គម្រោង​វិនិយោគ ដែល​មាន​ទឹកប្រាក់​រាប់​លាន​ដុល្លារ​នៅតែ​ដំណើរការ​ ទោះបី​COVID-19 ​កំពុង​រាតត្បាត​ក្តី

ភ្នំពេញ ​៖ ត្រឹមតែ​រយៈពេល​ខ្លី គម្រោង​វិនិយោគ​ចំនួន​៦ ដែលមាន​ទឹកប្រាក់​ប្រមាណ​១៩,៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក និង​ផ្តល់​ការងារ​ចំនួន​៤៥០១​កន្លែង ត្រូវបាន​គណៈកម្មាធិការ​វិនិយោគ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា សម្រេច​ចេញ “​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ​ជា​បន្តបន្ទាប់ ក្នុងនោះ​ក៏មាន​គម្រោង​បង្កើត​រោងចក្រ​ផលិត​ម៉ាស់​គ្រប់​ប្រភេទ​ផងដែរ នេះ​បើ​យោងតាម​សេចក្តីសម្រេច​ចុះ​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២០ របស់ CDC​។​

សេចក្តីសម្រេច​នោះ បាន​ឲ្យ​ដឹងថា ទី​១, តាម​សំណើសុំ​វិនិយោគ​លើ​គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប និង​ម៉ាស់​គ្រប់​ប្រភេទ របស់​ក្រុមហ៊ុន “HK BURLTEX MANUFACTORY CO., LTD.” គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បានសម្រេច​ចេញ “​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ​” ជូន​ដល់​ក្រុមហ៊ុន​ខាងលើ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​សួន​ឧស្សាហកម្ម​វឌ្ឍនៈ​២ អគារ​លេខ​៩ ផ្លូវជាតិ​លេខ​៣ ភូមិ​ព្រៃ​សំព័រ សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ៣,១​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៩១៥​កន្លែង​។​

ទី​២, តាម​សំណើសុំ​វិនិយោគ​លើ​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ និង​ចាក់​សម្លៀកបំពាក់ របស់​ក្រុមហ៊ុន “MIL UNITED MANUFACTURING CO., LTD.” គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ “​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ​” ជូន​ដល់​ក្រុមហ៊ុន​ខាងលើ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ក្រាំង​ទ្រា ឃុំ​ព្រះពុទ្ធ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ ២,៣​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៩១៤​កន្លែង​។​

​ទី​៣, តាម​សំណើសុំ​វិនិយោគ នៃ​គម្រោង​បង្កើត​រោងចក្រ​ខារ​អំបោះ របស់​ក្រុមហ៊ុន “JIN MING LI JIAN ONE CO., LTD.” ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ក្រាំង​ទ្រា ឃុំ​ព្រះ​និ​ព្វា​ន្ត ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ “​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ​” ជូន​ដល់​ក្រុមហ៊ុន​ខាងលើ ដែលមាន​ទុនវិនិយោគ​ប្រមាណ ២,៣​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៨០​កន្លែង​។​

ទី​៤- តាម​សំណើសុំ​វិនិយោគ នៃ​គម្រោង​បង្កើត​រោងចក្រ ចាក់ និង​កាត់ដេរ​សម្លៀកបំពាក់ របស់ ក្រុមហ៊ុន “SUZEN (CAMBODIA) INDUSTRIAL CO., LTD.” ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​វិហារ​ខ្ពស់ សង្កាត់​សួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ “​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ​” ជូន​ដល់​ក្រុមហ៊ុន​ខាងលើ ដែលមាន​ទុនវិនិយោគ​ប្រមាណ​២,៤​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៧២៦​កន្លែង​។​

ទី​៥- តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​“TIMBERPACK CARTON CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​កេស​កា​តុង ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​អណ្តូង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ ៣,៨​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៣៦​កន្លែង​។​

ទី​៦-​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន “FORTRESS INTERNATIONAL CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែកជើង ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រៃ​កី​ខ សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ​៥,៦​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​១.៩២៨​កន្លែង​៕
កោះ​កែវ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114