បូកសរុប​លទ្ធផល​ការងារ​យោធា សន្តិសុខ ឆ្នាំ​២០១៩ និង​ផ្សព្វផ្សាយ​ផែនការ​សកម្មភាព​ការងារ​យោធា សន្តិសុខ ឆ្នាំ​២០២០ របស់​យោធភូមិភាគ​ទី​៥

ភ្នំពេញ ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេ​បញ្ជា​ការ​រង នៃ​កង​យោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ថ្លែង​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​យោធភូមិភាគ​ទី​៥ ដែល​ពេញ​មួយ​ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ​។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ថ្លែង​បែបនេះ​នៅ​ក្នុង​ពិធី​បូកសរុប​លទ្ធផល​ការងារ​យោធា សន្តិសុខ ឆ្នាំ​២០១៩ និង​ផ្សព្វផ្សាយ​ផែនការ​សកម្មភាព​ការងារ​យោធា សន្តិសុខ ឆ្នាំ​២០២០ របស់​យោធភូមិភាគ​ទី​៥ កាលពី​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២០ ។

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​ថា រយៈពេល​កន្លង​ទៅ​នេះ យោធភូមិភាគ​ទី​៥ បាន​យកចិត្តទុកដាក់​បំពេញ​ភារកិច្ច​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការ​ការពារ​ឯក​រាជ្យ អធិបតេយ្យ និង​បូរណភាព​ទឹកដី​, ការធានា​នូវ​សន្តិភាព​, ស្ថិរភាព​, សន្តិសុខ និង​សណ្ដាប់​ធ្នាប់​សាធារណៈ​បាន​ល្អ​ប្រសើរ និង​ការ​កសាង​ពង្រឹង​អង្គភាព​រឹងមាំ​លើ​គ្រប់​វិស័យ ក៏ដូចជា​ការចូលរួម​ចំណែក​ក្នុង​ការ​អនុវត្ត​ផែនការ​កែទម្រង់​កង​យោធពល​ខេមរភូមិន្ទ ដែល​កំពុង​ដំណើរ​ការ​។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ថ្លែង​បន្ត​ថា​៖ សមិទ្ធផល​ការងារ​ទាំងនេះ ស្ដែង​ឲ្យ​ឃើញ​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ពលិកម្ម និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​មេ​បញ្ជា​ការ មេ​បញ្ជា​ការ​រង​គ្រប់​លំដាប់​ថ្នាក់ នាយទាហាន នាយទាហានរង និង​ពលទាហាន​ទូទាំង​យោធភូមិភាគ​ទី​៥ ហើយក៏​អាច​និយាយ​បាន​ថា ជា​ផ្លែផ្កា​នៃ​សាមគ្គីភាព និង​ឯកភាព​ផ្ទៃក្នុង​ល្អ ដែល​ថ្នាក់ដឹកនាំ និង​យោធិន​ទូទាំង​យោធភូមិភាគ​ទី​៥ បាន​ខិតខំ​រួបរួម​គ្នា​សម្រេច​បាន​ក្នុង​រយៈកាល​កន្លងមក​នេះ ហើយ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ថ្នាក់ដឹកនាំ ព្រមទាំង​យោធិន​ទូទាំង​យោធភូមិភាគ​ទី​៥ នឹង​បន្ត​ប្រកាន់ខ្ជាប់​នូវ​ស្មារតី និង​គោលការណ៍​ទាំងនេះ ដើម្បី​ធានា​បាន​នូវ​និរន្តរភាព​ការងារ និង​ការ​រីកចម្រើន​របស់​យោធភូមិភាគ​បន្ត​ទៅ​មុខ​ទៀត​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​គាំទ្រ និង​ជំរុញ​ឲ្យ​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង ដោយ​ប្រកាន់យក​ការសម្រេចចិត្ត​ច្បាស់លាស់ និង​ប្រុងប្រយ័ត្ន ជា​មួយ​នឹង​ការ​គិត​គូរ​ពិចារណា​គ្រប់​ជ្រុងជ្រោយ ក្នុង​ការ​បំពេញ​តួនាទី និង​ភារកិច្ច​ក្នុងនាម​កង​យោធ​ខេមរភូមិន្ទ ស្របតាម​រដ្ឋធម្មនុញ្ញ​, ច្បាប់ និង​នយោបាយ​ការពារ​ជាតិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​សម្រេច​បាន​សមិទ្ធផល​កាន់តែ​ល្អ​ប្រសើរ​ជូន​ជាតិ ប្រជាជន និង​មាតុភូមិ​យើង​៕

​អត្ថបទ៖ រ៉ា​វុ​ទ្ធ​