BREAKING NEWS
Search

ចៅ​ស្រីស្លាប់ តាយាយរងរបួសធ្ងន់ ក្រោយ​ជិះ​ទៅ​បុក​រនាំង​ដែក​

កំពង់ធំ ​៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដ៏​រន្ធត់ ដោយ​លោកតា​ម្នាក់​បើកបរ​ម៉ូតូ ជ្រុល​ទៅ​បុក​រនាំង​ដែក នៅ​រង្វង់​មូល​លោកតា​ក្រហម​ក ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ បណ្តាល​ឲ្យ​ចៅស្រី​អាយុ​៧​ឆ្នាំ​ស្លាប់ ក្រោយ​បញ្ជូន​មកកាន់​មន្ទីរពេទ្យ ខណៈ​លោកតា និង​លោកយាយ​របួសធ្ងន់ ត្រូវ​បញ្ជូន​សង្គ្រោះ​បន្ទាន់​នៅ​ភ្នំពេញ​។​

​បើ​យោង​តាម​របាយការណ៍​របស់​អធិការដ្ឋាន​នគរបាល​ក្រុង​ស្ទឹងសែន បាន​ឲ្យ​ដឹងថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​ព្រឺព្រួច​នេះ បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង​០៨និង៤០​នាទី​ព្រឹក ត្រង់​ចំណុច​រង្វង់​មូល N.6 ភូមិ​ពោធិ៍​បាក់​ក្រង សង្កាត់​ស្រយូវ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ​។ របាយការណ៍​ដដែល បាន​បន្ត​ថា ម៉ូតូ​រងគ្រោះ​ម៉ាក C. 125 ស៊េរី ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1GM-9698 បើកបរ​ដោយ​ឈ្មោះ ឆេង អោ ភេទ​ប្រុស អាយុ​៧៤​ឆ្នាំ រស់នៅ​ភូមិ​ចុង​ដា ឃុំ​ត្បូង​ក្រ​ពើ ស្រុក​សន្ទុក ខេត្ត​កំពង់ធំ មានមុខ​របរ នៅផ្ទះ របួសធ្ងន់​ធ្វើ​ចរាចរណ៍​ពី​លិច​ទៅ​កើត​។ អ្នក​រួម​ដំណើរ​មានឈ្មោះ ងួន ប៉ុ​ម ភេទ​ស្រី អាយុ​៦៣​ឆ្នាំ នៅ​ភូមិ​ចុង​ដា ឃុំ​ត្បូង​ក្រ​ពើ ស្រុក​សន្ទុក ខេត្ត​កំពង់ធំ មុខរបរ​នៅផ្ទះ របួសធ្ងន់ បាក់​ជើង​ឆ្វេង និង​កុមារី​ម្នាក់​មានឈ្មោះ រឿង សៀងលី ភេទ​ស្រី អាយុ​០៧​ឆ្នាំ រស់នៅ​ភូមិ​ទឹក​សិណ ឃុំ​បឹង​ដោល ស្រុក​ព្រះ​ស្តេច ខេត្ត​ព្រៃវែង មុខរបរ​សិស្ស​។​

​បើ​តាម​របាយការណ៍​បាន​បញ្ជាក់​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ បណ្តាល​មក​ពី​អ្នកបើកបរ ខ្វះ​ការប្រុងប្រយ័ត្ន (​បង្ក​ដោយ​ខ្លួនឯង​)​។ ភ្លាមៗ ក្រោយ​ទទួល​បាន​ព័ត៌មាន​ពី​គ្រោះថ្នាក់​ចរាចរណ៍ ឯក ឧត្ដម សុខ លូ អភិបាលខេត្ត​កំពង់ធំ បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច យក​រថយន្ត​ដឹក​ជនរងគ្រោះ​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជាបន្ទាន់​ផង​ដែរ​៕
អត្ថបទ៖ ប៊ុន រដ្ឋា
សូមចុចអាន៖ ​ថៃ​ដោះ​លែង​ពលរដ្ឋ​ខ្មែរ​២៥នាក់ ក្រោយពី​ជាប់​ទោស​ ករណី​លប​លួច​ឆ្លងដែន ​កាប់​ឈើ​ក្រញូង​ខុសច្បាប់