BREAKING NEWS
Search

ព្រះសង្ឃ​៤៨ អង្គ​សង្ស័យ​កើត​ជំងឺ គ្រុន​ឈី​ក ជំងឺ​ផ្តាសាយ​ធំ​ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ដឹក​យក​ទៅ​សង្គ្រោះ​ នៅ​មន្ទីរពេទ្យ​ខេត្ត​កម្ពុជា​ជប៉ុន​

​បន្ទាយមានជ័យ​ ៖ ព្រះសង្ឃ​ចំនួន​៤៨ អង្គ​កំពុង​មាន​បញ្ហា​គេ​សង្ស័យ​ថា​ ប្រហែល​កើត​ជំងឺ​​ផ្តាសាយ​ធំ​និង​ជំងឺ​គ្រុន​ឈី​ក ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ជួយ​ដឹក​បញ្ជូន​ទៅ​មន្ទីរ​ ខេត្ត​មង្គល​បូរី​សង្គ្រោះ​នៅ​វេលា​ម៉ោង ៨​យប់ ថ្ងៃទី​១៤ ខែ​កញ្ញា ​ឆ្នាំ២០២០។​

លោ​ក ឡេ​ ច័ន្ទ​សង្វាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ​ បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹង​ថា ​ព្រះសង្ឃ ​ដែល​សង្ស័យ​កើត​ជំងឺ​គ្រុន​ឈី​ក​នោះ នៅ​វត្ត​បឹង​ត្រស់ ស្ថិតនៅ​ភូមិ បឹង​ត្រស់ ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បូរី មាន​ព្រះសង្ឃ​ជាច្រើន​អង្គ​ មាន​រោគសញ្ញា គ្រុនក្តៅ ខ្លះ​ក្តៅ​ញាក់ វិលមុខ​ឈឺក្បាល និង​ពិបាក​ដកដង្ហើម​ក្រោយពី​ចេញ​រោគសញ្ញា ហើយ​លោក បាន​ចាត់​បញ្ជូន​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​មណ្ឌល​សុខភាព អូរ​ប្រាសាទ ចេញទៅ​ដឹក​មក​ព្យាបាល​នៅ​ពេទ្យ​ខេត្ត​មង្គល​បូរី​អស់ហើយ​។ ​លោ​កឡេ​ច័ន្ទ​សង្វាត​បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ​ព្រះសង្ឃ​សង្ស័យ​ថា​ កើត​ជំងឺ​គ្រុន​ឈី​ក​នេះ ​ចាប់​ផ្តើម​កើត​នៅ​ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២០ មាន​ព្រះសង្ឃ ចំនួន​១៣​អង្គ ហើយ​ត្រូវ​បាន​ព្រះ​ចៅអធិការ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​បង្អែក ថ្មគោល ដោយសារ​មាន​រោគសញ្ញា ក្តៅខ្លួន ឈឺក្បាល វិលមុខ និង ចំនួន​ព្រះសង្ឃ​១៣​អង្គ​ទៀត ត្រូវ​បាន​បញ្ជូន មក​មន្ទីរពេទ្យ​ខេត្ត​មង្គល​បូរី​។

​លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ​ក្រុមការងារ​មន្ទីរ​សុខាភិបាល​ខេត្ត ដឹកនាំ​ដោយ​រូបលោក​ផ្ទាល់ បាន​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​ពិនិត្យ និង​ចាត់ចែង ដោយ​ត្រូវ​បូម​ឈាម រកមើល​ករណី គ្រុន​ឈី​ក គ្រុនឈាម​អស់ហើយ ព្រឹកស្អែក​អាច​ឈាន​ទៅ​យក​សំណាក ក្នុង​ករណី​សង្ស័យ​ក្តៅ​ខ្លួន ច្រើន​ថ្ងៃ ឬ កម្ដៅ​មិន​ចុះ ​រក​មើល​វីរុស​កូ​វីដ​១៩​ជាដើម​។​ លោក​បាន​បញ្ជាក់​ទៀត​ថា ​តាម​ការ​សន្និដ្ឋាន បឋម អាច​ជា​ជំងឺ​ផ្តាសាយ​ធំ ឬ គ្រុន​ឈី​ក ហើយ​ក្រុម​ការងារ​កំពុង​ពិនិត្យ និង​តាមដាន សុខភាព ឬ​ការវិវត្តន៍​នៃ​ជំងឺ​។ ក្នុងចំណោម ព្រះសង្ឃ​ចំនួន​៤៨​អ​ង្គ​ខាងលើ មិន​មាន​ករណី​ធ្ងន់ធ្ងរ គួរ​ឲ្យ​កត់សំគាល់​ទេ​ ក្នុង​នោះ​លោក​បាន​ធ្វើ​ការ​សំណូមពរ​ដល់​បងប្អូន ប្រជាពលរដ្ឋ​យើង​ទាំងអស់​ប្រុង​ប្រយ័ត្ន អំពី​ការថែទាំ​សុខភាព ការ​បង្ការ​ពី​វីរុស​កូ​វីដ​១៩ និង​ជំងឺ​ឆ្លង​ដទៃ​ទៀត ក្នុង​អំឡុង កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ពិសេស​តាម​វត្ត​អារាម​សូម​អំពាវនាវ​ឲ្យ​មាន​ការរៀបចំ​ទីកន្លែង ត្រួតពិនិត្យ​សុខភាព ប្រជាពលរដ្ឋ ការ​រក្សា​សុវត្ថិ​សង្គម អនាម័យ ខ្លួនប្រាណ​ជាដើម តាម​វិធាន​ក្រសួងសុខាភិបាល ក្នុង​ករណី​សង្ស័យ ឬ មាន​បញ្ហា​សុខភាព កើតឡើង សូម​អញ្ជើញ ទៅកាន់​មណ្ឌល​សុខភាព ឬ មន្ទីរពេទ្យ​ដែល​នៅ​ជិត​បំផុត ឬ​ទូរស័ព្ទ​មក​លេខ​១១៥៕
អត្ថបទ៖ វ៉ាន់​ណា​ង
សូមចុចអាន៖​​ កងទ័ព​មួក​ខៀវ​កម្ពុជា​១៣៩​នាក់​ មកពី​ម៉ាលី ​ត្រូវ​ប​ញ្ជូន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​