ឥណ្ឌាខ្វះទឹកធ្ងន់ កុំថាលាងដៃ តែទឹកហូបក៏មិនគ្រប់ផងខណៈសីតុណ្ហភាពក្តៅខ្លាំងហើយត្រូវស្នាក់នៅផ្ទះ
BREAKING NEWS
Search

ឥណ្ឌាខ្វះទឹកធ្ងន់ កុំថាលាងដៃ តែទឹកហូបក៏មិនគ្រប់ផងខណៈសីតុណ្ហភាពក្តៅខ្លាំងហើយត្រូវស្នាក់នៅផ្ទះ

ប្រហែលមួយភាគបីនៃប្រជាជនឥណ្ឌា ១,៣ ពាន់លាននាក់បានកាត់បន្ថយការបោកគក់និងងូតទឹកក្នុងរដូវក្តៅនេះខណៈប្រទេសទំាងមូលកំពុងប្រឈមនឹងការខ្វះទឹកធ្ងន់ធ្ងរ។
តារាបូលីវូដដ៏មានឥទ្ធិពលនានា​បានចេញមុខ​ជាមួយបណ្តាអ្នកដឹកនាំនយោបាយទទូចដល់ប្រជាជនឥណ្ឌាឱ្យលាងដៃរក្សាអនាម័យដើម្បីការពារប្រឆាំងនឹងជំងឺឆ្លងប៉ុន្តែនោះជាក្តីសុបិន ព្រោះបំពង់ទឹកជាច្រើន សម្រាប់ប្រជាជនដែលរស់នៅតំបន់ក្រីក្រ និង​អនាធិបតេយ្យដូចជាបាឡាមឌី ។ល។កំពុងស្ងួតរីង។

ស្ត្រីមេម៉ាយអាយុ ៤៤ ឆ្នាំនិងគ្រួសាររបស់នាង មានគ្នាសរុប៨ នាក់ស្ថិតក្នុងចំណោមមនុស្សរាប់សិបលាននាក់ដែលកំពុងប្រឈមនឹងអាកាសធាតុក្តៅគគុករាប់ខែ ខណៈពេលកំពុងជាប់នៅផ្ទះដោយការបិទទ្វារទីក្រុង និងដោយគ្មានទឹកស្អាតប្រើប្រាស់ទៀងទាត់ដើម្បីងូត​និងសូម្បីតែនឹងលាងសម្អាត។

កុមារៗក្តៅខ្លាំងណាស់ពួកគេ​តែងសុំទឹកផឹកពេលយើងខំសន្សំសំចៃ។ តើខ្ញុំអាចផ្តល់ទឹកឱ្យពួកគេលាងដៃយ៉ាងដូចម្តេចនៅពេលដែលយើងមិនទំាង​មានទឹកគ្រប់គ្រាន់សម្រាប់ទុកផឹកមួយថ្ងៃៗផង? នាងទេវីបាននិយាយប្រាប់រ៉យទ័រនៅឯកូនផ្ទះដ៏ចង្អៀតនៅក្រុងញូវដែលី។

«រាល់តំណក់ទឹកគឺជារបស់ប្រណីតសម្រាប់យើង។ យើងមិនអាចចំណាយប្រាក់សម្រាប់ងូតទឹកបានទេ»។

អាកាសធាតុនៅខាងក្រៅដែលមានសីតុណ្ហភាពប្រហែល ៤៥ អង្សាសេ (១១៣ អង្សាហ្វារិនហៃ) ប៉ុន្តែផ្ទះជួលបន្ទប់គេងតែមួយរបស់នាងមានបណ្តាញទឹកបំពង់ដែលមានដំណើរការខុសប្រក្រតីហើយពេលគ្រប់គ្នា​ប្រើម៉ាស៊ីនបូមដែលភ្ជាប់ទៅនឹងទឹកក្រោមដីភាគច្រើនធ្វើឱ្យចេញតែខ្យល់មក។ គ្រួសាររបស់នាងប្រើបង្គន់សាធារណៈទូទៅជាមួយគេឯង ហើយបន្ទប់ទឹករបស់ពួកគេគឺជាធុងមួយ នៅខាងក្រោយវាំងននតែប៉ុណ្ណោះ។

នាងបានបន្ថែមទៀតថា“ កូន ៗ របស់យើងកំពុងតែធ្លាក់ខ្លួនឈឺហើយ” ។

ឥណ្ឌាបានហៅទឹកថា«មាសរាវ»។

សូម្បីតែមុនពេលការរីករាលដាលនៃជំងឺឆ្លងវីរុសក៏ដោយទឹកបានផ្គត់ផ្គង់ខ្វះខាតសម្រាប់ប្រជាជន ១០០ លាននាក់ដែលរស់នៅក្នុងតំបន់អនាធិបតេយ្យក្នុងទីក្រុងចាស់របស់ប្រទេសឥណ្ឌា។

រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ណារេនត្រាម៉ូឌីបានចុះបញ្ជីហេដ្ឋារចនាសម្ព័ន្ធទឹកជាអាទិភាពចំបងដោយសន្យាថា នឹងឈានដល់ ១៤៥ លានគ្រួសារនៅជនបទនៅឆ្នាំ ២០២៤ ។

ប៉ុន្តែបច្ចុប្បន្ននេះ ប្រហែលមួយភាគបីនៃប្រជាជនចំនួន ១,៣ ពាន់លាននាក់របស់ប្រទេសនេះបានកាត់បន្ថយការលាង និងងូតទឹកអំឡុងពេលរដូវក្តៅខណៈគ្មានទឹក។

រលកកំដៅកំពុងកើនឡើងដល់ ៥០ អង្សាសេនៅរដ្ឋ Rajasthan ភាគខាងលិច។ ផ្នែកខ្លះនៃទីក្រុងដេលីបានកត់ត្រាសីតុណ្ហភាពក្តៅបំផុតនៅខែឧសភានេះ មិនធ្លាប់មាន​ទេក្នុងរយៈពេលជិត ២០ ឆ្នាំ។

យោងតាមតួលេខរបស់រដ្ឋាភិបាលបានបង្ហាញថា ភាពតានតឹងដោយកម្តៅបានសម្លាប់មនុស្សប្រមាណ ៣៥០០ នាក់នៅទូទាំងប្រទេស ចាប់តាំងពីឆ្នាំ ២០១៥ មកខណៈដែលកសិករបានសម្លាប់ខ្លួន ដោយសារគ្រោះរាំងស្ងួតកំពុងបំផ្លាញដំណាំរបស់ពួកគេ។

មានតែគ្រួសារឥណ្ឌាប្រមាណ ៧ ភាគរយប៉ុណ្ណោះដែលមានម៉ាស៊ីនត្រជាក់ទោះបីមានការកើនឡើងប្រាក់ចំណូលក៏ដោយលះ។

លោក Tarun Gopalakrishnan មកពីមជ្ឈមណ្ឌលអ្នកវិទ្យាសាស្រ្តនិងបរិស្ថានបាននិយាយថាប្រទេសឥណ្ឌាត្រូវតែត្រៀមសម្រាប់រយៈពេលក្តៅខ្លាំងក្នុងពេលអនាគត។

នៅទីក្រុងដេលី ដែលជាទីក្រុងធំទូលាយដែលមានប្រជាជន ២០ លាននាក់កំពុង​ទាមទារការផ្គត់ផ្គង់ទឹកលើសចំនួនប្រមាណ ២០០ លានហ្គាឡុន (៧៦០ លានលីត្រ) ក្នុងមួយថ្ងៃ។

ការរង់ចាំរថយន្តដឹកទឹកក្នុងរាជធានីរៀងរាល់ថ្ងៃនេះ​ហាក់កាន់តែយ៉ាប់យ៉ឺនឡើងចាប់តាំងពីជំងឺរាតត្បាតបានវាយប្រហារទីក្រុង។

មនុស្សម្នាត្រូវតម្រង់ជួររាប់សឹបម៉ោងដោយដាក់ធុងប្លាស្ទិចនិងដបហើយត្រូវ​ឈរឱ្យឆ្ងាយពីគ្នាបើឡានដឹកទំនិញរបស់រដ្ឋាភិបាលមកដល់។

លោក Lakhpat ជាអ្នកស្រុកនៅតំបន់តាំងទីលំនៅអនាធិបតេយ្យ Sanjay Niwas ថ្មីៗនេះបាននិយាយាថា លោកបាន​រង់ចាំដោយឥតប្រយោជន៍អស់រយៈពេលជាងពីរម៉ោងជាមួយមនុស្សរាប់សិបនាក់ទៀតសម្រាប់ធុងទឹកដែលចាក់មិនបានគ្រប់គ្នា​។

លោកបានមានប្រសាសន៍ថា“ ដោយសារតែបញ្ហាទឹកយើងមិនអាចអនុវត្តតាមគោលការណ៍នៃការឃ្លាតឆ្ងាយពីសង្គមបានទេ។ ប្រជាជននៅជិតគ្នាយ៉ាងប្រញាប់ប្រញាល់ដើម្បីយកធុងរបស់ពួកគេបំពេញមុន” ។

ហាណា