ហេតុអ្វីមនុស្សស្រីនិយមរកដៃគូជីវិតមានអាយុច្រើនជាងខ្លួន?

ក្នុងសង្គមខ្មែរប្រទេសអាស៊ានភាគច្រើននារីៗសម្រេចចិត្តទទួលយកបុរសវ័យឮច្រើនជាងខ្លួនមកធ្វើជាគូអនាគត។ បុរសខ្លះយកប្រពន្ធអាយុតិចជាងដល់ទៅមួយជួរក៏មិនអី ប៉ុន្តែបើស្រីៗវិញកម្រមានណាស់យកប្តីក្មេងពេក។

ក្រោមនេះជាមូលហេតុដែលមនុស្សស្រីមិនចូលចិត្តយកដៃគូជីវិតក្មេងជាងខ្លួន៖

ភាពចាស់ទុំ៖ ទោះបីមនុស្សស្រីពូកែយ៉ាងណា នាងនៅតែត្រូវការមនុស្សប្រុសម្នាក់ដែលរឹងមាំសម្រាប់ឲ្យនាងពឹងពាក់បាន។ មនុស្សស្រីយល់ថា បុរសវ័យក្មេងអាចមានមានអត្តចរិតក្មេង ពោលគឺមានចរិតឆេវឆាវ និងមិនសូវចេះគិតគូបានហ្មត់ចត់។ ដូច្នេះនាងត្រូវការមនុស្សប្រុសម្នាក់ដែលអាចមើលថែនាងបាន មិនមែនអ្នកដែលនាងត្រូវចាំមើលថែដូចកូននោះទេ។

ភ្នែកញាតិ៖ ដូចដែលយើងធ្លាប់ដឹង សង្គមខ្មែរធ្វើអ្វីក៏ដោយតែងតែខ្លាចញាតិជិតខាង និយាយពីមាត់មួយទៅមាត់មួយណាស់។ ម្យ៉ាងខ្មែរយើងមិនទម្លាប់ឲ្យកូនស្រីយកស្នាមីអាយុប្អូនទេ ហើយវាក៏ជាមូលហេតុមួយដែលមនុស្សស្រីពិបាកនឹងយកមនុស្សប្រុសអាយុប្អូនមកធ្វើជាប្តី។ មនុស្សស្រីគិតពីកិត្តិយសណាស់ នាងតែងតែខ្លាចញាតិរិះគន់មើលមកមិនទំនង ដែលយកគូមិនសក្តិសមនឹងវ័យ។

រូបសម្រស់៖ មនុស្សស្រីយល់ថា នៅពេលដែលមានស្វាមីអាយុតិចជាង ពេលដែលបណ្តើរគ្នាទៅណាមកណាម្ដងៗ ហាក់ដូចជាមិនសម ព្រោះមើលមកខ្លួនឯងដូចជាបងស្រីបណ្តើរប្អូនប្រុសអ៊ីចឹង។ មួយទៀតសោត សម្រស់មនុស្សស្រីងាយនឹងចាស់ជាងមនុស្សប្រុស ពិសេសក្រោយសម្រាលកូននាងកាន់តែបាក់សម្ផស្សទ្វេរដង។ ដូចនេះ ការយកសា្វមីអាយុច្រើនជាង នាំឲ្យអ្នកទាំងពីរចាស់ទៅព្រមគ្នា។

ទំនុកចិត្ត៖ ស្រីៗមួយចំនួនធំមិនហ៊ានយកស្វាមីក្មេងជាង ព្រោះនាងខ្លាចថ្ងៃណាមួយបុរសម្នាក់ដែលធ្លាប់តែសន្យាថានៅជាមួយគ្នា ប្រែជាបែកចិត្តទៅរកស្រីក្មេងជាងនាង។ នាងមិនទុកចិត្តមនុស្សប្រុសក្មេងថាអាចព្រមរស់នៅជាមួយប្រពន្ធរបស់ខ្លួនដែលមានសម្រស់កាន់តែប្រែទៅនោះណាស់។

អត្ថបទ៖ សន្យា

ចុចអាន៖ កល្យាណមិត្តដែលកម្ររកបានមានសញ្ញាទំាង២០នេះ

ចុចអាន៖​ ចង់ក្លាយជាសេដ្ឋីត្រឹមវ័យ ៤០ ឆ្នាំ អានយុទ្ធសាស្ត្រដែលអាចទៅរួចទាំងនេះ