វេជ្ជបណ្ឌិត​ឥណ្ឌា​ច្រើន​នាក់​ត្រូវ​គេ​បណ្ដេញ​ចេញ​ពី​ភូមិ ដោយសារ​ការ​ភ័យខ្លាច​នៃ​ការ​ឆ្លង​មេរោគ​កូវីដ១៩

វេជ្ជបណ្ឌិតមួយចំនួន​ដែល​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផ្ទុះ​ឡើង​នៃ​មេរោគ​ឆ្លង​នៃ​ប្រទេសឥណ្ឌា​ ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ពី​ទីកន្លែងដែល​ពួកគេ​រស់នៅ​ដោយ​បង្ខំ។ នេះ​បើ​តាម​សមាគម​វេជ្ជសាស្ត្រ​ប្រទេស​ បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ ដោយសារ​តែ​ការ​ភ័យ​ខ្លាច​ថា​ពួកគេ ​អាច​ឆ្លង​និង​រាលដាល​ជំងឺ​នេះ​ទៅ​អ្នក​ជិតខាង។

សូម​បញ្ជាក់​ថា ​ប្រទេស​នេះ​បាន​​ចេញប្រកាស​បិទប្រទេស​​រយៈ​ពេល ២១ ថ្ងៃ​មក​ហើយ  ក្រោយ​ក្រុម​អ្នក​ជំនាញ​បាន​និយាយ​ថា ​ខ្លួន​ប្រឈម​នឹង​រលក​នៃ​ការ​ឆ្លង​ប្រសិន​បើ​ការ​ចាត់​វិធានការ​មិន​បាន​ម៉ឺងម៉ាត់​ដើម្បី​ការពារ​មេរោគ​នេះ។ ចំណែកឯហេដ្ឋារចនាសម្ព័ន្ធ​ថែទាំ​សុខភាព​សាធារណៈ​របស់​ឥណ្ឌា​គឺ​ក្រីក្រ​ នឹងទទួល​រង​ការ​ខ្វះខាត​បុគ្គលិក​ពេទ្យ​ ដែល​ជា​ទូទៅត្រូវ​ជួប​អ្នក​ជំងឺ​ជា​ច្រើន​ក្នុង​រយៈ​ពេល​ខ្លីៗ ​តែ​ប៉ុណ្ណោះ។ វេជ្ជបណ្ឌិត​ខ្លះ​ដែល​ស្នាក់នៅ​បណ្ដោះ​អាសន្ន​ឬ​ក៏​ផ្ទះ​ជួល ​ត្រូវ​បាន​ម្ចាស់​ផ្ទះ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​ ដោយសារ​ការ​ភ័យខ្លាច​នៃ​ការ​ឆ្លង​មេរោគ។ នេះ​បើ​តាម​សម្ដី​របស់​គមនាគមន៍​គ្រូពេទ្យ​ប្រចាំ​នៅ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​ឥណ្ឌា (AIIMS) នៅ​ទី​ក្រុង New Delhi បាន​បញ្ជាក់។

ដោយឡែក​ សមាគម​ដែល​តំណាង​ឱ្យ​វេជ្ជបណ្ឌិត ២៥០០ នាក់​បាន​សរសេរ​នៅ​ក្នុង​លិខិត​ហើយ​ផ្ញើ​ទៅ​កាន់​រដ្ឋ​មន្ត្រី​ក្រសួង​សហព័ន្ធ​នៅ​ថ្ងៃ​អង្គារ​ ដោយ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ធ្វើ​អន្តរាគមន៍​ជា​បន្ទាន់។ ” ឥឡូវ​ពួកគេ​កំពុង​ជាប់​នៅ​តាម​ដង​ផ្លូវ​ដែល​មាន​អីវ៉ាន់ ​ហើយ​គ្មាន​កន្លែង​ដែល​ត្រូវ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ប្រទេស​ឡើយ “។

