អភិបាលខេត្ត​កំពង់ធំ ​អញ្ជើញ​អភិសេក​រូបសំណាក​អាចារ្យ​លាក់ ដែល​នឹង​យក​ទៅ​តម្កល់​នៅ​ផ្លូវ​ច្រមុះ​ជ្រូក

កំពង់ធំ​ ៖​ ដើម្បី​លើកកម្ពស់​សោភ័ណភាព​ក្រុង​ស្ទឹងសែន​ រដ្ឋបាល​​ខេត្ត​កំពង់ធំ ក្រោម​ការដឹកនាំ​របស់ លោក សុខ លូ អភិបាល​ខេត្ត​កំពង់ធំ និង​ថ្នាក់ដឹកនាំ​ជាច្រើនរូប បានសម្រេច​ឲ្យ​មានការ​ស្ថាបនា​សាង​សង់​សួនច្បារ និង​រូបសំណាក​អាចារ្យ​លាក់ សិត​ពី​ស្ពាន់ និង​លោហធាតុ​ផ្សេងៗ ដែលមាន​កម្ពស់​៤,៥​ម៉ែត្រ ទម្ងន់​ប្រហែល​២,៥​តោន កម្ពស់​ជើង​ទម្រ​៥,៤៥​ម៉ែត្រ សរុប​ទាំងអស់​៩,៩៥​ម៉ែត្រ ព្រមទាំង​បាន​ធ្វើ​ពិធី​អភិសេក​ជា​ផ្លូវការ​រយៈពេល​ពីរ​ថ្ងៃ នា​ថ្ងៃ​ទី​៥-៦ ខែ​កុម្ភៈ ឆ្នាំ​២០២០​នេះ នៅ​វត្ត​ឥន្ទ្រី​យ៍​សំ​វរៈ ហៅ​វត្ត​កំពង់ធំ ដែល​នឹងត្រូវ​យកទៅ​តម្កល់​នៅ​ផ្លូវ​ច្រមុះ​ជ្រូក (​ចំណុច​ផ្លូវ​ប្រសព្វ ផ្លូវ​វាង​ក្រុង​ស្ទឹងសែន​)។​

ឆ្លៀត​ក្នុង​ពិធី​អភិសេក​នោះដែរ លោក សុខ លូ មានប្រសាសន៍​លើកឡើងថា រូបសំណាក​អាចារ្យ​លាក់ គឺជា​របស់​យើង​ទាំង​អស់​គ្នា កើត​ចេញពី​យើងទាំងអស់គ្នា ហើយ​សមិទ្ធផល​ទាំងនេះ​អាច​កើត​មានបាន លុះត្រា​ប្រទេសជាតិ​មាន​សុខ​សន្តិភាព ព្រមទាំង​មានការ​ចូលរួម​ពី​មន្ត្រី​សង្ឃ​គ្រប់​លំដាប់​ថ្នាក់ ឯកឧត្ដម លោកជំទាវ​ លោក លោកស្រី មន្ត្រីរាជការ​ជុំវិញ​ខេត្ត សប្បុរសជន ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ ក្មួយៗ សិស្សានុសិស្ស​ទាំងអស់ ដែល​បានរួម​កម្លាំង​សាមគ្គី​ចូលរួម​ជួយ​ក្នុង​ពិធីបុណ្យ​រយៈ​ពេល​ពីរ​ថ្ងៃនេះ ប្រព្រឹត្ត​ទៅដោយ​រលូន ជោគជ័យ​តាម​អ្វីដែល​យើង​បានគ្រោង​ទុក​។​

លោក​បន្ថែមទៀតថា ការ​សាង​រូបសំណាក​អាចារ្យ​លាក់​នេះ ដើម្បី​រំឭក​អំពី​ប្រវត្តិ​ នៃ​ការ​តស៊ូ​របស់​លោក​ ដែល​ជា​មេទ័ព​អង់​អាច​ក្លាហាន ហើយក៏​ជា​បុគ្គល​មួយរូប​ដែលមាន​មន្តអាគម​ក្នុង​ការ​ព្យាបាល​ជំងឺ និង​ចេះ​ក្បាច់គុន​ខ្លាំងពូកែ ជាពិសេស​គឺ​ការប្រើ​ដាវ​។ ក្រោយមក​នៅ​ខែ​ធ្នូ ឆ្នាំ​១៨៦៧ លោក​ត្រូវ​បាន​គេ​សម្លាប់​។​

លោក​បន្តទៀតថា វីរភាព​តស៊ូ​របស់​លោក​អាចារ្យ​លាក់ ត្រូវ​បាន​គេ​ចងចាំ​ជានិច្ច ហើយ​សព្វថ្ងៃនេះ យើង​ឃើញ មាន​ភូមិ​មួយ នៃ​ខេត្ត​កំពង់ធំ​ ក៏​មាន​ឈ្មោះថា ភូមិ​អាចារ្យ​លាក់ សង្កាត់​អាចារ្យ​លាក់។

ទន្ទឹមនឹងនោះ លោក​បញ្ជាក់​ទៀត​ថា រូបសំណាក​អាចារ្យ​លាក់ មាន​រូបរាង​ក្នុង​របៀប​ជា​អ្នកតស៊ូ អ្នក​ចេះ​វិជ្ជា​គុន អ្នកចេះ​មន្តអាគម អ្នក​ព្យាបាល​ជំងឺ​។ ផ្នែក​ខាងមុខ ដៃ​ទាំងសងខាង កាន់​ដាវ​រាង​កោង​ដក​ចេញពី​ស្រោម​បាន​បន្តិច ក្នុង​គោលបំណង បង្ហាញ​អំពី​កេតនភណ្ឌ​ដែល គាត់​យក​មក ប្រើប្រាស់​ក្នុងការ​ប្រយុទ្ធ​តស៊ូ និង​បង្ហាញ​អំពី​វីរភាព​ នៃ​ការ​តស៊ូ ឬ​អ្នកក្លាហាន។ ជើង​ខាងឆ្វេង​មាន​ភ្ជាប់​ចបជីក ក្នុង​គោលបំណង​បង្ហាញ​ឲ្យ​ឃើញ​ថា អាចារ្យ​លាក់​ គឺជា​គ្រូមន្តអាគម​មើលជំងឺ ចេះ​ផ្សំ​ថ្នាំ​ព្យាបាល -​ល​-​។ ផ្នែក​ខាងក្រោយ​ខ្នង មាន​ស្នា និង​បំពង់​ដាក់​គ្រាប់​ស្នា ក្នុង​គោលបំណង​បង្ហាញ​ឲ្យ​ឃើញ​ថា នៅ​ពេល​លោក​អាចារ្យ​លាក់ ចេញ​ប្រយុទ្ធ​តស៊ូ ជាមួយ​បារាំង ក្រៅពី​ការ​ប្រើ​ដាវ គឺ​លោក​បាន​ប្រើប្រាស់​អាវុធ​ជា​ស្នា ដែល​ផ្លែ​មាន​លាភ​ដោយ​ពិស​ពស់ ឬ​ផ្លែឈើ​ពុល​ផ្សេងៗ ជាដើម​៕


អត្ថបទ ៖ ប៊ុន រដ្ឋា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114