BREAKING NEWS
Search

រដូវ​បុណ្យទាន ​មកលេង​ផ្ទះ​ សុំ​លុយ​ឪពុក​២​ម៉ឺន​រៀល​ គាត់​មិន​ឲ្យ ​ដុត​ផ្ទះ​ឆេះ​ខ្ទេច​

បាត់ដំបង ៖ ផ្ទះ​មួយ​ខ្នង ត្រូវ​អគ្គិភ័យ​ឆាបឆេះ​​​​គ្មាន​សល់​ ខណៈ​ម្ចាស់​កំពុងតែ​ធ្វើបុណ្យ​នៅ​វត្ត​ ហើយ​ត្រូវ​កូន​លួច​ដុត ព្រោះ​តែ​ខឹង​សុំ​លុយ​មិនបាន​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​ករណី​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ យប់​ថ្ងៃ​ទី​១៥ ​ខែ​កញ្ញា ​ឆ្នាំ​២០២០​ ស្ថិត​ក្នុង​ចំណុច​ភូមិ​អូរ​ត្រាវ​ជូរ​ ឃុំ​សិរី​មានជ័យ ​ស្រុក​សំពៅ​លូន​ ខេត្ត​បាត់ដំបង​។​

សមត្ថកិច្ច​ឲ្យ​ដឹង​បន្ត​ថា ​ផ្ទះ​០១​ខ្នង​ដែល​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​ទាំងស្រុង​មាន​ទំហំ​៥​ម​x៤​ម​ ធ្វើ​អំពី​ឈើ​ ដំបូល​ប្រក់​ស័ង្កសី​ ម្ចាស់​ឈ្មោះ​ ស៊ឹម រឿន​ ភេទ​ប្រុស ​អាយុ​៦១​ឆ្នាំ​ និង​ប្រពន្ធ​ឈ្មោះ​ ទិន​ ភាព​អាយុ​៥១​ឆ្នាំ ​ស្នាក់នៅ​ទីកន្លែង​កើតហេតុ​ខាងលើ​។​ រីឯ​សម្ភារៈ​ដែល​នៅ​ក្នុង​ផ្ទះ​រួមមាន ៖ ​អង្ករ​កន្លះ​ការុង ​ចាន ឆ្នាំង ​កន្ទេល ​មុង​ ភួយ​ និង​ខោអាវ​ ក៏ត្រូវ​បាន​ឆេះ​គ្មាន​សល់​ផង​ដែរ​ តែ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ណា​ម្នាក់​នោះ​ទេ​។​

សមត្ថកិច្ច​បញ្ជាក់​ថា ​មូលហេតុ​ នៃ​ការ​ឆេះ​នេះ​ បង្កឡើង​ដោយ​កូន​របស់​ជនរងគ្រោះ ​ឈ្មោះ​ រឿន​ រ៉ា​ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គុ​ត្តា​សត​ ស្រុក​ម៉ាល័យ​ ខេត្ត​បន្ទាយមានជ័យ ​ជា​អ្នក​ដុត​ហើយ​បាន​រត់​គេច​ខ្លួន​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ​មុន​កើតហេតុ​ កូនប្រុស​របស់​ជនរងគ្រោះ​ បាន​សុំ​លុយ​ឪពុក​ខ្លួន​ចំនួន​២០ ០០០ ​រៀល​ តែ​គាត់​មិន​ឲ្យ​។ ពេល​គាត់​ពីរ​នាក់​ប្តី​ប្រពន្ធ​ចេញទៅ​វត្ត​បាត់អស់​ ​កូន​នៅ​ម្នាក់ឯង​ក៏បាន​ធ្វើ​សកម្មភាព​ដុត​ផ្ទះ​តែម្តង​។ កូន​របស់​ជនរងគ្រោះ​ ជា​អ្នក​សេព​គ្រឿង​ញៀន​។

​ក្នុង​ហេតុការណ៍​នេះ​ សមត្ថកិច្ច​បញ្ជាក់​ថា ​ភ្លាមៗ​នោះ ​ពុំ​បាន​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ទេ​ ដោយ​សារ​ផ្លូវ​ឆ្ងាយ​ នៅ​តំបន់​ដាច់ស្រយាល។​ ​ផ្លូវ​ពិបាក​ បើសិនជា​ចេញ​ ក៏​មិនទាន់​ពេលវេលា​ដែរ​៕
អត្ថបទ ៖ ​សៅ សារិទ្ធ​

សូមចុចអាន ៖ បុរស​រត់​កង់បីឥណ្ឌា២​នាក់ ត្រូវ​ស្ត្រី​២​នាក់ ដាក់​ថ្នាំ​សណ្ដំ​​ក្នុង​ស្រា​បៀ​ ​យក​អស់​លុយ​ និង​ចិញ្ចៀន​មាស​ពី​ខ្លួន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114