BREAKING NEWS
Search

គួរបំភ្លេចសង្សារចាស់យ៉ាងម៉េច?

វិទ្យាសាស្រ្តបង្ហាញថាការបែកបាក់ស្នេហាខ្លះពិតជាឈឺចាប់ណាស់ ដែលអាចប្រៀបធៀបទៅនឹងការបាត់បង់សមាជិកគ្រួសារដែរ។ មានមនុស្សមួយចំនួននិយាយថា “ ទុកឲ្យពេលវេលាជាអ្នកព្យាបាលការឈឺចាប់ទៅចុះ” ។ ប៉ុន្តែវាមិនងាយនោះទេ បើអ្នកបណ្ដោយទៅតាមពេលវេលា។ ប្រសិនបើអ្នកពិតជាចង់ជាសះស្បើយពីការឈឺចាប់ពិតមែន សូមបង្កើតយុទ្ធសាស្រ្តនិងដាក់ផែនការឲ្យត្រឹមត្រូវ ដើម្បីចៀសវាងការរងទុក្ខរយៈពេលយូរ។ ខាងក្រោមនេះជាសកម្មភាពទាំង ៨ ជំហាន អាចជួយអ្នកឲ្យឆាប់ភ្លេចអតីតកាលដ៏ឈឺចាប់បានលឿន៖

១.ទុកពេលឲ្យឈឺបន្តិចសិនហើយទទួលយកការពិត

ខួរក្បាលរបស់យើងភ្ជាប់ការបែកបាក់ជាមួយនឹងការឈឺចាប់។ តាមពិតភាពទុក្ខវេទនានៃផ្លូវចិត្តអាចជាការរំជួលចិត្តខ្លាំងណាស់ ជាពិសេសករណីគូស្វាមីភរិយាទើបតែបែកគ្នា។ ជាការល្អក្នុងការឆ្លងកាត់ពេលវេលានៃទុក្ខសោកសៅទាំងឡាយនេះ អ្នកគ្រាន់តែទទួលយកការពិត ថាអ្វីៗបានដល់ទីបញ្ចប់ហើយ។

២. កុំធ្លាក់ចូលក្នុងអន្ទាក់នៃទំនាក់ទំនងម្ដងទៀតហើយម្ដងទៀត

ទំនាក់ទំនងទាំងអស់មិនមែនសុទ្ធតែល្អឥតខ្ចោះទេ។ បន្ទាប់ពីការបែកបាក់ អ្នកតែងមានទំនោរភ្លេចថាខ្លួនឯងរឹងមាំ ដោយបណ្ដោយឲ្យភាពផ្អែមល្ហែមនៃទំនាក់ទំនងពីអតីតមកគ្រប់គ្រងបច្ចុប្បន្ន។

ជំនួសឱ្យការលើកការរំឮកអតីតកាលល្អៗ សូមព្យាយាមសរសេរអ្វីទាំងអស់ ដែលធ្វើឱ្យទំនាក់ទំនងបរាជ័យ។ ពិចារណាពីអាកប្បកិរិយា និងគុណវិបត្តិរបស់អ្នក។ វាអាចប្រហែលមិនមែនជាពេលវេលាត្រឹមត្រូវទេសម្រាប់អ្នកទាំង២ ឬអ្នកទាំង២មានគោលដៅផ្សេងគ្នាជា។ល។ សរសេរបញ្ជីនោះដាក់ត្រង់ណាដែលអាចមើលឃើញច្រើនបំផុត។ ដូច្នេះរាល់ពេលដែលអ្នក “មានអារម្មណ៍ថាត្រូវការគេ” អ្នកគួរអាននូវអ្វីដែលអ្នកបានសរសេរ ដើម្បីឲ្យអ្នកចាំពីមូលហេតុ ដែលវាមិនសមនឹងការព្យាយាមម្ដងទៀត។

៣. ផ្លាស់ប្តូរផ្នត់គំនិតនិងសម្ព័ន្ធមិត្តរបស់អ្នក

ព្យាយាមផ្លាស់ប្តូរផ្នត់គំនិតរបស់អ្នក ដែលគិតថា គ្មានគេអ្នកគ្មានអ្នកណាទៀត។ ផ្តាច់ខ្លួនចេញពីពួកគេឲ្យបាន ដោយជំនួសវិញជាមួយមនុស្សដែលនៅជិតអ្នក ជាពិសេសមនុស្សដែលស្រឡាញ់អ្នកដោយគ្មានលក្ខខណ្ឌដូចជា ឪពុកម្តាយ បងប្អូន ឬមិត្តភក្ដិ។ ពួកគេអាចជួយអ្នកឱ្យចងចាំថា អ្នកជានរណា។ ចំណាយពេលឲ្យបានច្រើនជាមួយពួកគេ និងបណ្តុះខួរក្បាលរបស់អ្នកឱ្យយល់ច្បាស់ថា ភាពស្និទ្ធស្នាលមិនចាំបាច់មកពីតែពីគេទេ។

