BREAKING NEWS
Search

ករណី​បាញ់​សង្សារ​ស្លាប់​លើ​រថយន្ត​ ជនសង្ស័យ​ ទៅ​សារភាព​ជាមួយ​អាវុធហត្ថ​ស្រុក​ឧត្តុង្គ​ ត្រូវ​​សមត្ថកិច្ច​បញ្ជូន​​មក​ខេត្ត​កំពង់ឆ្នាំង​វិញ​

កំពង់ឆ្នាំង ៖ ជនសង្ស័យ​ម្នាក់ និង​មិត្តភ័ក្ដិ​ម្នាក់ រួម​នឹង​សព​នារី​រង​គ្រោះជា​សង្សារ ត្រូវ​បាន​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ បញ្ជូន​មកកាន់​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង​វិញ កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២០។

ក្នុង​នោះ បន្ទាប់ពី​ជនសង្ស័យ​ ​ផ្ទុះ​អាវុធ​ខ្លី​មួយ​គ្រាប់​ត្រូវ​សង្សារ​របស់​ខ្លួន​ស្លាប់​ក្នុង​រថយន្ត​ កាលពី​វេលា​ម៉ោង០១​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃទី​១៦​កញ្ញា នៅមុខ​សាលាខេត្ត ក្នុង​ក្រុង​កំពង់ឆ្នាំង​។​

សមត្ថកិច្ច ​ក្នុង​គណៈកម្មការ​ចម្រុះ ​ដឹកនាំ​ដោយ លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង និង​លោក​ឧត្ដមសេនីយ៍​ត្រី សាក់ សា​រ៉ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង ក្នុង​ពេល​រួមគ្នា​ ពិនិត្យ​ធ្វើ​កោសល្យវិច័យ​លើ​សព​នារី​រងគ្រោះ ​ជាមួយ​គ្រូពេទ្យ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹង​ថា នារី​រងគ្រោះ​មានឈ្មោះ ធី លី​ស្សា អាយុ​១៨​ឆ្នាំ ទីលំនៅ​ខេត្ត​សៀមរាប។ ករណី​នេះ មកដល់​ម៉ោង៩​និង​៣០​នាទី ​ព្រឹក​ថ្ងៃទី​១៦ ខែ​កញ្ញា​ ក្រុម​គ្រួសារ បានដឹង​ពី​ការ​ស្លាប់​របស់​កូនស្រី​ហើយ និង​កំពុងតែ​ធ្វើដំណើរ​មក​ទទួលយក​សព​នារី​រងគ្រោះ ដែល​តម្កល់​ទុក​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា តាម​ចម្លើយ​របស់​ជនសង្ស័យ​ ជាមួយ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​កំពង់​ស្ពឺ និយាយ​ថា​ ៖ កាលពី​វេលា​ម៉ោង​ជាង​១​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២០ បុរស​ជា​ជនសង្ស័យ​ឈ្មោះ ទាក់ ឌី អាយុ​២៨​ឆ្នាំ រស់នៅ​រាជធានី​ភ្នំពេញ មុខរបរ​លក់ដូរ​អចលនទ្រព្យ បាន​បើកបរ​រថយន្ត​ម៉ាក Lexus RX200T ពណ៌​ក្រហម ដឹក​មនុស្ស​២​នាក់ គឺ​ ឈ្មោះ ណ​យ ប៉ូ​រ៉ា ជា​មិត្តភ័ក្ដិ និង​នារី​ម្នាក់​ជា​សង្សារ​ ឈ្មោះ ធី លី​ស្សា អាយុ​១៨​ឆ្នាំ ធ្វើដំណើរ​ចេញពី​ខេត្ត​សៀមរាប ​កាល​ពី​​ល្ងាច​ថ្ងៃ​ទី​១៥​កញ្ញា តាម​ផ្លូវ​ជាតិ​លេខ​៥ ឆ្ពោះ​ទៅ​ទីក្រុង​ភ្នំពេញ។

