ឥណ្ឌាប្រកាស​បង្ខាំង​ពលរដ្ឋ​ ១៣០០​លាន​នាក់ ឲ្យ​នៅ​តែ​ក្នុង​ផ្ទះរយៈ​ពេល​បីសប្ដាហ៍ ក្រោយ​អ្នក​ឆ្លង​កើន​ដល់ ៥១៩នាក់​

ពលរដ្ឋ​ប្រមាណ ១៣០០លាន​នាក់ ក្នុង​ប្រទេស​ឥណ្ឌា ត្រូវ​នឹង​បង្ខាំ​ឲ្យ​នៅ​តែ​ក្នុង​ផ្ទះ​រយៈ​ពេល ២១ថ្ងៃ ដើម្បី​ប្រយុទ្ធ​​ប្រឆាំង​នឹង​ការ​រាតត្បាត​វីរុស Covid-19 ដោយ​ថែម​ទាំង​ព្រមាន បើ​មាន​នរណា​ហ៊ាន​ចេញ​ពី​ផ្ទះ មាន​ន័យ​ថា​ពួក​គេ​នឹង​នាំ​វីរុស​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​មិន​ខាន។ នេះ​ជា​ការ​អះអាង​ពីសំណាក់​នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក Narendra Modi។

យោង​តាម​សេចក្តី​ប្រកាស​លោក Narendra Modi ដែល​ត្រូវ​ភ្នាក់ងារ​ព័ត៌មាន Aljazeera ដក​ស្រង់​នៅ​ថ្ងៃ​ពុធ​នេះ ឥណ្ឌា​បាន​កំពុង​ស្នើ​បញ្ចប់​ថវិកា​ជាតិ​បន្ទាន់​មួយ ដោយ​មាន​ទំហំ​ទឹក​ប្រាក់​ប្រមាណ ២ពាន់​លាន​ដុល្លារ ដើម្បី​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​របស់​ខ្លួន។ លោក​ថា ដើម្បី​ជួយ​ប្រទេស​ឥណ្ឌា ពលរដ្ឋ និង​ក្រុម​គ្រួសារ​ទាំងអស់ គ្រប់​ផ្លូវ និង​ទី​សាធារណៈ ត្រូវ​​បិទ​ជា​បណ្តោះ​អាសន្ន។

គិត​ត្រឹម​យប់​ថ្ងៃ​អង្គារ ប្រជា​ជាតិ​មាន​ពលរដ្ឋ​ដល់​ទៅ ១/៥ នៃ​ពលរដ្ឋ​សរុប​របស់​ពិភពលោក​មួយ​នេះ កំពុង​រង​ការ​រាតត្បាត​ពី​វីរុស Covid-19 ដោយ​ករណី​ឆ្លង​បាន​កើន​ឡើង ៥១៩ករណី ក្នុង​នោះ ១០នាក់​បាន​ស្លាប់។

កាលពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​នេះ​ដែរ កម្លាំង​ប៉ូលិស បាន​ចុះ​ធ្វើ​ការបិទ​បណ្តា​តំបន់​សំខាន់ៗ​ទូទាំង​ប្រទេស ស្រប​ពេល​មន្ត្រី​សុខាភិបាល​ឥណ្ឌា ព្រមាន​ថា វីរុស​កូរ៉ូណា​ថ្មី កំពុង​រាតត្បាត​ក្នុង​ទីក្រុង​ធំៗ​ជាច្រើន​របស់​ប្រទេស ដោយ​នឹង​បន្ត​ទៅ​កាន់​ទី​ប្រជុំ​ជន​តូចៗ​ទូទាំង​ប្រទេស​តែ​ម្តង។

ជាមួយ​គ្នា​នេះ អ្នក​ស្រាវជ្រាវ​ផ្នែក​សុខាភិបាល ក៏​បាន​ព្រមាន​ដូច​គ្នា ដោយ​ជឿថា បើ​មិន​មាន​ការ​ទប់​ស្កាត់ទាន់​ពេល ត្រឹម​ពាក់​កណ្ដាល​ខែ​ឧសភា​ប៉ុណ្ណោះ មនុស្ស​ជាង ១លាន​នាក់ នឹងត្រូវ​ឆ្លង​វីរុស Covid-19។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ក្រសួង​សុខាភិបាល​ឥណ្ឌា ចំណាត់​ការ​ថ្មី​នេះ គឺ​ធ្វើ​ឡើង​ដោយ​សារ​ខ្លាច​ស្ថានភាព​កាន់​តែ​អាក្រក់​ជាង​នេះ ពិសេស​ក្រោយ​ទីក្រុង​ធំ​បំផុត​របស់​ឥណ្ឌា Mumbai ត្រូវ​គេ​រកឃើញ​មាន​ករណី​ឆ្លង​វីរុស​នេះ។

ក្នុង​យុទ្ធនាការ​ទប់​ស្កាត់​វីរុស Covid-19 នេះ​ដែរ ឥណ្ឌា​បាន​ផ្អាក​ជើង​ហោះហើរ​អន្តរជាតិ​ទាំង​អស់ ខណៈ​ជើង​ហោះ​ហើរ​ក្នុង​ស្រុក ក៏​បិទ​នៅ​ត្រឹម​ពាក់​កណ្ដាល​យប់​ដូច​គ្នា៕

ចុចអាន៖ករណី​ស្លាប់​នៅ​អ៊ីតាលី​ហក់​ឡើង​ខ្ពស់​ជា​ថ្មី ២៤ម៉ោង​ចុង​ក្រោយ​ស្លាប់​ជាង ៧៤០នាក់ តែ​គ្រូ​ពេទ្យ​នៅ​មាន​សង្ឃឹម​ព្រោះ អ្នក​ឆ្លង​ថ្មី​ធ្លាក់​ចុះ​

ប្រែសម្រួល៖ សុភា
ប្រភព៖ Aljazeera