រចនាសម្ព័ន្ធ​ថ្មី​របស់​រដ្ឋបាល​ក្រុង/​ស្រុក ដើម្បី​បម្រើ​សេវា​សាធារណៈ​តាម​បែប​លទ្ធិប្រជាធិបតេយ្យ កាន់​តែ​មាន​ប្រសិទ្ធភាព​

ឧ​ត្ត​រ​មានជ័យ​ ៖ នៅ​រសៀល​ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២០ ក្នុងការ​រៀបចំ​រចនាសម្ព័ន្ធ​ថ្មី​របស់​រដ្ឋបាល​ក្រុង​/ស្រុក ដើម្បី​កែទម្រង់​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល សាធារណៈ​នៅ​ថ្នាក់ក្រោម​ជាតិ​តាម​គោល​នយោបាយ​វិមជ្ឈការ និង​សហវិមជ្ឈការ ដែល​សំដៅ​លើ​ការផ្ទេរសិទ្ធិ អំណាច ផ្ទេរ​មុខងារ​ និង​ធនធាន​នៅ​កៀក​ជាមួយ​ប្រជាពលរដ្ឋ​នឹង​ក្លាយជា​គោលដៅ​ដ៏​មុត​ស្រួច​ក្នុងការ​បម្រើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​។

នៅ​ក្នុង​ឱកាស​នេះដែរ​ លោក​ ប៉ែន កុស​ល្យ អភិបាល ​នៃ​គណៈ​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​មាន​ប្រសាសន៍​ដូច្នេះ​នៅ​ពិធី​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​រចនាសម្ព័ន្ធ​ថ្មី​ នៃ​រដ្ឋបាល​ក្រុង​/ស្រុក នៅ​ក្នុង​នេះ​មាន​សមាសភាព​ចូលរួម លោក​ ស៊ី ប្រា​សិទ្ធិ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្ដម លោកជំទាវ អភិបាល​រង​ខេត្ត កងកម្លាំង​គ្រប់​ប្រភេទ លោក លោកស្រី​ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត។​

លោក​ ប៉ែន កុស​ល្យ​ អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ លើកឡើងថា រចនាសម្ព័ន្ធ​ថ្មី​របស់​រដ្ឋបាល​ក្រុង/​ស្រុក ​នៃ​ការផ្ទេរសិទ្ធិ ផ្ទេរអំណាច មុខងារ និង​ធនធាន លើ​ការ​គ្រប់គ្រង​ប្រើប្រាស់​ធនធាន​ទាំងអស់​លើ​ការគ្រប់គ្រង​ចាត់ចែង​ច្បាស់លាស់ នឹង​ធ្វើ​ឲ្យ​ការ​អភិវឌ្ឍ​មូលដ្ឋាន ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិ​យា​ប័ន្ន​ និង​សមធម៌​សង្គម។

លោក​បន្តថា អភិបាលក្រុង/​ស្រុក ​ត្រូវខិតខំ​សម្របសម្រួល​រៀបចំ​ទីកន្លែង​បំពេញការងារ​របស់​ម​ន្ត្រី​និង​ការិយាល័យ​អង្គភាព​នានា​ចំណុះ​រដ្ឋបាល​ក្រុង​/ស្រុក​តាម​រចនាសម្ព័ន្ធ​ថ្មី​ឲ្យ​បាន​សមស្រប ​និង​មាន​លក្ខណៈ​ប្រមូលផ្ដុំ​នៅ​ជិតៗ​គ្នា​ទៅតាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ងាយស្រួល​ក្នុង​ការងារ​ ការផ្តល់សេវា ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ប្រជាពលរដ្ឋ និង​ដោះស្រាយ​កិច្ចការ​នានា​បាន​ឆាប់​រហ័ស ​និង​ការដឹកនាំ ការគ្រប់គ្រង ការអភិវឌ្ឍ​មូលដ្ឋាន ការបម្រើ​សេវាសាធារណៈ ការថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធ​រណៈ រួមជាមួយ​សិទ្ធិសេរីភាព របស់​ប្រជាពលរដ្ឋ​តាមបែប​លទ្ធិ​ប្រជាធិបតេយ្យ គឺជា​ការរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​ពង្រឹង​សន្តិភាព ស្ថិរភាព​នយោបាយ ធ្វើ​ឲ្យ​សេដ្ឋកិច្ច និង​សង្គម មាន​ភាព​រីកចម្រើន​ឆាប់រហ័ស។

​លោក​បន្ថែម​ថា ប្រទេស​កម្ពុជា ​បាន​ចាប់ផ្ដើម​អនុវត្ត​កំណែទម្រង់​វិមជ្ឈការ និង​សហវិមជ្ឈការ អនុវត្ត​នៅ​ថ្នាក់ ឃុំ សង្កាត់ នៅ​ឆ្នាំ​២០២០ ស៊ីជម្រៅ​លើ​ការអនុវត្ត​តាម​គោលនយោបាយ​លទ្ធិ ប្រជាធិប​តេយ្យ និង​ចាប់ផ្តើម​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ តាម​អាណត្តិ​កំណត់​៥​ឆ្នាំ​ម្តង ចាប់តាំងពី​ឆ្នាំ​២០០៩​មក​។

លោក​មាន​ប្រសា​ស​សង្កត់​ធ្ងន់​ថា ក្នុង​បរិបទ​ប្រទេស​កម្ពុជា អនុវត្ត​គោលនយោបាយ​វិមជ្ឈការ និង​សហ​វិមជ្ឈការ មាន​គោលបំណង សំខាន់​ចំនួន​៣ គឺ ទី​១.ពង្រឹង និង​ពង្រីក​លទ្ធ​ប្រជាធិបតេយ្យ សេរី ពហុបក្ស ឲ្យ​ចាក់គ្រឹះ​ដល់ មូលដ្ឋាន​តាមរយៈ​ការបោះឆ្នោត ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់​, ទី​២. លើកកម្ពស់​គុណភាព និង​ប្រសិទ្ធភាព​ នៃ​ការ​ផ្តល់​សេវា​សាធារណៈ និង​ការ​អភិវឌ្ឍ​មូលដ្ឋាន និង​ទី​៣. លើកកម្ពស់​ការចូលរួម និង​ភាពជា​ម្ចាស់​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ពាក់ព័ន្ធ​ការគ្រប់គ្រង ការដឹកនាំ និង​ការ​អភិវឌ្ឍ​មូលដ្ឋាន​របស់​ខ្លួន​។​

លោក​អភិបាលខេត្ត​ ក៏​សូម​អំពាវនាវ​ឲ្យ​អភិបាលក្រុង/​ស្រុក​ មន្ត្រីរាជការ​ កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់​ឈរ​លើ​មូលដ្ឋាន ​នៃ​ការ​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ​គោរព​ច្បាប់ គោរព​គោល​ការណ៍​នានា​របស់​រដ្ឋ​ និង​ពង្រឹង​របៀបរបប​ធ្វើ​ការងារ ​ដើម្បី​លើកកម្ពស់​ការទទួលខុសត្រូវ​ និង​ភាព​ជា​ម្ចាស់​របស់​មន្ត្រី​នៅ​ការ​បំពេញ​តួនាទី​ភារកិច្ច​របស់ខ្លួន ​សំដៅ​អភិវឌ្ឍន៍​មូលដ្ឋាន ​និង​ឆ្លើយតប​ចំពោះ​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​៕

 

​អត្ថបទ ​៖​ ចាន់ ធី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114