ក្រោយប៉ះទង្គិចគ្នា ឥណ្ឌាហាមឃាត់កម្មវិធីទូរស័ព្ទចិនចំនួន៥៩ដោយសារបារម្ភអំពីបញ្ហាសន្តិសុខ
BREAKING NEWS
Search

ក្រោយប៉ះទង្គិចគ្នា ឥណ្ឌាហាមឃាត់កម្មវិធីទូរស័ព្ទចិនចំនួន៥៩ដោយសារបារម្ភអំពីបញ្ហាសន្តិសុខ

ប្រទេសឥណ្ឌាកាលពីថ្ងៃចន្ទបានហាមឃាត់កម្មវិធីទូរស័ព្ទរបស់ចិនចំនួន៥៩កម្មវិធីដែលរួមមានទាំង TikTok និង WeChat ដ៏មានប្រជាប្រិយភាពផងដែរដោយសារតែក្តីព្រួយបារម្ភអំពីបញ្ហា​សន្តិសុខនិងភាពឯកជន។ បម្រាមនេះបានធ្វើឡើង២សប្តាហ៍បន្ទាប់ពីមានការប៉ះទង្គិចគ្នានៅព្រំដែនហិម៉ាល័យរវាងប្រទេសជិតខាងប្រដាប់ដោយអាវុធនុយក្លេអ៊ែរទាំងពីរ។

ទំនាក់ទំនងរវាងប្រទេសដែលមានប្រជាជនច្រើនបំផុតទាំងពីរនៅលើពិភពលោកកាន់តែតានតឹងបន្ទាប់ពីការស្លាប់របស់កងទ័ពឥណ្ឌាចំនួន២០នាក់នៅក្នុងការប្រយុទ្ធគ្នាដៃទល់នឹងដៃជាមួយសមភាគីចិននៅភាគខាងលិចនៃព្រំដែនកាលពីពាក់កណ្តាលខែមិថុនា។

ក្រសួងព័ត៌មានវិទ្យាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កម្មវិធីទាំងនេះមានពាក់ព័ន្ធនៅក្នុងសកម្មភាពដែលធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសឥណ្ឌា ការការពារប្រទេសឥណ្ឌា សន្តិសុខរដ្ឋនិងសណ្តាប់ធ្នាប់សាធារណៈ។

រដ្ឋាភិបាលឥណ្ឌាបានសម្រេចចិត្តមិនអនុញ្ញាតឲ្យប្រើប្រាស់កម្មវិធីមួយចំនួនឡើយ។ ការស​ម្រេចចិត្តនេះគឺជាសកម្មភាពគោលដៅដើម្បីធានាសុវត្ថិភាពនិងអធិបតេយ្យភាពនៃប្រព័ន្ធអ៊ីនធើណិតរបស់ឥណ្ឌា។

សេចក្តីថ្លែងការណ៍បាននិយាយថា ចំណាត់ការនេះត្រូវបានធ្វើឡើងបន្ទាប់ពីក្រសួងទទួលបានពាក្យបណ្តឹងជាច្រើនដែលចោទប្រកាន់ពីការលួចទិន្នន័យអ្នកប្រើប្រាស់និងការរំលោភលើសិទ្ធិឯកជនរបស់អ្នកប្រើប្រាស់។

យ៉ាងណាក្តី គេនៅមិនទាន់ច្បាស់ទេថាតើបម្រាមនេះនឹងចូលជាធរមាននៅពេលណា។

កម្មវិធីភាគច្រើនគឺមានការពេញនិយមយ៉ាងខ្លាំងនៅក្នុងប្រទេសឥណ្ឌារួមមានកម្មវិធីចែករំលែកវីដេអូ TikTok និង Helo, កម្មវិធីចែករំលែកឯកសារ SHAREit និងកម្មវិធី UC Browser និង UC News រប​ស់ក្រុមហ៊ុន Alibaba ដែលបូកបញ្ចូលគ្នាមានអ្នកប្រើប្រាស់ជាងកន្លះពាន់លាន​នាក់។

តាមការប៉ាន់ស្មាន មានអ្នកប្រើប្រាស់ TikTok ប្រមាណ១២០លាននាក់នៅក្នុងប្រទេសឥណ្ឌា​ដែលធ្វើឲ្យប្រទេសអាស៊ីខាងត្បូងមានប្រជាជន១.៣ពាន់លាននាក់មួយនេះក្លាយជាទីផ្សារអន្ត​រជាតិធំបំផុតរបស់កម្មវិធីនេះ។

កម្មវិធីផ្សេងទៀតនៅលើបញ្ជីហាមឃាត់រួមមានកម្មវិធី Weibo និងហ្គេម Clash of Kings៕ AFP

ប្រែសម្រួលដោយ៖ វណ្ណវណ្ណ