ប្ដី​​ អារ.ក​​សម្លាប់​ប្រពន្ធ ​រួច​ចង​.​ក សម្លាប់​ឯង បាន​សម្រេច

ប៉ៃលិន ​៖ ​ប្រភព​ព័ត៌មាន​ បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់ ត្រូវបាន​ប្តី​ចិត្ត​មារ អារ.ក​សម្លាប់ ប៉ុន្តែ​មិនបាន​សម្រេច ត្រូវ​បាន​អ្នកជិតខាង​ដឹក ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ ខេត្ត​ប៉ៃលិន​ភ្លាមៗ ចំណែក​ប្តី​ចិត្ត​មារ នឹក​ឃើញថា​ប្រពន្ធ​ប្រហែលជា​ស្លាប់ ក៏​សម្រេចចិត្ត​ទៅ​ចង ក​សម្លាប់​ខ្លួន​ឯង ដោយ​ខ្សែ​អង្រឹង ទៅ​នឹង​ដើម​អំពិល​ក្បែរ​ផ្ទះ​ក្នុង​ចម្ការ​ខ្លួន​ឯង។

ហេតុការណ៍​ខាងលើនេះ បាន​កើតឡើង​ប្រហែល​ម៉ោង​៩​និង​៤០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០២០ ស្ថិតនៅ​ចំណុច​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទូល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន។

តាម​ព័ត៌មាន​ពី​លោក វ៉ាន់ មេភូមិ​អូ​តា​ពុក​ក្រោម សង្កាត់​ទូល​ល្វា បាន​ឲ្យ​ដឹងថា ​៖ កាលពី​ប៉ុន្មាន​ថ្ងៃមុន ស្ត្រី​រង​គ្រោះ​ជា​ប្រពន្ធ បាន​ទៅ​ប្តឹង​លោក ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​ក្នុង​គ្រួសារ ដោយ​ចេះតែ​រកាំរកូស រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា ដែល​ប្រពន្ធ​សង្ស័យថា ប្តី​ខ្លួន​អាច​ប្រើ​ប្រាស់​គ្រឿងញៀន ព្រោះ​និយាយ​មិនដែល​ចេះ​ត្រូវ​គ្នា ក្នុង​គ្រួសារ​នោះទេ ចាប់តាំងពី​ជនបង្ក​ជា​ប្តី មកពី​ធ្វើ​ការងារ​នៅ​ខេត្ត​ព្រះសីហនុ ។ លោក​បន្តថា​ ៖ ប្តី​ដែល​អារក​​សម្លាប់​ប្រពន្ធ​ឈ្មោះ គង់ ញ៉ិ​ប អាយុ​៤៨​ឆ្នាំ ជា​កសិករ ចំណែក​ជនរងគ្រោះ​ជា​ប្រពន្ធ​ឈ្មោះ វង់ នី​ម អាយុ​៥០​ឆ្នាំ មានកូន​៤​នាក់ រស់នៅ​នៅ​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទូល​ល្វា ក្រុងប៉ៃលិន។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច ដែល​ចុះ​ដល់​ទី​តាំង​កើតហេតុ​ខាងលើ បាន​ឲ្យ​ដឹងថា ​៖ ករណី​នេះ សមត្ថកិច្ច មិនទាន់​កំណត់​ចម្លើយ ថា​ មកពី​មូលហេតុ​អ្វី ឲ្យ​ពិតប្រាកដ បាន​នោះ​ទេ ព្រោះ​ស្ត្រី​រងគ្រោះ​ជា​ប្រពន្ធ កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន ចំណែក​កូនៗ​ជនរងគ្រោះ ក៏​មិនទាន់​ចេញពី​រៀន​នៅឡើយ​ដែរ។

បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការ​នគរបាល​ខេត្ត កំពុងធ្វើការ​ស្រាវជ្រាវ​រក​មូលហេតុ​ច្បាស់​លាស់​ចំណែក​ស្ត្រី​រងគ្រោះ កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន ផងដែរ​៕
សេង សុវណ្ណារិទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114