BREAKING NEWS
Search

លោក ជិន ម៉ា​លីន ​៖ កឹម សុខា អាច​ចេញដំណើរ​ទៅតាម​ខេត្ត តែ​ហាម​ចេញ​ក្រៅ​ប្រទេស និង​ធ្វើ​សកម្មភាព​នយោបាយ​

ភ្នំពេញ ៖ លោក ជិន ម៉ា​លីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី ​កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០២០​ ថា ការចេញដំណើរ​ទៅ​ខេត្ត​របស់​ លោក កឹម សុខា មិនជា​បញ្ហា​អ្វី​ទេ តែ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ប៉ះពាល់​ដល់​លក្ខខណ្ឌ​ចំនួន​២ ​របស់​តុលាការ​។

​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​​ បានលើកឡើងថា លោក កឹម សុខា ត្រូវបាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ ហើយ​ដាក់ឲ្យ​​ស្ថិតនៅក្រោម​ការ​ត្រួត​ពិនិត្យ​តាមផ្លូវ​តុលាការ។ ប៉ុន្តែ​តុលាការ​ បានដាក់​លក្ខខណ្ឌ​ចំនួន​២ គឺ​ទី​១, មិន​ត្រូវ​ចេញទៅ​ក្រៅ​ប្រទេស សម្រាប់​នៅក្នុង​ប្រទេស​ ទៅ​ណា​ក៏បាន​ដែរ និង​ទី​២, មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ ដូច្នេះ​ការ​ធ្វើ​ដំណើរ​របស់ លោក ​កឹម សុខា មិន​អី​នោះ​ទេ ប៉ុន្តែ​កុំ​ធ្វើ​សកម្មភាព​ណាមួយ ដែល​ចាត់ទុកថា ជា​សកម្មភាព​នយោបាយ និង​មាន​របៀបវារៈ​នយោបាយ ឬ​ជា​ចេតនា​នយោបាយ​។

បើ​តាម​ លោក ជិន ម៉ា​លីន ការកំណត់​នេះ អាស្រ័យ​ទៅ​លើ​ចៅក្រម​ស៊ើបអង្កេត​របស់​តុលាការ ដែល​ត្រូវ​កំណត់​ថា តើ​ការចេញដំណើរ​របស់​គាត់​នោះ មាន​របៀបវារៈ​នយោបាយ ឬ​ជា​ចេតនា​នយោបាយ ហើយ​អាច​ប៉ះពាល់​ដល់​ការ​ហាមប្រាម​របស់​តុលាការ​ដែរ​ឬទេ?។

គួរ​រំលឹក​ថា កាលពី​ថ្ងៃអាទិត្យ ​ទី​១៦ ខែ​សីហា ឆ្នាំ​២០២០ លោក កឹម សុខា បាន​យក​កូន​ត្រី​​ ទៅ​លែង​ក្នុង​ស្រះ​ទឹក និង​មួយ​ចំនួន​ទៀត ជូន​ប្រជាពលរដ្ឋ​សម្រាប់​ចិញ្ចឹម​នៅ​ខេត្ត​កំពង់ចាម នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ លោក ចាន់ ចេ​ន សហ​មេធាវី​ការពារ​ក្តី​ឲ្យ​ លោក កឹម សុខា​។​

កាលពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០២០ ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​លិខិត​ក្រើន​រំឭក លោក កឹម សុខា គោរព​ឲ្យ​បាន​ម៉ឺងម៉ាត់​នូវ​កាតព្វកិច្ច​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ។ ​ការ​ក្រើន​រំឭក​នា​ពេល​នោះ បន្ទាប់ពី​ លោក កឹម សុខា បាន​ធ្វើ​ដំណើរ​កម្សាន្ត និង​ជួប​ជាមួយ​ពលរដ្ឋ​ក្នុង​ខេត្ត​មួយ​ចំនួន​។​

លិខិត​របស់​ក្រុមប្រឹក្សា​ជំនុំជម្រះ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ផ្ញើ​ទៅកាន់​ លោក កឹម សុខា លើកឡើងថា តប​តាម​កម្មវត្ថុ និង​យោង​ខាងលើ ​ក្រុមប្រឹក្សា​ជំនុំជម្រះ បាន​ទទួល​របាយការណ៍​របស់​មន្ត្រី​នគរបាល​យុត្តិធម៌ ដែល​ទទួលបន្ទុក​តាម​ដាន និង​អនុវត្ត​ដីកា​សម្រេច​ដាក់​ជន​ត្រូវ​ចោទ ​ឈ្មោះ កឹម សុខា ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ បាន​បញ្ជាក់​ថា នាពេល​ថ្មីៗ​កន្លងមកនេះ ជនជាប់ចោទ​បានធ្វើ​សកម្មភាព​មួយចំនួន ជាពិសេស​នៅតាម​បណ្ដា​ខេត្ត ឲ្យ​បាន​ចុះ​ជួប​សំណេះ​សំណាល​ជាមួយ​ប្រជាពលរដ្ឋ ក៏ដូចជា​ការ​ប្រមូលផ្ដុំ ជួបជុំ​ជាមួយ​អ្នកគាំទ្រ​របស់​ខ្លួន ក្រោម​រូបភាព​ផ្សេងៗ​។ ដូច្នេះ​ ក្រុមប្រឹក្សា​ជំនុំជម្រះ កត់សម្គាល់​ឃើញ​ថា សកម្មភាព​ទាំងអស់នេះ អាច​នឹង​ឈាន​ទៅ​ហួស​ព្រំដែន ឬ​នាំ​ទៅ​ដល់​ការបំពាន​លើ​កាតព្វកិច្ច​ នៃ​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ដែល​តម្រូវ​ដាក់​លើ​ជនជាប់ចោទ​។​

ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​បាន​រំលឹក​ថា តាម​ចំណុច​២ នៃ​សេចក្ដី​សម្រេច នៃ​ដីកា​បញ្ជូន​ទៅ​ជំនុំជម្រះ​លេខ ៦៤០០ “​គ​” ដ​.​ដ ចុះ​ថ្ងៃ​ទី​០២ ខែ​ធ្នូ ឆ្នាំ​២០១៩ និង​ដីកា​សម្រេច​កែប្រែ​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​លេខ ៨៨០៤ “​គ​” ដ​.​ព​.​ស ចុះ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩ របស់​ចៅក្រម​ស៊ើបសួរ​ នៃ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ បានសម្រេច​បន្ត​ដាក់​ជន​ត្រូវ​ចោទ​ឲ្យ​ជាប់​កាតព្វកិច្ច​ជាក់លាក់​មួយ​ចំនួន ជាពិសេស​ហាម​ជន​ត្រូវ​ចោទ មិន​ត្រូវ​ធ្វើ​សកម្មភាព​នយោបាយ​នោះ​ឡើយ​។​

ក្រុមប្រឹក្សា​ជំនុំជម្រះ​បញ្ជាក់ថា ដើម្បី​ធានាបាន​នូវ​ការ​គោរព​ចំពោះ​កាតព្វកិច្ច​ នៃ​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ក៏ដូចជា​សន្តិសុខ​ផ្ទាល់ខ្លួន និង​ផលប្រយោជន៍​ស្របច្បាប់​របស់​ជនជាប់ចោទ​សម្រាប់​សវនាការ​បន្ត នា​ពេល​ខាងមុខនេះ ក្រុមប្រឹក្សា​ជំនុំជម្រះ ធ្វើការ​ក្រើនរំលឹក ជនជាប់ចោទ​ ត្រូវមាន​ស្មារតី​គោរព​ឲ្យ​បាន​ហ្មត់ចត់​ ម៉ឺងម៉ាត់ និង​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​កាតព្វកិច្ច ដែល​តុលាការ បាន​តម្រូវ​ដាក់​លើ​ជនជាប់ចោទ ដូច​មាននៅ​ក្នុង​ដីកា​សម្រេច​ខាងលើនេះ ហើយ​ដែលមាន​អានុភាព​រហូតដល់​ពេល​សាលក្រម​ត្រូវបាន​ប្រកាស​ស្រប តាម​បញ្ញត្តិ​មាត្រា ៣៥២ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​”​។​

លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ហើយ​ត្រូវបាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ រយៈពេល​ជាង​១​ឆ្នាំ ក្រោម​ការ​ប្រកាន់​ពីបទ “​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​” ក្រោយ​បែកធ្លាយ​វីដេអូ​មួយ ដែល​លោក​សារភាព​ថា លោក​អនុវត្តតាម​ការណែនាំ​ពី​បរទេស ដើម្បី​ធ្វើការ​ផ្លាស់ប្ដូរ​ប្រទេស​កម្ពុជា ដោយ​យក​លំនាំ​តាម​ប្រទេស​យូហ្គោស្លាវី និង​ស៊ែ​ប៊ី​។ ក្រោយមក​ លោក កឹម សុខា ត្រូវ​បាន​តុលាការ​សម្រេច​ឲ្យ​នៅ​ក្រៅ​ឃុំ ស្ថិតនៅ​ក្រោម​ការត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ហើយ​កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​កែសម្រួល​លក្ខខណ្ឌ​ត្រួតពិនិត្យ​នេះ​ឡើងវិញ ដោយ​ហាមឃាត់​សកម្មភាព​មួយ​ចំនួន​ប៉ុណ្ណោះ មាន​ដូចជា មិន​ឲ្យ​ចេញ​ក្រៅ​ប្រទេស មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ និង​ត្រូវ​ឆ្លើយតប តាម​ការ​កោះហៅ​ពី​គ្រប់​សមត្ថកិច្ច​៕

​អត្ថបទ ៖ កោះ​កែវ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114