BREAKING NEWS
Search

បុរសម្នាក់​លួច​លក់​ថ្នាំញៀន​ជា​ទ្រង់ទ្រាយ​ធំ​ ត្រូវ​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​ដកហូត​ថ្នាំញៀន​ជាង​២​គីឡូក្រាម​

បន្ទាយមានជ័យ ៖ សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ បាន​ឃាត់​ខ្លួន​បុរស​ម្នាក់​ ពី​បទ​ជួញដូរ​គ្រឿង​ញៀន​ជាង២​គីឡូក្រាម កាល​ពី​ថ្ងៃទី​៣ ខែ​កញ្ញា ​ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ចក្រី ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រះ​នេត្រព្រះ ខេត្តបន្ទាយមានជ័យ។

កម្លាំង​ការិយាល័យ​បទល្មើស​គ្រឿងញៀន បាន​សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ ថ​ស្រុក​ព្រះនេត្រព្រះ ​ដឹកនាំ​ដោយ លោក​វរសេនីយ៍ឯក ជា​មេ​បញ្ជា​ការ​រង​កងរាជអាវុធហត្ថ​ ខេត្ត​បន្ទាយមានជ័យ​ ទទួល​ការងារ​គ្រឿងញៀន​ បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​លួច​លក់​គ្រឿងញៀន​ជា​ទ្រង់ទ្រាយ​ធំ​បាន​ម្នាក់ ឈ្មោះ​គឹម​ហួត ភេទ​ប្រុស ​អាយុ​៣៧ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីកន្លែង​កំណើត​រស់នៅ​ភូមិ​សំរោង ឃុំ​តាពូង ស្រុក​បាត់ដំបង ខេត្តបាត់ដំបង បច្ចុប្បន្ន​រស់នៅ​ភូមិ​ដីក្រហម ឃុំ​អន្លង់​លាប​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់​ ក្នុង​នោះ​កម្លាំង​អាវុធហត្ថ​ដកហូត​សម្ភារៈ​និង​ភស្តុតាង​បាន​មួយ​ចំនួន​ មាន​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​ទឹកកក​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន ២ កញ្ចប់​ធំ​ ទម្ងន់​ស្មើនឹង ២.០៦៤​ក្រាម (ជាង​២គីឡូ) រថយន្ត​១​គ្រឿង​ម៉ាក​តូយ៉ូតាកូរ៉ូឡា​ ពណ៌​ប្រផេះ​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2E 3600 ទូរស័ព្ទ​ចំនួន ២ គ្រឿង និង​របស់​ពាក់ព័ន្ធ​ជាច្រើន​ទៀត​។​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​នៅវេលា​ម៉ោង ១០ និង​៣៥​នាទី​ កាល​ពី​ថ្ងៃ​ទី៣ ខែ​កញ្ញា​ ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ចក្រី ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រះ​នេត្រព្រះ ខេត្ត​បន្ទាយមានជ័យ​។​

តាម​ការ​អះអាង​របស់​លោក​ ជា តា​រា ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ដឹង​ថា មុននឹង​បង្ក្រាប​ជន​សង្ស័យ​បាន​នោះ ​កម្លាំង​អាវុធហត្ថ​បាន​ទទួល​ព័ត៌មាន​ពី​បណ្ដាញ​ភ្នាក់ងារ​ផ្ដល់​ព័ត៌មាន​ថា​ នៅ​ចំណុច​ខាងលើ ​មាន​ជនសង្ស័យ​កំពុង​រកស៊ី​ជួញដូរ​គ្រឿងញៀន​ក្រោយពី​ទទួល​ព័ត៌មាន​ហើយ​ កម្លាំង​ជំនាញ​ការិយាល័យ​បទល្មើស​គ្រឿងញៀន​ បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​ឈាន​ដល់​ឃាត់ខ្លួន​ បាន​ជនសង្ស័យ​នៅ​ចំណុច​កើត​ហេតុ​ខាងលើ​ហើយ​ បញ្ជូន​មក​ស្នងការដ្ឋាន​អាវុធហត្ថ​ខេត្ត ​ដើម្បី​សួរនាំ​បន្ត​។​ លោក ​ជា ​ដា​រា ​បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ទៀត​ថា​ តាម​ចម្លើយ​សារ​ភាព​របស់​ជន​សង្ស័យ​បាន​សារ​ភាព​ថា​ គ្រឿងញៀន​ទាំង​អស់​នេះ ​រូបគេ​ស៊ី​ឈ្នួល​កាន់​ឲ្យ​គេ​យក​ទៅ​ឲ្យ​អ្នកទិញ​បន្ត​ចំនួន​២​លើក​មក​ហើយ​ ហើយ​ថ្លៃ​ឈ្នួល​យក​ទៅ​ឲ្យ​គេ​២​លើក​នោះ​បាន​ប្រាក់​ចំនួន​១៥០០​ដុល្លារ​។

​ផ្អែកលើ​ចម្លើយ​សារ​ភាព​ និង​វត្ថុតាង​ខាងលើ​កម្លាំង​អាវុធហត្ថ​ បាន​ធ្វើការ​សន្និដ្ឋាន​ថា ជន​សង្ស័យ​ខាងលើ​ពិតជា​បាន​លួច​ជួញដូរ​គ្រឿងញៀន​ ដោយ​ខុសច្បាប់​ពិតប្រាកដ​មែន​។​ លុះ​ដល់​ព្រឹក​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០២០​នេះ​ នៅ​ក្នុង​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត លោក​អ៊ុំ​ រាត្រី​អភិបាលខេត្ត​បន្ទាយមានជ័យ លោក​ឧត្ដមសេនីយ៍ត្រី​ បោ​ន​ ប៊ិន​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ លោក​ព្រះរាជអាជ្ញា​ខេត្ត​ បាន​ចុះ​មក​ធ្វើការ​ពិនិត្យ​គ្រឿងញៀន​ហើយ​ បាន​ធ្វើ​ការ​សម្របសម្រួល​បន្ទាប់មក​ជនសង្ស័យ​និង​ថ្នាំញៀន​អនុវត្ត​តាម​វិធានការ​ផ្លូវច្បាប់​តែ​ម្តង​៕
អត្ថបទ៖ វ៉ាន់ ណា​ង
សូមចុចអាន៖ ​បាញ់​ស្លាក​ហាង​៤​គ្រាប់ ​​បន្ថយ​កំហឹង បន្ទាប់ពី​អន់ចិត្ត​ម្ចាស់​ហាង​ផឹកស៊ី មើលងាយ​