BREAKING NEWS
Search

សណ្ឋាគារ និង​ភោជនីយដ្ឋាន​មួយ​ចំនួន​ក្នុង​ខេត្ត​កំពង់ស្ពឺ ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ស្នាដៃ​ឆ្នើម ក្នុង​ការ​អនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី

កំពង់ស្ពឺ ៖ ក្នុង​សិក្ខាសាលា និង​ពិធី​ចែក​ពាន “​បរិស្ថាន​គ្មាន​ផ្សែង​បារី​ក្នុង វិស័យ​ទេសចរណ៍​”​នា​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២០ លោក​ហោ សារុន លើក​ឡើង​ថា សណ្ឋាគារ និង​ភោជនីយដ្ឋាន​មួយ​ចំនួន ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ខេត្ត កំពង់ស្ពឺ ហើយ​ត្រូវ​បាន​គេ​រក​ឃើញ​ថា សណ្ឋាគារ និង​ផ្ទះសំណាក់ ចំនួន​១០​កន្លែង និង​ភោជនីយដ្ឋាន​១០​កន្លែង ដែល​មាន​ស្នាដៃ​ឆ្នើម ក្នុង​ការ​អនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី ក្នុង​វិស័យ​ទេសចរណ៍​។

​លោក ហោ សារុន អនុរដ្ឋលេខាធិការ បាន​គូស​បញ្ជាក់​ថា សិក្ខាសាលា​ស្តី​ពី បរិស្ថាន​គ្មាន​ផ្សែង​បារី​នេះ បាន​រៀប​ចំ​ជាច្រើនលើក​មក​ហើយ ក្នុង​ទឹកដី​ខេត្ត​កំពង់ស្ពឺ តែ​អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​គឺ កម្មវិធី​នៅ​ថ្ងៃ​នេះ ក៏​មាន​ពិធី​ចែក​ពាន បរិស្ថាន​គ្មាន​ផ្សែង​បារី ក្នុង​វិស័យ​ទេសចរណ៍​ជូន​ដល់​សណ្ឋាគារ និង​ភោជនីយដ្ឋាន ដែល​មាន​ស្នាដៃ​ឆ្នើម ក្នុង​ការ​អនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី ក្នុង​វិស័យ​ទេសចរណ៍ នា​ពេល​កន្លងមក​។

​លោក​បន្ដ​ថា នៅ​ក្នុង​សប្ដាហ៍​ទី​២ នៃ​ខែ​កុម្ភៈ នេះ ក្រុមការងារ​បរិស្ថាន​គ្មាន​ផ្សែង​បារី ក្នុង​វិស័យ​ទេសចរណ៍ និង​អង្គការ​ដៃគូ បាន​ជួប​ប្រជុំ​ជាមួយ​រដ្ឋ​បាល​ខេត្ត កំពង់ស្ពឺ ដែល​មាន លោក សុខ ភា អភិបាលរង​ខេត្ត លោក សៅ សារ៉ន ប្រធាន​មន្ទីរ​ទេសចរណ៍ និង​មន្ទីរ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​ផង​ដែរ និង​បាន​ឯកភាព​គ្នា​ខិតខំ​ជំរុញ​របស់​ខេត្ត​កំពង់ស្ពឺ ជាទី​ក្រុង​ទេសចរណ៍​គ្មាន​ផ្សែង​បារី នៅ​ឆ្នាំ​២០២០ នេះ​ផង​ដែរ ។

​លោក ហោ សារុន បាន​គូស​បញ្ជាក់​ទៀត​ថា ក្រុមការងារ ក៏បាន​ចុះ​ត្រួតពិនិត្យ​វាយតម្លៃ នៅតាម​សណ្ឋាគារ និង​ភោជនីយដ្ឋាន​មួយ​ចំនួន ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ខេត្ត កំពង់ស្ពឺ​នេះ ហើយ​ជា​លទ្ធផល​រក​ឃើញ​សណ្ឋាគារ និង​ផ្ទះសំណាក់ ចំនួន​១០​កន្លែង និង​ភោជនីយដ្ឋាន​១០​កន្លែង ដែល​មាន​ស្នាដៃ​ឆ្នើម ក្នុង​ការ​អនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី ក្នុង​វិស័យ​ទេសចរណ៍​។​
​ជាមួយគ្នា​នោះ លោក​បាន​បញ្ជាក់​បន្ថែម​ថា ការ​ជ្រើសរើស​វាយតម្លៃ ផ្តល់ជូ​ន​សណ្ឋាគារ​/​ភោជនីយដ្ឋាន​ឆ្នើម ដែល​ទទួល​ពាន​បរិស្ថាន​គ្មាន​ផ្សែង​បារី ក្នុង​វិស័យ​ទេសចរណ៍ គឺ​ផ្អែក​ទៅ​លើ​ពិន្ទុ​នៃ​កម្រង​សំណួរ ដែល​បាន​រៀបចំឡើង ដោយមាន​សូចនាករ លក្ខណៈ​វិនិច្ឆ័យ​ត្រឹមត្រូវ យោងទៅតាម​ច្បាប់​ស្តីពី ការ​ត្រួត​ពិនិត្យ​ផលិតផល​ថ្នាំជក់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា ក្រោម​ច្បាប់ រួមមាន​៖ អនុក្រឹត្យ ប្រកាស សារាចរ សេចក្តី​ណែនាំ -​ល​- ។