សមត្ថកិច្ច​ បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា លុះ​ធ្វើដំណើរ​មកដល់​មុខ​សាលាខេត្ត ក្នុង​ក្រុង​កំពង់ឆ្នាំង ឈ្មោះ ធី លី​ស្សា ជា​សង្សារ​ បាន​ឈោង​ទាញ​កាំភ្លើងខ្លី​ម៉ា​កឡុក​( ZORAKI M9o-TD ) ពីលើ​តាប​ឡូ​រថយន្ត​មក​លេង។ ​ឃើញ​បែប​នេះ ឈ្មោះ ទាក់ ឌី បាន​ឈោង​ទាញ​ដៃ​សង្សារ​កុំ​ឲ្យ​លេង​កាំភ្លើង ស្រាប់តែ​ពេល​នោះ​ រថយន្ត​ បាន​រេ​ចង្កូត​ទៅ​បុក​នឹង​ខឿន​ផ្លូវ​ បណ្តាល​ផ្ទុះ​កាំភ្លើង​១​គ្រាប់​ចំ​ដោះ​ខាងឆ្វេង បណ្តាល​ឲ្យ​នារី​រងគ្រោះ​ស្លាប់​ភ្លាមៗ​តែម្ដង​ក្នុង​រថយន្ត​។ ក្រោយពី​បាន​ដឹង​ថា សង្សារ​ខ្លួន​បាន​ស្លាប់ ឈ្មោះ ទាក់ ឌី បាន​បើក​រថយន្ត​របស់​ខ្លួន​ចូល​ទៅ​ក្នុង​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ស្រុក​ឧ​ត្តុ​ង្គ ខេត្ត​កំពង់​ស្ពឺ ដើម្បី​សារភាព​ពី​រឿងហេតុ​ដែល​បាន​កើតឡើង។​

ដោយឡែក ​ក្រោយពី​សមត្ថកិច្ច​ចម្រុះ​ខេត្ត​កំពង់ឆ្នាំង ត្រួតពិនិត្យ​ធ្វើ​កោសល្យវិច័យ​លើ​សព​នារី​រង​គ្រោះ​រួចមក បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ នារី​រងគ្រោះ​បាន​ត្រូវ​គ្រាប់​ចំ​ក្រោម​ចុង​ដោះ ២​សង់ទីម៉ែត្រ ផ្នែក​ខាង​ឆ្វេង និង​បាន​បៀម​ក្បាល​គ្រាប់​ក្នុង​ទ្រូង។ ចំណែក​សំបក​គ្រាប់កាំភ្លើង​ឡុ​ក​១​គ្រាប់ ត្រូវ​បាន​រក​ឃើញ​ក្នុង​កន្លុក​ចង្កឹះ​លេខ​ នៃ​រថយន្ត។

ជុំវិញ​ករណី​នេះ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង នឹង​បន្ត​ធ្វើ​ការសាកសួរ និង​ស្រាវជ្រាវ ទៅ​លើ​ជនសង្ស័យ​បន្ត​ទៀត​តាម​នីតិ​វិធី ដើម្បី​រក​ឲ្យ​ឃើញ​ថា នារី​រងគ្រោះ​បាន​ស្លាប់​ដោយសារ​ការ​រាល​កាំភ្លើង ឬ​ជា​អំពើ​ឃាតកម្ម។ ​តើ​ជនសង្ស័យ​បាន​អាវុធ​ខ្លី​ម៉ា​កឡុក​នេះ​ពី​ណា​មក​​ប្រើប្រាស់? តើ​មាន​ច្បាប់​ ឬ​អត់​ច្បាប់? ពេល​ទទួល​បាន​ព័ត៌មាន​ច្បាស់លាស់ កម្ពុជា​ថ្មី នឹង​រាយការណ៍​ជូន​បន្ថែម​ទៀត៕
​អត្ថបទ ៖ ឈៀង ថា​រិ​ទ្ធ ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114