BREAKING NEWS
Search

ជនជាតិ​ចិន​ចំនួន​៣​នាក់​ ត្រូវ​បាន​ចាប់​ខ្លួន​ជា​បន្តបន្ទាប់​ ពាក់ព័ន្ធ​បទល្មើស​ជួញដូរ​គ្រឿងញៀន

ព្រះសីហនុ ​៖ ​កម្លាំង​ការិយាល័យ​បទល្មើស​គ្រឿងញៀន​នៃ​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ដឹកនាំ​ដោយ​វរសេនីយ៍ត្រី ឡុង គឹម​ហួរ នាយការិយាល័យ ក្នុង​រយៈ​២​ថ្ងៃ គឺ​ថ្ងៃ​ទី ៣ និង​ថ្ងៃ​ទី​៥ ខែ កញ្ញា ឆ្នាំ២០២០ នេះ​បាន​ចុះ​ធ្វើការ ចាប់​ខ្លួន​ជនជាតិ​ចំនួន​៣​នាក់​ ពាក់ព័ន្ធ​បទល្មើស​ជួញ​ដូរ​ថ្នាំញៀន​ នៅ​ក្នុង​តំបន់​គ្រប់គ្រង​ដោយ អាជ្ញាធរ​សង្កាត់ លេខ​៤​ក្រុងព្រះសីហនុ​ខេត្ត​ព្រះសីហនុ។

​លោក​វរសេនីយ៍ត្រី ឡុង គឹម​ហួរ នាយ​ការិយាល័យ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៃ​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ បាន​ឲ្យ​ដឹង​ថា ជនជាប់សង្ស័យ​ជា​ជនជាតិ​ចំនួន​៣​នាក់ ខាង​លើ​នេះ​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច កងរាជអាវុធហត្ថ​ចាប់​ខ្លួន​ក្នុង​បទល្មើស​ដាច់ដោយឡែក​ពី​គ្នា ក្នុង​នោះ​ជនជាប់សង្ស័យ​ចំនួន​២​នា​ក់​រួម​មាន​៖ ទី១. ឈ្មោះ សៀវ ឡុង ភេទ​ប្រុស អាយុ​៣០ ឆ្នាំ ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ​។​ស្នាក់នៅ​បណ្ដោះអាសន្ន ក្រុម​៦ ភូមិ ៣ សង្កាត់ ៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​ ទី​២. ឈ្មោះ​ ចាំង អោ​ទី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ​ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ​។ ​ស្នាក់នៅ​បណ្ដោះអាសន្ន​ក្រុម ៦ ភូមិ​៣ សង្កាត់ ៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។

