ឥណ្ឌា កាត់ផ្ដាច់​អ៊ីនធឺណិត​នៅពេល​មនុស្ស​ពីរ​នាក់ ​ត្រូវ​បាញ់សម្លាប់​អំឡុង​ការ​តវ៉ា

អាជ្ញាធរ​ បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ថា បណ្ដាញ​អ៊ីនធឺណិត ​ត្រូវបាន​កាត់ផ្ដាច់​នៅក្នុង​ទីក្រុង Guwahati ភាគ​ឦសាន​ប្រទេស​ឥណ្ឌា​ បន្ទាប់ពី​ការតវ៉ា​ដោយ​ហិង្សា​ជុំវិញ​ច្បាប់ ​ស្តីពី​សញ្ជាតិ​ថ្មី​មួយ​បាន​បណ្ដាល​ឲ្យ​បាតុករ​ពីរ​នាក់​ ត្រូវបាន​បាញ់សម្លាប់​ដោយ​ប៉ូលិស។​

បាតុកម្ម ​បាន​ផ្ទុះ​ឡើង បន្ទាប់ពី​ការ​អនុម័ត​ច្បាប់​មួយ​ដែល​ត្រូវបាន​មនុស្ស​ជាច្រើន​នៅ​ភាគ​ឦសាន​ជឿ​ថា​ នឹង​ផ្តល់​សញ្ជាតិ​ដល់​ជន​ចំណាកស្រុក​មួយចំនួនធំ​ដែល​មកពី​ប្រទេស​បង់ក្លាដេស ​នៅ​ជិត​ខាង​។​

កាលពី​ថ្ងៃ​ព្រហស្បតិ៍ ប៉ូលិស​ បាន​បាញ់​គ្រាប់​ពិត​ និង​គ្រាប់​ឥត​ក្បាល​ នៅពេល​បាតុករ​រាប់ពាន់នាក់​ក្នុង​ទីក្រុង Guwahati និង​កន្លែង​ផ្សេងទៀត​ បានចេញ​មក​តវ៉ា​តាម​ដង​ផ្លូវ ​ដោយ​អ្នកខ្លះ​បាន​បំផ្លិច​បំផ្លាញ​ទ្រព្យសម្បត្តិ​ និង​ដុត​យានយន្ត​។​

ទោះបីជា​យ៉ាងណាក៏ដោយ នៅ​ព្រឹក​ថ្ងៃ​សុក្រ ផ្លូវ​នានា ​នៃ​ទីក្រុង​របស់​រដ្ឋ Assam មួយ​នេះ ​មាន​សភាព​ស្ងប់ស្ងាត់ ​ប៉ុន្តែ​អាជ្ញាធរ​កំពុងតែ​ត្រៀមខ្លួន​សម្រាប់​ការ​តវ៉ា​ថ្មី​ដែល​អាច​កើតមាន​នៅពេល​យប់​។​

មន្ត្រី​រដ្ឋាភិបាល​ក្នុង​តំបន់​ម្នា​ក់បាន​និយាយថា បណ្ដាញ​អ៊ីនធឺណិត​នៅក្នុង​ទីក្រុង​នេះ​ ត្រូវបាន​កាត់​ផ្តាច់ ​ហើយ​អ្នកយកព័ត៌មាន AFP ម្នាក់​បាន​បញ្ជាក់ថា​ ការតភ្ជាប់​ហាក់ដូចជា ​ត្រូវបាន​ផ្អាក​។​

វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ Guwahati លោក Ramen Talukdar បាន​និយាយថា បាតុករ​ចំនួន​ពីរ​នាក់​ដែល​ត្រូវបាន​សម្លាប់​ គឺ​ស្ថិតក្នុង​ចំណោម​មនុស្ស​ប្រហែល​២០​នាក់​ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដោយ​ពួកគេ​មួយចំនួន​ត្រូវរបួស​ដោយ​គ្រាប់កាំភ្លើង​។​

កងទ័ព​ជាច្រើន​ពាន់​នាក់ ​ត្រូវបាន​បញ្ជូនទៅ​ទីនោះ​ដើម្បី​ជួយ​ប៉ូលិស​។ ពួកគេ​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក ​និង​បាន​បណ្ដេញ​ក្រុមបាតុករ​ដោយ​ប្រើ​ដំបង​ស្រប​ពេលដែល​សេវា​អ៊ីនធឺណិត តាម​ទូរស័ព្ទ​ចល័ត ​ត្រូវបាន​កាត់ផ្តាច់ ​ហើយ​បម្រាម​គោចរ ​ត្រូវ​បាន​ប្រកាស​។​

ក្រសួងការបរទេស​ក្នុង​ទីក្រុង​ដា​កា​បាន​និយាយថា សន្តិសុខ​ ត្រូវបាន​រឹតបន្តឹង​នៅ​ឯ​ស្ថាន​កុងស៊ុល​បង់ក្លាដេស​ក្នុង​ទីក្រុង Guwahati បន្ទាប់ពី​រថយន្ត​មួយគ្រឿង​នៅ​ក្នុង​ក្បួន​កុងស៊ុល​ត្រូវ​បាន​វាយប្រហារ​កាលពី​ថ្ងៃ​ពុធ ​ដោយ​ពួក​បង្ក​ចលាចល​៕


​អត្ថបទ ៖ វណ្ណ​វណ្ណ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114