BREAKING NEWS
Search

វិធី​ចិញ្ចឹម​អង្ក្រង​យក​ពង ​ស្រស់​ឬ​ជ្រក់​លក់ ដើម្បី​បង្កើន​ជីវភាព​គ្រួសារ​

​ភ្នំពេញ ៖​ ការ​ចិញ្ចឹម​អង្ក្រង​យក​ពង​លក់ ស្តាប់​ទៅ​ហាក់​ដូច​ជា​ចម្លែក​បន្តិច មិន​គួរ​ឱ្យ​ជឿ តែ​វា​ជា​ការ​ពិត​ដែល​គេ​កំពុង​ប្រកប​មុខ​បរ​ចិញ្ចឹម​អង្ក្រង​នេះ​យ៉ាង​កាក់កប។​ អង្ក្រង ​ត្រូវ​បាន​គេ​ប្រើប្រាស់​ធ្វើជា​គ្រឿង​កម្ចាត់​សត្វល្អិត​ចេញពី​ដំណាំ អស់​កាល​ជាច្រើន​ពាន់​ឆ្នាំ​មក​ហើយ នៅ​ក្នុង​ប្រទេស​ចិន​។ ដោយ​បង្កើត​ឲ្យ​មាន​សំបុក​អង្ក្រង ​នៅ​តាម​ដើមឈើ​យក​ផ្លែ តាមរយៈ​ការ​ចងខ្សែ​បន្ត​ពី​ដើមឈើ​មួយ​ទៅ​ដើមឈើ​មួយទៀត ​សម្រាប់​ឲ្យ​អង្ក្រង​វា​បង្កើត​សំបុក​ថ្មី​នៅ​លើ​ដើមឈើ​ថ្មី​។​

ក្រៅពី​ ត្រូវ​បាន​ប្រើ​ធ្វើជា​អ្នក​កម្ចាត់​សត្វល្អិត​យ៉ាង​មាន​ប្រសិទ្ធិ​ភាព ក្នុង​ចម្ការ​ដំណាំ​ពង​អង្ក្រង គឺជា​អាហារ​ពិសេស​ម្យ៉ាង ​មាន​ឱជារស​យ៉ាង​ឆ្ងាញ់​ពិសា ត្រូវ​បាន​ពលរដ្ឋ​នៅ​ក្នុង​តំបន់​ត្រូ​ពិ​ក​និយម​ចូលចិត្ត សូម្បី​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ក៏ដោយ​។ ពង​អង្ក្រង​ នៅ​ក្នុង​ទីផ្សារ​សព្វថ្ងៃ ពង​អង្ក្រង​ថ្មី មានតម្លៃ​រហូតដល់​មួយ​គីឡូ​ជាង​២​ម៉ឺន​រៀល​រីឯ​ពង​អង្ក្រង​ជ្រក់​រួច មានតម្លៃ​ច្រើនជាង​នេះ​។​
សូម​យក​ទៅ​ពិចារណា​ចុះ​ថា តើ​វា​អាច​ឲ្យ​យើង​រក​ចំណូល​បាន​ដែរ​ឬទេ​? បើសិនជា​មួយថ្ងៃ​អាច​រក​ពង​បាន​ទៅ​១០​គីឡូក្រាម​ តើ​ចំណូល​១​ខែ​មិន​ស្មើនឹង​៣​លាន​រៀល​ទៅ​ហើយ ដើម្បី​ចិញ្ចឹម​អង្ក្រង​យក​ពង គឺជា​រឿង​មួយ​ងាយស្រួល​បំផុត ទោះបី​មាន​ចម្ការ​ខ្លួនឯង​ក្តី គ្មាន​ក្តី​មិន​មែន​ជា​បញ្ហា​ឡើយ ព្រោះ​នៅ​តាម​ព្រៃ​ជាយៗ​ភូមិ ​តែង​មាន​ដើមឈើ​មាន​សម្បុក​អង្ក្រង​នៅ​ទីនោះ​ស្រាប់ បើ​នៅ​តាម​ចម្ការ​តែង​មាន​ដើម​ស្វាយ ឬ​ដើមឈើ​ផ្សេងៗ យើង​គ្រាន់តែ​យក​ខ្សែ​មក​ចង​ពី​ដើមឈើ​មួយ​ទៅ​ដើមឈើ​មួយទៀត គឺជា​ការ​ស្រេច​។ ចំពោះ​ចំណី​របស់​វា​វិញ យើង​អាច​យក​កាកសំណល់​ត្រី​សាច់​ពី​ផ្ទះបាយ​ដាក់​លើ​អ្វីមួយ ទៅ​ចង​ព្យួរ​លើ​ដើមឈើ​ឲ្យ​បាន​ច្រើន​ដើម នោះ​ការពង្រីក​សម្បុក​របស់​វា​ក៏​មាន​ច្រើន​តាម​នោះ​ដែរ​។​

បើ​ដើមឈើ​ណា​គ្មាន​អង្ក្រង​ចូល​យក​ចំណី​ទៅ​ដាក់​ព្យួរ​ នៅ​លើ​ដើមឈើ​នោះ រួច​យក​សំបុក​អង្ក្រង​មួយ​ទៅ​ដាក់​ត្រង់​ទី​ ដែល​បាន​ដាក់​ចំណី​នោះ វា​នឹង​បង្កើត​សំបុក​នៅ​លើ​ដើមឈើ​នោះ​មិន​ខាន​។​ យើង​អាច​ដាក់​ចំណី​រាល់ថ្ងៃ ឬ​រៀងរាល់​៥​ថ្ងៃ​ម្តង​ក៏បាន ដោយ​ចង​ចំណី​នៅ​លើ​ខ្សែ ដែល​បាន​ចង​បន្ត​ពី​ដើម​មួយ​ទៅ​ដើមឈើ​មួយទៀត​។ អង្ក្រង​វា​បង្កើត​ពង​លឿន​ណាស់ ក្នុង​មួយ​សំបុក​ជួនកាល​អាច​ប្រមូល​ពង​បាន​រហូត​មួយ​គីឡូក្រាម​ក៏​មាន ក្នុង​រង្វង់ ២០​ថ្ងៃ​ម្តង​។ ការ​ផ្តល់​ចំណី​ឲ្យ​បាន​ទៀងទាត់​ធ្វើ​ឲ្យ​វា​ពង្រីក​សំបុក​បាន​លឿន និង​បង្កើត​សំបុក​ថ្មី​ក៏​ច្រើន​ដែរ​។ ការ​យក​ពង​អង្ក្រង​ មិន​ចាំ​បាច់​បំផ្លាញ​សំបុក​វា​ទាំងមូល​ឡើយ គឺ​ទុក​ពីក្រោម​សំបុក យក​តែ​ពង​វា​បាន​ហើយ ពងអង្ក្រង​ដែល​យក​បាន អាច​លក់​ឲ្យ​គេ​ឆៅ ឬ​ជ្រក់​លក់​ខ្លួនឯង​ក៏បាន វា​អាច​ជា​ការ​រក​ចំណូល​មួយ​ជា​បន្ថែម​ក្រោយពី​ទំនេរ​ពី​ការងារ​ធម្មតា៕
អត្ថបទ៖ ឌី​រៀ
សូមចុចអាន៖​ ប្រជាកសិករ​នៅ​ស្រុក​ឯក​ភ្នំ ដំណាំ​សាលាដ​បាន​ផល​ល្អ តាម​បច្ចេកទេស​កសិកម្ម​ថ្មី​ដែល​ធន់​ទៅ​នឹង​ការប្រែប្រួល​អាកាសធាតុ