លោក ហ៊ុន ម៉ា​ណែ​ត ជួប​សំណេះសំណាល​ជាមួយ​និស្សិត​ខ្មែរ ដែល​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី និង​នូ​វែ​ល​ហ្សេ​ឡង់

ភ្នំពេញ ​៖ កាលពី​យប់​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៩ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ជួប​សំណេះ សំណាល​ជាមួយ​និស្សិត​ខ្មែរ​ជាង​៥០០​នាក់ ដែល​កំពុង​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី និង​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ ហើយ​គោលបំណង ​នៃ​ការជួបជុំ​សំណេះសំណាល និង​ពិសា​អាហារ​សាមគ្គី​នេះ ធ្វើឡើង​ដើម្បី​ជា ការ​ចែករំលែក​បទពិសោធន៍​គ្នា​ទៅវិញទៅមក​រវាង​សិស្ស​និស្សិត​ដែល​បាន​ចូលរួម​។​

ឆ្លៀត​ក្នុងឱកាស​នោះ​ផងដែរ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​សិស្ស​ និស្សិត ដែល​បាន​ចំណាយពេល​វេលា​ដ៏​មានតម្លៃ និង ​ថវិកា​ផ្ទាល់ខ្លួន ធ្វើដំណើរ​ដ៏​វែងឆ្ងាយ ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​ជួបជុំ​សំណេះសំណាល និង​ពិសា​អាហារ​សាមគ្គី​មហា​គ្រួសារ​ខ្មែរ ហើយក៏​សូម​អរគុណ​ចំពោះ​ការជឿជាក់​លើ​ការដឹកនាំ​របស់​ថ្នាក់ដឹកនាំ​របស់​យើង ដែល​លោក​ប្រឹងប្រែង​អស់កម្លាំង​កាយ​ចិត្ត​ដើម្បី​ស្វែងរក​នូវ​សុខសន្តិភាព មក​ឲ្យ​យើងទាំងអស់គ្នា​។ ជាមួយគ្នានេះ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ផ្ដាំផ្ញើ​ទៅកាន់​សិស្ស​និស្សិត ដែល​ទទួលបាន​អាហារូបករណ៍ ត្រូវ​ប្រឹងប្រែង​សិក្សា​រៀន សូត្រ​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​យកចំណេះ​ជំនាញ​ដែល​ខ្លួន​បាន​រៀនសូត្រ យកមកចែក​រំលែក ​ក៏ដូចជា​បម្រើ​ការងារ ទៅតាម​ជំនាញ​របស់ខ្លួន ដើម្បី​ជា​គុណប្រយោជន៍​សម្រាប់​គ្រួសារ និង​សង្គមជាតិ​យើង​ទាំងមូល​។

លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​គូស​បញ្ជាក់ទៀតថា និស្សិត​កម្ពុជា​របស់​យើង​មានឱកាស​ទៅ​សិក្សា​នៅ ក្រៅ​ប្រទេស មិនមែន​តែ​ប្រទេស​អូស្ត្រាលី និង​នូ​វែ​ល​ហ្សេ​ឡង់​នោះ​ទេ យើង​មានលទ្ធភាព​បញ្ជូន​និស្សិត​របស់​យើង ទៅ​សិក្សា​នៅ​ប្រទេស​ជាច្រើន​ទៀត តាមរយៈ​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​កម្ពុជា និង​ប្រទេស​ភាគី​មិត្ត ហើយ​ការបញ្ជូន​និស្សិត​ទៅ​សិក្សា​នៅ​បរទេស​នេះ ដោយសារតែ​ប្រទេស​របស់​យើង​មាន​សុខសន្តិភាព សេរីភាព និង​ការអភិវឌ្ឍ ដូចនេះហើយ​ប្អូនៗ ដែលជា​និស្សិត​មាន​ឱកាស​បន្ត​ការសិក្សា​នៅឯ​បរទេស ជាពិសេស​ប្អូនៗ ត្រូវ​បានទទួល​ការយកចិត្តទុកដាក់​ពី​ប្រមុខ​រាជ​រដ្ឋាភិបាល​របស់​យើង ក្នុងការ​ផ្តល់​អាហារូបករណ៍​ឲ្យ​ទៅ​សិក្សា​នៅក្រៅ​ប្រទេស​។​

សូមបញ្ជាក់ថា និស្សិត​ដែល​សិក្សា​នៅ​ទីក្រុង​ស៊ីដនី ក្នុងចំណោម​ទីក្រុង​មួយ​ចំនួន នៃ​ប្រទេស​អូស្ត្រាលី​នោះ និស្សិត​ដែល​បានបញ្ចប់​ការសិក្សា​មាន​ចំនួន​១៥ និស្សិត​ដែល​កំពុង​រៀនមាន​ចំនួន​២៩​នាក់ និង​និស្សិត​ដែល​នឹងត្រូវ​ទៅ​រៀន មាន​ចំនួន​៧​នាក់​ផងដែរ​៕

      

អត្ថបទ ៖ សុជាតា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114