ជនជាប់សង្ស័យ​ទាំង​២​នាក់​ ត្រូវ​បាន​ចាប់​ខ្លួន​ ក្នុង​បទ​ល្មើស​ជាក់​ស្តែង​នៅ​វេលា​ម៉ោង​២៣:០០​នាទី ថ្ងៃ​ទី​៣ ខែ កញ្ញា ឆ្នាំ​២០២០​ នៅ​ត្រង់​ចំណុច​ក្រុម​៦ ភូមិ ៣ សង្កាត់ ៤ ក្រុងព្រះសីហនុ​ខេត្ត​ព្រះសីហនុ​។ ក្រោយពេល​ចាប់​ខ្លួន សមត្ថកិច្ច​បាន​ធ្វើ​ការ​ដកហូត វត្ថុតាង រូ​ម​មាន​៖ ម្សៅ​ពណ៌​ស​ប្រភេទ​ខេ​១៣​កញ្ចប់​ ទម្ងន់​១៩.៧៣​ក្រាម​ទាំង​សម្បក, ២.​ម្សៅ​ស​ថ្លា​ចំនួន​៤៣ កញ្ចប់​ទម្ងន់ ១៣៤.៧៣​ក្រាម​ទាំង​សម្បក, ៣.​ថ្នាំ​គ្រាប់​ពណ៌​ក្រហម​ ចំនួន​៤៩​គ្រាប់​ ទម្ងន់​៥.៧៩​ក្រាម​ទាំង​សម្បក, ៤.​ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក​ ចំនួន​៥១​គ្រាប់​ ទម្ងន់​១២០.៨៤​ក្រាម​ទាំង​សម្បក, ៥.​ថ្នាំ​គ្រាប់​ពណ៌​បៃតង​ ចំនួន​២៩​គ្រាប់​ ទម្ងន់​១១.៦១​ក្រាម​ទាំង​សម្បក, ៦.​ថ្នាំ​កញ្ចប់​ពណ៌​បៃតង​និង​ពណ៌​ស្វាយ​ ចំនួន​១៦​កញ្ចប់ ​ទម្ងន់​១០៤.៨៦​ក្រាម​ទាំង​សម្បក, ៧.​ទូរស័ព្ទ​ចំនួន​២​គ្រឿង, ​៨.​ដែកកេះ​ចំនួន​៨​, ៩.​ជញ្ជីង​ចំនួន​១​, ១០.​ដប​ជក់​ចំនួន​៣, ១១.​ម៉ូតូ​ចំនួន​១​គ្រឿង, ១២.​និង​ថង់​វេច​ខ្ចប់​ថ្នាំញៀន​មួយ​ចំនួន​។

​បច្ចុប្បន្ន ជនជាប់សង្ស័យ​ទាំង​២​នាក់ ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ចាត់ការ​តាម​នីតិ​វិធី​ច្បាប់​ហើយ នា​រសៀល​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០២០​នេះ ក្រោយ​បញ្ចប់​ការ​សាកសួរ។ ដោយឡែក​ជន​ជាប់សង្ស័យ​ម្នាក់ទៀត ឈ្មោះ សៅ យៀន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ចិន មុខរបរ​មិន​ពិត ប្រាកដ​។ ​ស្នាក់នៅ​បណ្ដោះអាសន្ន​ភូមិ​៦​ សង្កាត់​៤​ ក្រុងព្រះសីហនុ​ ខេត្ត​ព្រះសីហនុ​។​ជន​នេះ ​ត្រូវ​បាន​ចាប់​ខ្លួន​នា​វេលា​ម៉ោង​១១:៣០​នាទី ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០២០ នៅ​ត្រង់​ចំណុច​អូ​ត្រេៈ ភូមិ ៦​សង្កាត់ ៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។ ក្រោយពេល​ចាប់​ខ្លួន​សមត្ថកិច្ច ​បាន​ធ្វើ​ការ​ដកហូត វ​ត្តុ​តាង រូ​ម​មាន​៖ ១.​ម្សៅ​ពណ៌ លឿង​នឹង​ពណ៌ ស ប្រភេទ​ខេ​, ២​កញ្ចប់​ទម្ងន់​៤.៣០​ក្រាម​ទាំង​សម្បក, ២.​ម្សៅ ស​ថ្លា​ចំនួន​១ កញ្ចប់ ទម្ងន់​០.៨៦​ក្រាម​ទាំង​សម្បក​, ៣.​ទូរស័ព្ទ​ចំនួន​១​គ្រឿង​។​៤.​ដែកកេះ​ចំនួន​២​។ រហូតមកដល់​ព្រឹក​ថ្ងៃទី​៦​ ខែ​កញ្ញា​នេះ​ ជនជាប់សង្ស័យ ​កំពុង​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ធ្វើការ​សាកសួរ​នៅ​បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ ដើម្បី​បន្ត​នីតិ​វិធី​តាម​ផ្លូវ​ច្បាប់​៕​
អត្ថបទ៖ កោះពស់
សូមចុចអាន៖ មនុស្ស​៣​នាក់​ បាន​ស្លាប់​បាត់​បង់ជីវិត​និង​ម្នាក់​រង់​របួសធ្ងន់ ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​ម៉ូតូ​បុក​គ្នា