ស្ទឹងត្រែង ៖ នៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋជនជាតិភាគតិច អភិបាលរងខេត្តស្ទឹងត្រែង ក្រើនរំលឹកឲ្យបងប្អូនជនជាតិដើមភាគតិចចំនួន(៥អំបូរ) នៅស្រុកសៀមប៉ាង បន្តរួមគ្នាអភិរក្សប្រពៃណីរបស់ខ្លួន ហើយបង្កើនការអភិវឌ្ឍមូលដ្ឋាន និងបន្ថែមការអប់រំកូនចៅឲ្យនៅឆ្ងាយពីគ្រឿងញៀន ដើម្បីមូលដ្ឋានរស់នៅមានសុវត្ថិភាព។
លោក ដួង ពៅ អភិបាលរងខេត្តមានប្រសាសន៍ថា កត្តាទាំងបីនេះ បងប្អូនជនជាតិដើមភាគតិច ត្រូវប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួនរក្សានៅកេរ្តិ៍ល្អបន្តទៀត ព្រោះបច្ចុប្បន្ន បងប្អូនទទួលបានការលើកស្ទួយសិទ្ធិជនជាតិដើមភាគតិចរស់នៅក្នុងសង្គម ពីអាជ្ញាធរមូលដ្ឋាន និងរាជរដ្ឋាភិបាលស្របច្បាប់។
លោកបន្ថែមថា ដើម្បីចូលរួមលើកគុណតម្លៃនេះ មិនថាតែប្រជាពលរដ្ឋខ្មែរទេ បងប្អូនជនជាតិយើងក៏ត្រូវដើរតួនាទីសំខាន់ដែរ ក្នុងការជួយសង្គមជាតិ ដូចនេះត្រូវបង្កើនការអប់រំកូនចៅឲ្យគោរពច្បាប់សង្គម និងចាកឆ្ងាយពីគ្រឿងញៀន គ្រួសារ បងប្អូន ប្រជាពលរដ្ឋយើង ត្រូវខិតខំអប់រំកូនក្មួយទាំងអស់កុំឲ្យប្រើប្រាស់គ្រឿងញៀន ត្រូវចៀសឆ្ងាយពីគ្រឿងញៀន ការបើកបរត្រូវប្រុងប្រយ័ត្ន កុំប្រើប្រាស់គ្រឿងស្រវឹង នៅឲ្យឆ្ងាយពីការញុះញង់បង្កឲ្យមានអស្ថិរភាពនយោបាយ បានន័យថា យើង ធ្វើយ៉ាងណាអប់រំកូនចៅឲ្យយល់ពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរបស់យើង ដែលធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាពមកដល់ថ្ងៃនេះ។
លោកស៊ូ ឆេង ជនជាតិគួយមកចូលរួមក្នុងពិធីនេះបានទទួលយកការដាស់តឿននេះ ព្រោះពួកគាត់ក៏យល់ថា ការប្រើប្រាស់គ្រឿងញៀនវាបានបំផ្លាញខ្លួនឯង និងនាំមកនូវភាពមហន្តរាយដល់សង្គម។
លោក ហ៊ាន ប៊ុនហៀង នាយកប្រតិបត្តិអង្គការជនជាតិដើមភាគតិចកម្ពុជា បានគាំទ្រចំពោះការយល់ដឹងនេះ ព្រោះកន្លងមក ក្រុមការងារអង្គការជនជាតិដើមភាគតិច បានចូលរួមធ្វើសកម្មភាពទាំងការអប់រំ ទាំងការដាស់ស្មារតីឲ្យបងប្អូនជនជាតិរួមគ្នាអភិរក្សនូវវប្បធម៌ ប្រពៃណី -ឧបករណ៍ប្រើប្រាស់ -សម្លៀកបំពាក់-ភាសា-កុំឲ្យបាត់បង់ ដើម្បីទុកបង្ហាញឲ្យកូនចៅជំនាន់ក្រោយបានស្គាល់និងមានប្រយោជន៍បម្រើឲ្យវិស័យទេសចរណ៍ផង។
សូមបញ្ជាក់ថា នៅស្រុកសៀមប៉ាង មានអំបូរជនជាតិដើមភាគតិចរស់នៅចំនួន៥អំបូរ ក្នុងនោះមានជនជាតិ -កាវែត-លន់-គ្រឹង-កាចក់ និងចារាយ- សរុបមានចំនួន៩០១គ្រួសារ ស្មើនឹងចំនួនមនុស្ស ៤.៥៨៣នាក់៕
អត្ថបទ ៖ ងិន លីម