៤. បដិសេធសំណើរដែលគេ សុំធ្វើជាមិត្ត

គេអាចនិយាយថា “ យើងនៅតែអាចធ្វើជាមិត្តបាន” ។ ទោះបីអ្នកផ្តាច់ទំនាក់ទំនងដោយលក្ខខណ្ឌល្អឬមិនល្អក៏ដោយ អ្នកមិនអាចក្លាយជាមិត្តភ្លាមៗបានទេ។ ការបង្កើតមិត្តភាពស្និទ្ធស្នាលនៅពេលដែលបេះដូងនៅឈឺ នឹងនាំឱ្យមានការឈឺចាប់ទ្វេរដង ការថប់បារម្ភ និងបទពិសោធន៍បែកបាក់កាន់តែអាក្រក់។ ព្រោះតែមិត្តភាពហ្នឹងហើយ ដែលបណ្តាលឲ្យយើងទាំងពីរគ្មានមនោសញ្ចេតនាចំពោះគ្នាទៅវិញទៅមកតទៀតបាន។ ដូច្នេះហើយអ្នកមិនគួរធ្វើជាមិត្តនឹងគេទេ។

៥. ព្យាយាមផ្ដាច់ទំនាក់ទំនងទាំងស្រុងជាមួយគេ

នៅពេលដែលអ្នកបែកគ្នា សូមព្យាយាមកុំទាក់ទងទៅគេតាមមធ្យោបាយណាមួយឡើយ។ កុំខលទៅ កុំអ៊ីមែល និងកុំផ្ញើសារទៅគេឲ្យសោះ។ ត្រូវប្រាកដថា គេនឹងគ្មានវត្តមាននៅក្នុងបណ្ដាញសង្គមរបស់អ្នកទេ។

អ្នកត្រូវមានភាពរឹងមាំ ដើម្បីទទួលបានជោគជ័យលើការភ្លេចគេ។ បើសិនជាគេចង់បង្កើតទំនាក់ទំនងជាមួយអ្នកឡើងវិញ អ្នកត្រូវពន្យល់ពីមូលហេតុដែលវាមិនមានប្រយោជន៍ចំពោះអ្នកទាំងពីរ។ ជំនួសឱ្យការផ្ញើសារទៅគេ ឬឆ្លើយតបការហៅទូរស័ព្ទរបស់គេ សូមព្យាយាមទូរស័ព្ទទៅមិត្តភក្តិអ្នកវិញ។

៦. បំភ្លេចការទាក់ទងទៅមិត្តភក្តិ និងក្រុមគ្រួសាររបស់គេ

ឆ្លងកាត់ទំនាក់ទំនងកន្លងមក អ្នកចំណាយពេលច្រើនជាមួយមិត្តភក្តិ និងក្រុមគ្រួសាររបស់ដៃគូ ដែលទីបំផុតពួកគេក៏ក្លាយជាអ្នកស្និទ្ធស្នាលជាមួយអ្នក។ ប៉ុន្តែនៅពេលដែលអ្នកបែកគ្នា វាជាគំនិតល្អក្នុងការជៀសវាងពីការជួបពួកគេឬទាក់ទងពួកគេ។ នៅពេលអ្នកជួបពួកគេ អ្នកប្រាកដជាមិនត្រឹមតែចង់សួរអំពីគេប៉ុណ្ណោះទេ ប៉ុន្តែពួកគេអាចរំឮកពីអតីតរបស់អ្នកជាមួយគេផងដែរ។ ជួនកាលពួកគេ អាចសុំអ្នកឲ្យត្រូវរ៉ូវគ្នាជាមួយគេវិញ។

៧. នៅឲ្យឆ្ងាយពីអ្វីដែលរំឮកអ្នកពីគេ

ជម្រះអ្វីៗទាំងអស់ដែលធ្វើឲ្យមានការប៉ះទង្គិចផ្លូវចិត្តអ្នក ដោយបោះចោល បរិច្ចាគ ឬលាក់អ្វីៗទាំងអស់ដែលរំឮកអ្នកពីគេ។ លុបសារមនោសញ្ចេតនាផ្អែមល្ហែម សូម្បីតែរូបថតនៅលើទូរស័ព្ទដៃក៏ដោយ។ អ្នកនឹងនឹកអតីតរបស់អ្នក ហើយចាប់ផ្តើមស្រមើស្រមៃអំពីជីវិតដ៏ស្រស់បំព្រងជាមួយគេ។ ដូច្នេះវិធីនេះ ជួយមិនឲ្យអ្នករឮកគេទៀតឡើយ។

៨. ស្វែងរកអ្វីដែលថ្មីៗ

ប្ដូរពីពេលវេលាដែលអ្នកធ្លាប់ចំណាយជាមួយគូ ដោយធ្វើអ្វីដែលអ្នកពេញចិត្តម្ដងវិញ។ អ្នកអាចចុះឈ្មោះរៀនរាំឬតន្ត្រី ចូលរួមក្នុងក្លឹបសៀវភៅ សាកល្បងអ្វីថ្មីរាល់ថ្ងៃ ឬស្គាល់មនុស្សថ្មីបន្ថែមទៀត។ ចូរស្វែងរកនូវទេពកោសល្យដែលជាចំណង់ចំណូលចិត្តរបស់អ្នក ហើយបង្កើតវាជាសកម្មភាពដើម្បីឲ្យអ្នករីករាយ ទោះបីជាអ្នកគ្មានវត្តមានគេ ៕

ប្រែសម្រួល៖ សន្យា