BREAKING NEWS
Search

អតីត CEO ក្រុមហ៊ុន PepsiCo ទទួលមរណភាពក្នុងវ័យ ៩៩ ឆ្នាំ

ក្រុមហ៊ុន Pepsi Co បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយសម្ដែងការគោរពដល់អតីតនាយកប្រតិបត្តិរបស់ខ្លួនថា លោក Donald Kendall ដែលបានដឹកនាំសាជីវកម្មអាហារ និងភេសជ្ជៈរបស់អាមេរិកឈ្មោះ Pepsi Co ក្នុងឆ្នាំ ១៩៧១-១៩៨៦ បានទទួលមរណភាពក្នុងវ័យ ៩៩ ឆ្នាំ ។

ក្រុមហ៊ុនយក្សមួយនេះបានបន្ថែមទៀតថា ទោះបីលោក Kendall បានចូលនិវត្តន៍ពីមុខតំណែងរបស់លោកក្នុងឆ្នាំ ១៩៨៦ ក៏ដោយ លោកនៅតែបន្តចូលរួមក្នុងការគ្រប់គ្រងសាជីវកម្មដោយបានលះបង់ពេលវេលាអស់រយៈពេល ៣៩ ឆ្នាំ ។

អតីតនាយកប្រតិបត្តិរូបនេះបានធ្វើឲ្យទឹកក្រូច Pepsi ដែលជាផលិតផលដំបូងបង្អស់របស់អាមេរិកត្រូវបានផលិត និងលក់នៅប្រទេសរុស្ស៊ី បន្ទាប់ពីចូលរួមពិព័រណ៍ជាតិអាមេរិកនៅទីក្រុងម៉ូស្គូក្នុងឆ្នាំ ១៩៥៩ ហើយបន្ទាប់មកមេដឹកនាំសហភាពសូវៀតលោក Nikita Khrushchev បានភ្លក្សរសជាតិភេសជ្ជៈមួយនេះ ។

ក្រុមហ៊ុន PepsiCo ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦៥ ជាមួយនឹងការរួមបញ្ចូលគ្នារវាងក្រុមហ៊ុន Pepsi-Cola និង Frito-Lay, Inc ។ ចាប់តាំងពីពេលនោះមកវាបានពង្រីកផលិតផលរបស់ខ្លួនចាប់ពីភេសជ្ជៈ Pepsi រហូតដល់ម៉ាកផលិតផលម្ហូបអាហារ និងភេសជ្ជៈផ្សេងៗទៀតដែលភាគច្រើនគឺជាផលិតផលត្រូពីកាណា (Tropicana Products) ។

ទន្ទឹមនោះក្រុមហ៊ុនបានពង្រីកផលិតកម្មរបស់ខ្លួនទៅកាន់សហភាពសូវៀតជាលើកដំបូងក្នុងឆ្នាំ ១៩៥៩ ហើយបន្ទាប់មកបានចរចារកភាពផ្តាច់មុខនៅឆ្នាំ ១៩៧២ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន៖ រោងចក្រកែច្នៃចំណីអាហារ PepsiCo China ផ្អាកដំណើរការផលិត បន្ទាប់ពីនយោជិកម្នាក់តេស្តវិជ្ជមាន COVID-19

ចុចអាន៖ ពាណិជ្ជករ​ឥណ្ឌា​ធ្វើពហិការ ​ចំពោះ​ក្រុមហ៊ុន Coca-Cola និង Pepsi ដោយសារ “​ការរាំងស្ទះ​ធនធានទឹក​”