជូនព័ត៌មានដល់សាធារណជននូវការវិវត្ត ឬហេតុការណ៍មិនប្រក្រតីណាមួយ ប្រសិនបើមាន ពាក់ព័ន្ធទៅនឹងករណ៏ខាងលើនេះ។

សូមជម្រាបថា គិតត្រឹមម៉ោង ១២៖០០ថ្ងៃត្រង់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ នៅកម្ពុជាបានរកឃើញអ្នកមានវីរុសកូដ-១៩ មានចំនួនសរុប២៧៦នាក់ ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេសមានចំនួន ២៧៤នាក់ និងអ្នកកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន០១នាក់ និងនៅមន្ទីរពេទ្យខេត្តសៀមរាប ចំនួន ០១នាក់៕

អត្ថបទ៖ សំអឿន