BREAKING NEWS
Search

ភ្លើងឆេះព្រៃដ៏ធំនៅភាគខាងជើងទីក្រុង Los Angeles ជំរុញឲ្យមានការជម្លៀសប្រជាជនជាបន្ទាន់

អាជ្ញាធរបាននិយាយថា ភ្លើងឆេះព្រៃយ៉ាងលឿននៅភាគខាងជើងនៃទីក្រុង Los Angeles បណ្ដាលឲ្យមានការបញ្ជាជម្លៀសជាចាំបាច់សម្រាប់ប្រជាជនដែលស្នាក់នៅក្នុងផ្ទះប្រមាណ ៥០០ ខ្នងកាលពីថ្ងៃពុធ ខណៈក្រុមពន្លត់អគ្គីភ័យបានប្រយុទ្ធនឹងអណ្តាតភ្លើងដែលបានឆេះផ្ទៃដី ១០,០០០ ហិចតានៅព្រឹកព្រលឹម ។

ភ្លើងឆេះព្រៃនៅតំបន់ Lake Fire បានផ្ទុះឡើងនៅម៉ោងប្រហែល ៣ និង ៣០ នាទីរសៀលនៅជិតសហគមន៍ Lake Hughes ចម្ងាយប្រហែល ៩០ គីឡូម៉ែត្រពីទីក្រុង Los Angeles ។

អណ្តាតភ្លើងដែលរីករាលដាលយ៉ាងឆាប់រហ័សបានឆាបឆេះផ្ទៃដីប្រមាណ ១០,០០០ ហិចតាក្នុងរយៈពេលតែជាង ៣ ម៉ោងប៉ុណ្ណោះ ។

នាយកដ្ឋានពន្លត់អគ្គីភ័យបាននិយាយនៅក្នុងបណ្ដាញ Twitter ថា “ទីភ្នាក់ងារជាច្រើនកំពុងប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃនៅជិតតំបន់ Lake Hughes ក្នុងឧទ្យាន Angeles National Forest” ។

ផ្សែងដែលហ៊ុយចេញពីអណ្តាតភ្លើងត្រូវបានគេមើលឃើញរាប់សិបគីឡូម៉ែត្រពីទីតាំងនៃភ្លើងឆេះព្រៃ ។

ទន្ទឹមនោះអ្នកពន្លត់អគ្គីភ័យជាង ៣០០ នាក់ដែលគាំទ្រដោយឧទ្ធម្ភាគចក្រ និងយន្តហោះត្រូវបានដាក់ពង្រាយដើម្បីប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះនេះ ។

នាយកដ្ឋានពន្លត់អគ្គីភ័យបាននិយាយនៅក្នុង Twitter មួយផ្សេងទៀតដោយយោងទៅលើនាយកដ្ឋានប៉ូលិសទីក្រុង Los Angeles ថា “បច្ចុប្បន្នប៉ូលិសទីក្រុង Los Angeles កំពុងជម្លៀសអ្នកស្រុកនៅក្នុងតំបន់នោះ ។ សូមជួយយើងក្នុងការជួយពួកគេ និងមនុស្សជាទីស្រឡាញ់របស់យើងឲ្យចេញដោយសុវត្ថិភាព” ។

ភ្លើងឆេះព្រៃបានកើតឡើងជាញឹកញាប់ និងកាន់តែធំនៅក្នុងរដ្ឋកាលីហ្វ័រញ៉ាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះដែលមួយផ្នែកបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ ។

បន្ថែមពីនេះភ្លើងឆេះព្រៃដ៏សាហាវបំផុតក្នុងប្រវត្តិសាស្រ្តរបស់រដ្ឋគឺភ្លើងឆេះព្រៃនៅតំបន់ Camp Fire ភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ាកាលពីខែវិច្ឆិកា ឆ្នាំ ២០១៨ ដោយបានសម្លាប់មនុស្ស ៨៦ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ AFP