ឥណ្ឌារាយការណ៍អ្នកឆ្លងថ្មីជាង ៦០០០នាក់ថ្ងៃនេះ ដែល​ជាកំណត់ត្រាខ្ពស់បំផុត ថែមស្លាប់ថ្មី ១៤៨នាក់ទៀត

មនុស្សច្រើនជាង ៦០០០ នាក់នៅក្នុងប្រទេសឥណ្ឌាបានធ្វើតេស្តវិជ្ជមានវីរុស Covid-19 ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក។ នេះបើតាមក្រសួងសុខាភិបាលប្រទេសនេះបានប្រកាសនៅថ្ងៃសុក្រនេះ។

អ្នកជំងឺថ្មីចំនួន ៦០៨៨ នាក់ ដែលជាកំណើនបាននាំឲ្យករណីឆ្លងទូទាំងប្រទេសឡើងដល់ ១១៨ ៤៤៧ ករណី។ រីឯចំនួនអ្នកស្លាប់សរុបមាន ៣៥៨៣ នាក់ ក្រោយមានអ្នកស្លាប់ថ្មី ១៤៨នាក់ទៀត។

ក្រសួងដដែលនេះបានឱ្យដឹងថាអ្នកជំងឺជាង ៤៨៥០០ នាក់ក្នុងចំណោមករណីសរុប បានជាសះស្បើយហើយ។

យោងតាមក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្ត្រឥណ្ឌា មានមនុស្សជាង ២,៧ លានត្រូវបានធ្វើតេស្តនៅទូទាំងប្រទេស។

ថ្ងៃសុក្រនេះគឺជាថ្ងៃទី ៥៩ ហើយដែលប្រទេសឥណ្ឌាបានអនុវត្តវិធានការចាក់សោររឹតបន្តឹងទូទាំងប្រទេស ហើយ​នឹង​បន្ត​រហូត​ដល់​ថ្ងៃទី៣១ ខែ​ឧសភា ដោយ​ចាប់ផ្ដើម​មាន​ការ​បន្ធូរបន្ថយ​បន្តិច​ម្ដង​ៗ។ ពហុកីឡាដ្ឋាននានានាពេលបច្ចុប្បន្នអាចបើកដំណើរការបានដោយមិនឲ្យមានអ្នកចូលទស្សនា ហើយការធ្វើដំណើរឆ្លងរដ្ឋមួយទៅរដ្ឋមួយនឹងអាចធ្វើទៅបានបើមានលិខិតអនុញ្ញាត។ ដោយឡែក ការដឹកជញ្ជូនសាធារណៈរួមជាមួយផ្សារទំនើប រោងកុន សាលារៀន កន្លែងហាត់ប្រាណ និងកន្លែងទេសចរណ៍នឹងនៅតែបិទទ្វារជាបន្ត ៕

ចុចអាន៖ប្រេស៊ីលរាយការណ៍អ្នកស្លាប់ថ្មី ១១៨៨នាក់ទៀតថ្ងៃនេះ ខណៈករណីសរុបជិតវ៉ាដាច់រុស្ស៊ី

ចុចអាន៖ វៀតណាមត្រៀមធ្វើតេស្តវ៉ាក់សាំង COVID-19 ដំណាក់កាលទី២ 

ប្រែសម្រួល៖ វ៉ាន់ថន
ប្រភព៖ CNN