ក្មេងស្រីអ៊ីរ៉ង់អាយុ ១២ ឆ្នាំទទួលពិន្ទុ IQ ខ្ពស់បំផុត​ ផ្ដួលអ្នកប្រាជ្ញល្បីៗ

សិស្សវិទ្យាល័យអ៊ីរ៉ង់អាយុ ១២ ឆ្នាំម្នាក់នៅចក្រភពអង់គ្លេសទទួលបានលទ្ធផលលើការធ្វើតេស្ត Mensa IQ ខ្ពស់លើសទស្សនវិទូឆ្នើមលោក Albert Einstein និងសាស្រ្តាចារ្យ Stephen Hawking ។

នាង Tara Sharifi ជាសិស្សនៅវិទ្យាល័យ Aylesbury ប្រទេសអង់គ្លេស បានប្រឡង Mensa IQ នៅសាកលវិទ្យាល័យ Oxford ដែលនាងទទួលបានពិន្ទុខ្ពស់បំផុតលើសពី ១៤០ ពិន្ទុ ។ កុមារីអាយុ ១២ ឆ្នាំរូបនេះ ទទួលបានពិន្ទុ ១៦២ លើការធ្វើតេស្តរបស់ Mensa IQ ដែលនាំមុខ ២ ពិន្ទុលើលោក Albert Einstein ជាអ្នកប្រាជ្ញទ្រឹស្តីរូបវិទ្យា និងសាស្រ្តាចារ្យវិទ្យាសាស្ត្រលោក Stephen Hawking ។

Mensa គឺជាអង្គការធំជាងគេ និងចាស់ជាងគេរបស់ពិភពលោក ដែលប្រមូលផ្ដុំក្រុមមនុស្សដែលមានកម្រិត IQ ខ្ពស់ចាប់ពី ៩៨ពិន្ទុឡើងទៅ។

កាលពីខែឧសភា ឆ្នាំ ២០១៩កន្លងទៅ  កុមារី Tara Sharifi បានចូលរួមធ្វើតេស្តកម្រិត IQ ជាមួយ Mensa ដែលជាតេស្ដចាំបាច់ត្រូវឆ្លើយតបសំនួរក្នុងរយៈពេលកំណត់មួយ ដោយវិញ្ញាសាផ្តោតលើសមត្ថភាពរបស់សិស្សក្នុងការយល់អត្ថន័យនៃពាក្យ ហើយនាងជាកុមារីតែម្នាក់ដែលទទួលបានពិន្ទុខ្ពស់ជាងគេ។

Sharifi បាននិយាយថា នាងពិតជារន្ធត់និងភ្ញាក់ផ្អើលបំផុតនៅពេលទទួលបានលទ្ធផលមិនដែលមិនរំពឹងទុកបែបនេះ។

នាងបានប្រាប់អ្នកសារព័ត៌មានថា  ការចូលរួមធ្វើតេស្ដជាការសម្រេចចិត្តរវាងនាងនិងឪពុកម្ដាយ ដើម្បីទទួលបានឱកាសក្លាយជាសមាជិកជាមួយអ្នកដទៃទៀតក្នុងប្រព័ន្ធ Mensa។ នាងនិយាយថា ពេលនាងអាយុចាស់បន្តិចទៀត នាងនឹងបន្តកិច្ចការដែលពាក់ព័ន្ធនឹងគណិតវិទ្យា។

ចំណែកឯឪពុករបស់ Sharifi បានប្រាប់ដែរថា គាត់ពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនចំពោះលតទ្ធផលមួយនេះ ហើយគាត់ក៏មានមោទនភាពបំផុតដែរ។ គាត់បានឲ្យដឹងថា កូនស្រីរបស់គាត់ជាក្មេងឆ្លាត ប៉ុន្តែគាត់ពិតជាមិននឹកស្មានថា នាងមានកម្រិត IQ ខ្ពស់ដល់ម្លឹងទេ។

ឥឡូវនេះបំណងប្រាថ្នារបស់កុមារីជាតិអ៊ីរ៉ង់រូបនេះបានសម្រេចហើយ ព្រោះនាងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីក្លាយជាសមាជិករបស់ Mensa៕

 

ចុចអាន៖ យល់់សិន មុននឹងសែន​ដកជើងធូប​ថ្ងៃសៅរ៍ទី១៨​ ​ខែមករា​នេះ​

​               តារាសម្តែង​ Steven Ma៖ ​ការសិក្សា​មិន​ផ្តោតលើ​អាយុទេ!​

 

ប្រែសម្រួល៖ សន្យា