BREAKING NEWS
Search

ហេតុផលធំ៧ ដែលហ្វេសប៊ុកបដិសេធការផ្សព្វផ្សាយពាណិជ្ជកម្មរបស់អ្នក

ការផ្សព្វផ្សាយការរកស៊ីលើបណ្ដាញហ្វេសប៊ុក កំពុងត្រូវបានម្ចាស់ជំនួញនានាប្រើប្រាស់យ៉ាងសកម្ម។ បណ្តាញសង្គមមួយនេះទទួលបានភាពល្បីល្បាញ និងត្រូវបានគេប្រើយ៉ាងច្រើននៅទូទាំងពិភពលោក។

ប៉ុន្តែមិនឲ្យតែមានលុយក៏អាចផ្សាយពាណិជ្ជកម្មតាមហ្វេសប៊ុកបាននោះឡើយ អ្នកត្រូវគោរពតាមលក្ខខណ្ឌរបស់បណ្ដាញនេះ ទើបមានការយល់ព្រមឲ្យចេញផ្សាយបាន។  ក្នុងនោះមានហេតុផលជាច្រើនដែលហ្វេសប៊ុកមិនអាចអនុញ្ញាតការផ្សាយពាណិជ្ជកម្មមួយចំនួន។

ក្នុងអត្ថបទនេះយើងនឹងពិនិត្យមើលនូវហេតុផល  យ៉ាងថា តើហេតុអ្វីបានជាការផ្សាយពាណិជ្ជកម្មខ្លះមិនអាចត្រូវបានអនុម័តដោយហ្វេសប៊ុក។

១. អក្សរច្រើនពេកនៅក្នុងរូបភាព

ថ្មីៗនេះ ហ្វេសប៊ុកមានការផ្លាស់ប្តូរការអនុវត្តច្បាប់អំពីការផ្សាយពាណិជ្ជកម្មនៅលើបណ្ដាញរបស់ខ្លួន ដែលច្បាប់នោះគឺថា អត្ថបទមិនគួរមានច្រើនជាង ២០% នៃរូបភាពឡើយ។

ខណៈអ្នកចង់ផ្សាយអ្វីមួយជារូបភាពដែលមានអក្សរក្នុងនោះ មិនត្រូវសរសេរឲ្យស្អេកស្អះទេ គឺសរសេរតែគោលធំៗប៉ុណ្ណោះ។

២. ប្រធានបទដែលពាក់ព័ន្ធនឹងអាយុមនុស្ស

អ្នកត្រូវប្រុងប្រយ័ត្ននៅពេលបង្កើតការផ្សាយពាណិជ្ជកម្មសម្រាប់ផលិតផលមួយចំនួនដូចជាអាល់កុល ព្រោះប៉ះពាល់ដល់អនិតិជន។

នៅសហរដ្ឋអាមេរិកកម្រិតអាយុអប្បបរមាសម្រាប់ការសេពគ្រឿងស្រវឹងគឺ ២១ ឆ្នាំ ខណៈដែលនៅតាមបណ្តាប្រទេសអ៊ឺរ៉ុបជាច្រើនអាចផឹកបាននៅអាយុ ១៨ ឆ្នាំ។

ការផ្សាយពាណិជ្ជកម្មអាចត្រូវបានបដិសេធ សូម្បីតែផ្សាយពីភោជនីយដ្ឋានដែលមានជាតិអាល់កុលក៏ដោយ។ ក្រៅពីនេះ ការផ្សាយនឹងមិនត្រូវបានយល់ព្រមផងដែរ ក្នុងករណីដែលជាប់ព័ត៌មានទាក់ទងទៅនឹងគ្រឿងស្រវឹងសូម្បីដបស្រា ឬកែវស្រាទទេ។

៣. សរសេរចំណងជើងវែងពេក

ការផ្សាយពាណិជ្ជកម្មអាចក្លាយជាអាសារឥតបាន បើសិនសរសេរចំណងជើង ឬយើងហៅថា Caption វែងអន្លាយពេក។ ហ្វេសប៊ុកមិនត្រូវការឲ្យរៀបរាប់ច្រើនពេកទេ ត្រឹមតែប៉ុន្មានពាក្យដែលខ្លឹមៗ ក៏គ្រប់គ្រាន់ហើយ។

៤. ខ្លឹមសារមិនទាក់ទងនឹងការផ្សាយរបស់ហ្វេសប៊ុក

ដូចដែលបានបញ្ជាក់រួចមកហើយ ច្បាប់មួយក្នុងចំណោមវិធានការមូលដ្ឋានរបស់ហ្វេសប៊ុកលើការផ្សព្វផ្សាយគឺត្រូវពាក់ព័ន្ធគ្នា។ រូបភាពនិងខ្លឹមសារត្រូវភ្ជាប់ឲ្យស៊ីគ្នា ដោយអ្នកមិនអាចប្រើរូបភាពនារីស្លៀកពាក់ឈុតហែលទឹកទៅផ្សាយពីកម្រាលព្រំនោះទេ។

៥. មាតិកាតក់ស្លុត រូបភាពអាក្រាត ភាសាសរសេរមិនល្អ

ហ្វេសប៊ុកនឹងបដិសេធភ្លាមៗចំពោះការផ្សាយពាណិជ្ជកម្មដែលបង្ហាញពីរូបភាពអាក្រាត មាតិកាផ្លូវភេទ និងរូបភាពឈាមស្រស់ៗឬសាកសពជាដើម។

៦. បង្កប់ការរើសអើង

ការគោរពភាពឯកជន ពិតជាមានសារៈសំខាន់សម្រាប់ហ្វេសប៊ុក។ អ្នកអាចកំណត់គោលដៅផ្សាយពាណិជ្ជកម្មយោងទៅតាមអាយុ ភេទ ឬក្រុមអ្នកប្រើប្រាស់ដោយផ្តោតលើក្រុមមនុស្សទូទៅ ដោយមិនសំដៅលើបុគ្គលម្នាក់ៗទេ។ ដោយហេតុផលនេះអត្ថបទផ្សាយពាណិជ្ជកម្ម មិនគួរមានលក្ខណៈផ្ទាល់ខ្លួនបែបរើសអើងនរណាឡើយ ប៉ុន្តែអាចធ្វើជាលក្ខណៈទូទៅមិនចំពោះវិញ ទើបមានការយល់ព្រម។

៧. មាតិកាហាមឃាត់

ថ្នាំជក់ និងកាំភ្លើង ឬសេវាកម្មពាក់ព័ន្ធនឹងផលិតផលទាំងនេះ សុទ្ធតែត្រូវបានហាមឃាត់មិនឱ្យផ្សាយពាណិជ្ជកម្មឡើយ។ បើអ្នកផ្សព្វផ្សាយមាតិកាទាំងនេះ នោះនឹងត្រូវបានហាមឃាត់មិនខាន៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ boosterberg

ចុចអាន៖  ជំនាញទីផ្សារឌីជីថល៖ Content Creation ការបង្កើតមាតិកាលើអីនធើណេត

ចុចអាន៖ ជំនាញទីផ្សារឌីជីថល៖ ផ្សាយ​លើបណ្តាញសង្គមដោយមិនចាយលុយ Boost