អនុរដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​អ៊ីរ៉ង់​ ធ្វើ​តេស្តវិជ្ជមាន​វីរុស Covid-19 ខណៈ​ការ​រីក​រាលដាល​កាន់​តែ​អាក្រក់​ទៅ ៗ

អនុរដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​អ៊ីរ៉ង់​ និង​សមាជិក​សភា​ម្នាក់​បាន​ធ្វើ​តេស្តិ៍​វិជ្ជមាន​ចំពោះ​វីរុស​ថ្មី​នេះ​ក្នុង​កំឡុង​ពេល​កំពុង​ព្យាយាម​ទប់ទល់​នឹង​ការ​ផ្ទុះ​ដែល​បាន​សម្លាប់​មនុស្ស ១៥ នាក់ក្នុងប្រទេស។ ប្រទេស​នេះ​គឺ​ជា​តំបន់​មួយ​ក្នុង​ចំណោម​ចំណុច​ក្ដៅ​ទាំង​បី​នៅ​ខាងក្រៅ​ប្រទេស​ចិន​ ដែល​បង្ក​ការ​ព្រួយ​បារម្ភ​ថា​វីរុស​នេះ​អាច​នឹង​ក្លាយ​ជា​ជំងឺ​រាតត្បាត។

អនុរដ្ឋមន្ត្រី​ក្រសួង​លោក Iraj Harirchi កាល​ពី​ថ្ងៃ​ច័ន្ទ​បាន​បដិសេធ​ការ​បិទបាំង​ទំហំ​នៃ​ការ​ផ្ទុះ​ជំងឺ​នេះ​គាត់​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ភាព​មិន​ស្រួល​ខាង​រាងកាយ​ នៅ​ពេល​គាត់​និយាយ​ទៅ​កាន់​អ្នក​យក​ព័ត៌មាន។ ប៉ុន្តែ​អ៊ីរ៉ង់​បាន​រាយការណ៍​ថា​មាន ៩៥ ករណី​ ប៉ុន្តែ​ចំនួន​ជាក់ស្ដែង​ត្រូវ​បាន​គេ​គិត​ថា​ខ្ពស់​ជាង​នេះ។

អគ្គនាយករង​នៃ​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយ​ថា​ការ​កើន​ឡើង​នូវ​ករណី​ភ្លាមៗ​នៅ​ក្នុង​ប្រទេស​នានា​ដែល​នៅ​ក្រៅ​ប្រទេស​ចិន​គឺ “ យក​ចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង” ។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​ទីក្រុង​វ៉ាស៊ីនតោន​មាន​ការ​ព្រួយ​បារម្ភ​ថា​ អ៊ីរ៉ង់​ប្រហែល​ជា​បាន​បិទបាំង “ព័ត៌មាន​លម្អិត​សំខាន់ៗ”  អំពី​ការ​ផ្ទុះ​ឡើង​របស់​ខ្លួន​ ហើយ​បាន​ជំរុញ​ឱ្យ​ប្រជាជាតិ​ទាំងអស់ “ប្រាប់​ការ​ពិត​អំពី​វីរុស​នេះ។

បណ្ដា​ប្រទេស​ផ្សេង​ទៀត​ដែល​កំពុង​មាន​ការ​ចាប់​អារម្មណ៍​គឺ​ប្រទេស​កូរ៉េ​ខាងត្បូង​ និង​អ៊ីតាលី​ ដែល​មាន​ករណី​ជា​ច្រើន​បាន​កើតឡើង​នៅ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ។ មាន​ករណី​វីរុស Covid-19 ចំនួន ៨ម៉ឺន​ករណី​ត្រូវ​បាន​គេ​រាយការណ៍​ទូទាំង​ពិភពលោក​ ចាប់តាំង​ពី​វា​បាន​លេចចេញ​នៅ​ចុង​ឆ្នាំ​មុន។ អ្នក​ជំងឺ​ប្រហែលជា ២៧០០ នាក់​បាន​ស្លាប់​ ដែល​ភាគច្រើន​នៅ​ប្រទេស​ចិន។ ប៉ុន្តែ​ស្ថានភាព​នៅ​អ៊ីរ៉ង់​ ជា​កន្លែង​ដ៏​បរិសុទ្ធ​ដែល​ទាក់ទាញ​មនុស្ស​រាប់​លាន​នាក់​ជា​រៀងរាល់​ឆ្នាំ​ និង​នៅ​ក្នុង​តំបន់​មួយ​ដែល​ប្រទេស​ជា​ច្រើន​មាន​ប្រព័ន្ធ​សុខាភិបាល​ខ្សោយ​ បាន​បង្ក​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​ផ្ទុះ​ដ៏​ធំ​មួយ​ដែល​អាច​កើតមាន​នៅ​មជ្ឈិមបូព៌ា។

