ឥណ្ឌូនេស៊ីបន្តដាក់ប្រទេសក្នុងភាពអាសន្នទៀតពេលសមាជិកសភាក៏ស្លាប់ដោយកូវីដ១៩

រដ្ឋាភិបាលទីក្រុងហ្សាការតា នៃប្រទេសឥណ្ឌូនេស៊ី បានប្រកាស​ពន្យារស្ថានភាពអាសន្ននៃកូវីដ១៩ បន្ថែម​ទៀត រហូតដល់ថ្ងៃទី ១៩ ខែមេសា ក្នុងកិច្ចប្រឹងប្រែងដើម្បីទប់ទល់នឹងការរាតត្បាត ។

យោងតាម Thejakartapost ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើង ដើម្បីឱ្យរដ្ឋមានភាពត្រៀមប្រយ័ត្ន រហូតដល់ថ្ងៃទី ១៩ខែមេសា ដែលកាលពីមុនគ្រោង​ថា នឹង​ធ្វើត្រឹមថ្ងៃទី០៥មេសាប៉ុណ្ណោះ​។

ការបង្រៀននៅឯគេហដ្ឋាននិងការបិទសាលារៀនក៏នឹងត្រូវពន្យារដល់ថ្ងៃទី ១៩ ខែមេសាដែរ។

វេជ្ជបណ្ឌិតឥណ្ឌូនេស៊ីកំពូលៗ បាន​អំពាវនាវឱ្យអនុវត្តិ​ការរស់នៅឃ្លាតឆ្ងាយពីគ្នា ហើយថាប៉ុណ្ណឹងនៅ​តែ​មិនគ្រប់គ្រាន់ទេដោយ​ ជំរុញ ឲ្យ ពលរដ្ឋកុំចាកចេញពីផ្ទះ លើកលែងតែមាន​បញ្ហាបន្ទាន់ដូចជា ទិញ​អាហារនិងការទៅជួបគ្រូពេទ្យ ។

រដ្ឋបាលក្រុង​បានចេញវិធានការណ៍​តឹងរឹង ជម្រុញឱ្យប្រជាជននៅហ្សាការតាកុំចាកចេញពីទីក្រុង ឬដើររហេតរហូតទៅស្រុកកំណើតរៀងៗខ្លួនពិបាកក្នុងការគ្រប់គ្រង​។

អភិបាលក្រុងហ្សាការតាអះអាងថាប្រាប់សារព័ត៌មាន​ដដែលថា ទោះបីជាអ្វីៗហាក់មិនប្រសើរ តែគ្រប់គ្នា​គួរមានជំនឿចិត្ត​ថា មន្ទីរពេទ្យនៅហ្សាការតាបានត្រៀមខ្លួនជាស្រេច ដើម្បីដោះស្រាយការផ្ទុះឡើងនេះ ។

អាជ្ញាធរសុខាភិបាលឥណ្ឌូនេស៊ីបានបញ្ជាក់ពីករណីឆ្លងកូវីដ ១៩ ទូទាំងប្រទេសមាន​ចំនួន ១.១៥៥ ករណីហើយ ​គិតត្រឹមថ្ងៃសៅរ៍ម្សិលមិញ ដោយមានអ្នកស្លាប់ចំនួន ១០២ នាក់និងមាន ៤៦ នាក់បានធូរស្បើយត្រឡប់ទៅផ្ទះវិញ។

ទីក្រុងហ្សាការតា ជាតំបន់ដែលរងគ្រោះខ្លាំងជាងគេ ដោយមាន ៦២៧ ករណីឆ្លង ក្នុងនោះ ៦១ នាក់ជាបុគ្គលិកពេទ្យនៅមន្ទីរពេទ្យទំាង​ ២៦ ទូទាំងក្រុងនិង មនុស្ស៦២ នាក់បានស្លាប់។
សមាជិកសភា លោក អ៊ីម៉ាមស៊ូរីសៀ នៃគណបក្សតស៊ូប្រជាធិបតេយ្យឥណ្ឌូណេស៊ី (PDI-P) បានទទួលមរណភាព កាលពីថ្ងៃសុក្រខណៈពេលកំពុងរង់ចាំលទ្ធផលតេស្តិ៍ Covid – ១៩ ។

សមាជិកសភា អ៊ីម៉ាមក្នុងវ័យ៥៦ ឆ្នាំបានស្លាប់នៅមន្ទីរពេទ្យ Kariadi នាក្រុង Semarang ប៉ែកកណ្តាលកោះ​ចាវ៉ា។ គាត់ត្រូវបានគេបញ្ចុះភ្លាមៗ នៅឯស្រុកកំណើតគឺស្រុក​ Pati នាកោះចាវ៉ាកណ្តាល ក្នុងថ្ងៃដដែល​។

លេខារបស់លោកបានឱ្យដឹងថា លោក អ៊ីម៉ាម មានអាការៈ គ្រុនក្តៅតាំងពីថ្ងៃទី ១៨ ខែមីនាមកហើយ ​បានចូលរួមក្នុងសកម្មភាពសង្គមមួយចំនួន រួមទាំងធ្វើកាយសម្ព័ន្ធជាមួយប្រជាជនក្នុងភូមិសាឡាយ៉ាននៅស្រុកប៉ាទីនោះ ថែមទំាង​បានធ្វើសប្បុរសធម៌​ចែករបាំងមុខ (ម៉ាស)និងទឹក​អនាម័យដៃនៅកណ្តាលទីផ្សារក្នុងស្រុកដដែលកាលពីថ្ងៃទី ២០ ខែមីនា។

សមាជិកសភា អ៊ីម៉ាមក្នុងវ័យ ៥៦ ឆ្នាំ

ប្រភពនិយាយថា លោកចាប់ផ្តើមមានបញ្ហាដកដង្ហើមនៅថ្ងៃបន្ទាប់ពីការធ្វើអំណោយនោះ ហើយត្រូវបានបញ្ជូនបន្ទាន់ទៅកាន់មន្ទីរពេទ្យ ឈ្មោះKariadi ស្រុកប៉ាទី ។

លោក អ៊ីម៉ាម បានបម្រើការនៅក្នុងសភាតំណាងរាស្រ្ត ចាប់តាំងពីឆ្នាំ ២០០៩ និងជាសមាជិកនៃគណៈកម្មាការត្រួតពិនិត្យការថែរក្សាសុខភាព និងកម្លាំងពលកម្ម។

សមាជិកសភាទីពីរ គឺលោកអ៊ីមរ៉ាន នៃគណបក្សហ្គីនត្រាត្រា ក៏បានទទួលមរណភាពដែរកាលពីពាក់កណ្តាលអធ្រាត្រថ្ងៃសុក្រទី២៧មិនា។ អ្នកនយោបាយអាយុ ៦៨ ឆ្នាំរូបនេះ បានស្លាប់នៅមន្ទីរពេទ្យ Bahteramas នៅភាគអាគ្នេយ៍ Sulawesi នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Antara ។

មូលហេតុនៃការស្លាប់របស់គាត់គឺមិនច្បាស់ទេ។

Mr Tomorrow