ឥណ្ឌារឹតត្បិតការនាំចេញឧបករណ៍ធ្វើតេស្តខណៈករណីថ្មីបន្តកើនឡើង

ប្រទេសឥណ្ឌាកំពុងរឹតត្បិតការនាំចេញឧបករណ៍ធ្វើរោគវិនិច្ឆ័យ ខណៈដែលករណីអ្នកឆ្លងវីរុសកូវីដ-១៩ កើនដល់​សរុបចំនួន ៣៣៥០ នាក់កាលពីថ្ងៃអាទិត្យថ្ងៃទី ៥ ខែមេសា ទោះបីជាប្រទេសអាស៊ីខាងត្បូងមួយនេះមានវិធានការបិទទ្វារទូទាំងប្រទេសរយៈពេល ៣ សប្តាហ៍ដើម្បីទប់ស្កាត់ការរាលដាលនៃវីរុសក៏ដោយ។

ប្រទេសឥណ្ឌាក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះបានហាមឃាត់ការនាំចេញនូវថ្នាំមួយចំនួនរួមជាមួយឧបករណ៍អុកស៊ីហ្សែន ម៉ាស់ និងឧបករណ៍ការពារផ្សេងទៀតដែលជាតម្រូវការចាំបាច់សម្រាប់អ្នកជំងឺនិងបុគ្គលិកសុខាភិបាលរបស់ខ្លួននៅក្នុងប្រទេស។

វិធានការនេះកើតឡើងខណៈដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ(Donald Trump) បានហៅទូរសព្ទជាមួយលោកនាយករដ្ឋមន្រ្តីណារេនដ្រាម៉ូឌី(Narendra Modi) កាលពីថ្ងៃសៅរ៍ដើម្បីជម្រុញឲ្យប្រទេសឥណ្ឌាបញ្ចេញការផ្គត់ផ្គង់ថ្នាំ hydroxychloroquine ជាថ្នាំប្រឆាំងនឹងជំងឺគ្រុនចាញ់ដែលកំពុងត្រូវបានគេធ្វើតេស្តសាកល្បងថាអាចមានប្រសិទ្ធិភាពក្នុងការព្យាបាលអ្នកជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី។

អ្នកនាំពាក្យសេតវិមានសហរដ្ឋអាមេរិកលោកជូឌីរី(Judd Deere)បាននិយាយតាមបណ្តាញសង្គម Twitter ថា មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នារក្សាបណ្តាញផ្គត់ផ្គង់ឱសថនិងការផ្គត់ផ្គង់វេជ្ជសាស្ត្រសំខាន់ៗផ្សេងទៀត និងរក្សាទំនាក់ទំនងដើម្បីធានាថារដ្ឋទាំងពីរបន្តដំណើរការតាមអ្វីដែលអាចធ្វើទៅបានក្នុងពេលមានវិបត្តិសុខភាពពិភពលោក។

នៅក្នុងកំណត់ហេតុសង្ខេបស្តីពីការសន្ទនារវាងមេដឹកនាំសហរដ្ឋអាមេរកនិងឥណ្ឌាបានឲ្យដែរដឹងថា មេដឹកនាំទាំងពីរឯកភាពសហការគ្នាជាដៃគូដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព។

ទោះបីជាតួលេខក្នុងប្រទេសឥណ្ឌាមានកំរិតទាបបើប្រៀបធៀបជាមួយសហរដ្ឋអាមេរិក ចិន អ៊ីតាលី និងអេស្ប៉ាញក៏ពិតមែន ប៉ុន្តែអ្នកជំនាញផ្នែកសុខភាពមានក្ដីបារម្ភចំពោះការរីករាលដាលនៃវីរុសខ្លាំងផងដែរ ព្រោះថាប្រទេសនេះមានប្រព័ន្ធសុខាភិបាលសាធារណៈខ្សោយស្រាប់នៅក្នុងតំបន់៕

ប្រែសម្រួល៖ សន្យា
ប្រភព៖ CNA