លោកស្រី  Nathalie MacDermott អ្នក​ជំនាញ​ផ្នែក​ជំងឺ​ឆ្លង​នៅ​មហាវិទ្យាល័យ​ឃីង​នៅ​ទីក្រុង​ឡុងដ៍​បាន​និយាយដែរ​ថា​ ក្នុង​ចំណោម​បញ្ហា​ក្ដៅ​គគុក​នា​ពេល​បច្ចុប្បន្ន​នៅ​ខាងក្រៅ​ប្រទេស​ចិន​   អ៊ីរ៉ង់​គឺ​មាន​ការ​យក​ចិត្ត​ទុកដាក់​ធំ​បំផុតជាងគេ​ ដោយសារ​តែ​កង្វះ​រូបភាព​ត្រឹមត្រូវ​នៃ​ការ​រីក​រាលដាល​យ៉ាង​ពិតប្រាកដរបស់ប្រទេសនេះ។ លោកស្រី​បាន​និយាយ​ថា​ ករណី​ដែល​ត្រូវ​បាន​រាយការណ៍​ភាគច្រើន​ជា​មនុស្ស​ដែល​មាន​វ័យ​ចំណាស់​និង​ស្លាប់។

តើ​មាន​អ្វី​កើតឡើង ​ជាមួយ​វីរុស​នៅ​ទូទាំង​ពិភពលោក?

សណ្ឋាគារ​មួយ​នៅ Tenerife ក្នុង​កោះ Canary ប្រទេស​អេស្ប៉ាញ​កំពុង​ជាប់​គាំង ​បន្ទាប់​ពី​វេជ្ជបណ្ឌិត​មក​ពី​អ៊ីតាលី​ដែល​មក​លេង​សណ្ឋាគារ​ត្រូវ​បាន​ពិនិត្យ​ឃើញ​ថា​មាន​ផ្ទុក​វីរុស​នេះ។ អ៊ីតាលី​ដែល​ជា​ប្រទេស​ដែល​រងគ្រោះ​ខ្លាំង​ជាងគេ​នៅ​អឺរ៉ុប​ បាន​បញ្ជាក់​ពី​ការ​ស្លាប់​របស់​មនុស្ស​ចាស់​ជរា​ចំនួន ៤ នាក់​បន្ថែម​ទៀត​ដែល​នាំ​ឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប​ទៅ​ដល់ ១១ នាក់។  វីរុស​បាន​រាលដាល​ដល់​តំបន់ Tuscany Sicily និង Liguria ប៉ុន្តែ​នាយក​រដ្ឋមន្ត្រី​អ៊ីតាលី​បាន​និយាយ​ថា​ប្រទេស​របស់​លោក​នៅ​តែ​មាន​សុវត្ថិភាព​សម្រាប់​វិស័យ​ទេសចរណ៍។

ប្រទេស​មួយ​ចំនួន​ដូចជា​អូទ្រីស ​ក្រូអាត ​ស្វីស​ អាល់ហ្សេរី​ បាន​រាយការណ៍​ពី​ករណី​ដំបូង​របស់​ពួកគេ​ដែល​ពាក់ព័ន្ធ​នឹង​មនុស្ស​ទាំងអស់​ដែល​បាន​ទៅ​ប្រទេស​អ៊ីតាលី ​ខណៈ​ដែល​ប្រទេស​ជិត​ខាង​អឺរ៉ុប​របស់​អ៊ីតាលី​បាន​យល់ព្រម​រក្សា​ព្រំដែន​បើក​ចំហ ​អ្នក​ខ្លះ​កំពុង​ពិនិត្យ​មើល​ការ​មក​ដល់​នៃ​អ្នក​ដំណើរ ៕

 

ប្រែសម្រួល៖សាង ស្រីល័ក្ខ