BREAKING NEWS
Search

អាជ្ញាធរ​មូលដ្ឋាន​នឹងប្រឈមមុខប្រសិន​រកឃើញ​ករណីមិនប្រក្រតីលើការផ្តល់ប្រាក់ជូនពលរដ្ឋ​ក្រីក្រ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច តេជោ ហ៊ុន សែន ប្រកាសចាត់​វិធានការណ៍​ក្ដៅ​និងមិនមាន​ការ​លើកលែង​ប្រសិនបើរកឃើញថា នៅក្នុងភូមិ និងឃុំ/សង្កាត់មួយណា មានករណីមិនប្រក្រតី នៃ“កម្មវិធីផ្តល់​សាច់​ប្រាក់​ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩”។

សម្ដេចនាយករដ្ឋមន្រ្តី បានមានប្រសាសន៍តាមបណ្ដាញសង្គម​ហ្វ៊េសបុក​ផ្លូវការថា កាលពីពេល​ថ្មីៗកន្លងមក​នេះ សម្ដេចបានប្រកាសដាក់អោយប្រើជាផ្លូវការនូវ “កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩”។ ដើម្បីធានាថា ​ប្រជាពលរដ្ឋក្រីក្រដែល​កំពុង​ជួបបញ្ហាលំបាកពិតប្រាកដទទួលបាននូវជំនួយ​ឧបត្ថម្ភ​ពីរាជរដ្ឋាភិបាល គឺការងារធ្វើ​បច្ចុប្បន្នភាព​គ្រួសារ​ក្រីក្រ និងជនងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នេះមានសារៈសំខាន់ខ្លាំងណាស់។

សម្ដេចតេជោ មានប្រសាសន៍បន្តថា ការងារនេះគឺត្រូវពឹងផ្អែកស្ទើរតែទាំងស្រុងលើអាជ្ញាធរមូលដ្ឋាន គឺមេភូមិ និងក្រុមប្រឹក្សាឃុំ/សង្កាត់ដែលត្រូវតែធ្វើអោយបានច្បាសលាស់និងហ្មត់ចត់បំផុត ។

ដូច្នេះដើម្បីធានាឲ្យបាននូវ​តម្លាភាព និង​សុច្ចរិតភាព​ក្នុងការផ្តល់សេវាសម្រាប់កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់នេះ សម្ដេចបានចេញបទបញ្ជាយ៉ាង​ម៉ឺងម៉ាត់​ដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពិសេសចំពោះអ្នក​អនុវត្ត​ផ្ទាល់​នៅតាមឃុំសង្កាត់ទាំងអស់ គឺត្រូវផ្តោតការយកចិត្តទុកដាក់បំពេញការងារនេះឲ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួន​បំផុត គឺត្រូវចៀសវាងដាច់ខាតនូវការឃុំឃិតគ្នាដាក់បញ្ចូល​សាច់ញាត្តិបងប្អូនកូនក្មួយខ្លួនឯងដែលមិនមែន​ជាគ្រួសារក្រីក្រនឹងងាយរងគ្រោះពិតប្រាកដដើម្បីទទួលបាននូវប្រាក់ឧបត្ថម្ភនេះ៕

ចុចអាន៖ ពលរដ្ឋខេត្តក្រចេះ ​​ទទួល​បានប្រាក់ចំណូលប្រចាំឆ្នាំជាមធ្យមជាង១២០០ដុល្លារ