​លោក បន្ដ​ថា ក្នុង​បរិវេណ​មូលដ្ឋាន​របស់​ខ្លួន ទោះ​ក្នុង​ទម្រង់​ណា​ក៏​ដោយ អាច​ដាក់​តាំង​បង្ហាញ​កញ្ចប់​ផលិតផល ថ្នាំជក់​ធម្មតា បានតែ​មួយ​កញ្ចប់​ក្នុង​មួយ​ម៉ាក ត្រូវ​ដាក់​តាំង​បង្ហាញ​ឬ​លក់ តែ​ផលិតផល​ថ្នាំជក់​ណា ដែល​មាន​សារ​ព្រមាន​សុខភាព​ជា​រូបភាព និង​ជា​ភាសា​ខ្មែរ​ទំហំ ៥៥​ភាគរយ បោះពុម្ព​លើ​ផ្នែក​ខាងលើ​ផ្ទៃ​សំខាន់​ទាំង​២ នៃ​កញ្ចប់​ផលិតផល​ថ្នាំជក់ ។​
​ក្នុង​ឱកាស​នោះ លោក​ក៏បាន​លើក​ឡើង​ថា វិធានការ​ចម្បង​២ ដែល​ក្រុមការងារ​បរិស្ថាន​គ្មាន​ផ្សែង​បារី ប្រកាន់យក​គឺ​៖ វិធានការ​អប់រំ និង​វិធានការ​រដ្ឋបាល​។ វិធានការ​ទី​១៖ គឺ​វិធាន​ការអប់រំ ដោយ​បាន​រៀបចំ​ជា​សិក្ខាសាលា បណ្ដុះបណ្ដាល ប្រជុំ ផ្សព្វផ្សាយ ប៉ាណូ និង​រៀបចំ​បោះ​សម្ភារៈ​ផ្សព្វផ្សាយ និង​ណែនាំ​ឲ្យ​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម សេវាកម្ម​ទេសចរណ៍​ទាំងអស់ យកចិត្តទុកដាក់ គោរព​អនុវត្ត​តាម​ច្បាប់​ស្តី​ពី ការ​ត្រួត​ពិនិត្យ​ផលិតផល​ថ្នាំជក់ ដែល​បាន​ដាក់​ឲ្យ​ប្រើប្រាស់ តាំងពី​ថ្ងៃទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៥​។ ក្រោម​ឆត្រ​នៃ​ច្បាប់​នេះ មាន​អនុក្រឹត្យ​ស្តី​ពី ការ​បោះ​ពុម្ព​សារ​ព្រមាន​ជា​ភាសា​ខ្មែរ និង​ជា​រូបភាព​លើ​កញ្ចប់​ផលិតផល​ថ្នាំជក់​, អនុក្រឹត្យ​ស្តី​ពី វិធាន​ការ​ហាម​ការ​ជក់ ឬ​ការ​បង្ហុយ ផ្សែង​ផលិតផល​ថ្នាំជក់ នៅ​កន្លែងធ្វើការ ឬ​កន្លែង​សាធារណៈ ព្រមទាំង​ប្រកាស​ផ្សេងៗ​ថែមទៀត​។

​ក្រសួងទេសចរណ៍ ក៏បាន​រៀបចំ​សៀវភៅ​ណែនាំ ស្តី​ពី បរិស្ថាន​គ្មាន​ផ្សែង​បារី ដល់​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម សេវាកម្ម​ទេសចរណ៍​ទូទាំង​ប្រទេស​កម្ពុជា លេខ​០០៧​ស​ណន ចុះ​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១៦ ចែក​ជូន​ដល់​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម សេវាកម្ម​ទេសចរណ៍​ឲ្យ​បាន​ជ្រួតជ្រាប និង​យល់ដឹង​គោរព​ទៅតាម​ការណែនាំ​នេះ ឲ្យ​បាន​ល្អ​ប្រសើរ​។ វិធានការ​ទី​២៖ ដែល​នឹង​ត្រូវ​អនុវត្ត បន្ត​ជា​វិធានការ​រដ្ឋបាល គឺ​ការ​ផាក​ពិន័យ​ចំពោះ​បុគ្គល អ្នក​ជក់​នៅ​ទីកន្លែង​ហាមឃាត់ ម្ចាស់​អាជីវកម្ម​ដែល​អនុញ្ញាត​ឲ្យ​គេ​ជក់ នៅ​ទីតាំង​របស់​ខ្លួន ការ​តាំង​លក់​ផលិតផល​ថ្នាំជក់ ខុស​ពី​ការកំណត់ និង​ផាក​ពិន័យ​រហូតដល់​ក្រុមហ៊ុន​បារី ដែល​នាំ​និង​លក់​ផលិតផល​ថ្នាំជក់ គ្មាន​សារ​ព្រមាន​ជា​រូបភាព ផ្សាយពាណិជ្ជកម្ម​បារី​ខុសច្បាប់ -​ល​-​។

​លោក ហោ សារុន បញ្ជាក់​ថា ការ​ផាក​ពិន័យ​អន្តរការណ៍ នឹង​ធ្វើតាម​ប្រកាស​អន្តរក្រសួង រវាង​ក្រសួងសុខាភិបាល និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដោយ​ក្រុម​អធិការកិច្ច​ក្រសួងសុខាភិបាល ដែល​មាន​នីតិសម្បទា ជា​នគរបាល​យុត្តិធម៌​ផង​ដែរ​៕

 

អត្ថបទ៖ ឧ​ត្ត​រ៉ា​