​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ឥណ្ឌា Harsh Vardhan ដែល​ខ្លួន​គាត់​ផ្ទាល់​ជា​វេជ្ជបណ្ឌិត​បាន​និយាយ​នៅ​លើ​បណ្ដាញ​សង្គម Twitter ថា​ គាត់​ពិតជា​មាន​ការ​តក់ស្លុត​យ៉ាង​ខ្លាំង ចំពោះ​របាយការណ៍​របស់​វេជ្ជបណ្ឌិត​ដែល​ត្រូវ​បាន​គេ​លើក​យក​មក​វែកញែក​នៅ​ក្នុង​អគារ​ស្នាក់នៅរបស់ពួកគេ ។ លោក​បាន​បន្ថែម​ថា​ ការ​ប្រុង​ប្រយ័ត្ន​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ធានា​ថា ​បុគ្គលិក​ថែទាំ​សុខភាព​មិនមែន​ជា​អ្នក​ផ្ទុក​មេរោគ​នៃ​ការ​ឆ្លង​ឡើយ។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​បាន​និយាយ​ថា ​រដ្ឋបាល​រដ្ឋ Delhi បាន​ចេញ​បទ​បញ្ជា​ដោយ​និយាយ​ថា​ នឹង​មាន​វិធាន​ការ​ពិន័យ​ប្រឆាំង​នឹង​អ្នក​ដែល​​បណ្ដេញ​គ្រូពេទ្យ​ចេញ។

គួរ​រំលឹក​ដែរ​ថា​ ឥណ្ឌា​ដែល​ជា​ប្រទេស​មួយ​មាន​ប្រជាជន​ចំនួន ១,៣ ពាន់​លាន​នាក់​ បាន​បញ្ជាក់​ករណី​ថា​មាន Covid-19 ចំនួន ៥៦២​ ករណី​និង​មាន​អ្នក​ស្លាប់​ចំនួន ១០ នាក់។ រដ្ឋាភិបាល​បាន​និយាយ​កាល​ពី​ខែ​កុម្ភៈ​ថា​ មាន​វេជ្ជបណ្ឌិត​តែ​ម្នាក់​គត់​សម្រាប់​មើលមនុស្ស ១៤០៤ នាក់​ ដែល​ស្ថិតនៅ​ក្រោម​បទដ្ឋាន​របស់​អង្គការ​សុខភាព​ពិភពលោក​ ដែលថា​ មាន​ម្នាក់​ក្នុង​ចំណោម ១ពាន់នាក់។

ប្រធាន​សមាគម AIIMS គឺ​លោក Adarsh Pratap Singh បាន​និយាយ​ថា ​គ្រូពេទ្យ ៣ នាក់​នៅ​ទីក្រុង New Delhiនិង​ប្រមាណ ១៥ នាក់​នៅ​ភាគ​ខាង​ត្បូង​នៃ​ទី​ក្រុង Hyderabad បាន​ប្រឈម​នឹង​បញ្ហា​កន្លែង​ស្នាក់នៅ​របស់​ពួកគេ​រួច​ហើយ។ លោក​មិន​បាន​ប៉ាន់ស្មាន​ថា​ តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​បាន​រង​ផល​ប៉ះពាល់​ជា​រួម​នោះ​ទេ។  លោក​បាន​ប្រាប់​រ៉យទ័រ ​ថា “មនុស្ស​មិន​ទទួល​យក​ពួកគេ​ទេ ទឹកចិត្ត​របស់​គ្រូពេទ្យ​គឺ​ធ្លាក់​ចុះ​ដោយសារ​តែ​បញ្ហា​នេះ​ ការ​មាក់ងាយ​កំពុង​ត្រូវ​បាន​បង្កើត​ឡើង​ដោយសារ​តែ​កង្វះ​ការ​យល់​ដឹង​អំពី​ជំងឺ​កូវីដ១៩ “។

បុគ្គលិក​ក្រុមហ៊ុន​អាកាសចរណ៍​ ក៏​បាន​ជួប​ប្រទះ​បញ្ហា​ស្រដៀង​គ្នា​នេះ​ដែរ ​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​រដ្ឋ​ឥណ្ឌា​និង​ក្រុមហ៊ុន​អាកាសចរណ៍​ឯកជន IndiGo និយាយ​ថា​មាន​ករណី​នេះ​បាន​កើត​ឡើង​លើ​បុគ្គលិក​របស់​ពួកគេ​ ដោយ​បានបណ្ដេញ​ចេញ​ពី​សហគមន៍៕

 

ប្រែសម្រួល ៖ សាង ស្រីល័ក្ខ