BREAKING NEWS
Search

អ៊ីតាលីកាន់តែធ្ងន់ អ្នកឆ្លងកូវីដឡើងដល់ជិត ២៨០០០នាក់ គ្រាន់តែម្សិលមិញស្លាប់​ ៣៤៩នាក់

ប្រទេសអ៊ីតាលីបានរាយការណ៍កាលពីថ្ងៃចន្ទថាមានអ្នកស្លាប់ថ្មីចំនួន ៣៤៩ នាក់ដោយសារវីរុសកូវីដ១៩ ធ្វើឲ្យចំនួនអ្នកស្លាប់សរុបក្នុងប្រទេសនេះឡើងដល់ ២១៦៨នាក់ ដែលជាតួលេខខ្ពស់បំផុតបន្ទាប់ពីប្រទេសចិន។ នេះ​បើផ្អែកតាមការចុះផ្សាយ​របស់ Chanel News Asia។

តួលេខផ្លូវការនៃអ្នកស្លាប់ដោយសារ COVID-19 បានកើនឡើងទ្វេដងចាប់តាំងពីថ្ងៃព្រហស្បតិ៍ដែលចំនួនអ្នកស្លាប់នៅប្រទេសអ៊ីតាលីឡើងដល់ ១០០០ នាក់ជាលើកដំបូង។ ប្រទេសអ៊ីតាលីឥឡូវនេះមានករណីឆ្លងចំនួន ២៧ ៩៨០នាក់ ខណៈដែលកាលពី៤ថ្ងៃមុនមានត្រឹម ១៥ ១១៣ នាក់។

ត្រឹមរយៈពេលពីរថ្ងៃចុងក្រោយ មានមនុស្សជាង ៧០០ នាក់បានស្លាប់។

ក្នុងចំណោមតំបន់ដែលរងគ្រោះខ្លាំង អ្នកស្លាប់ភាគច្រើននៅតែត្រូវបានរកឃើញនៅតំបន់ភាគខាងជើងប្រទេស ដែលវីរុសនេះបានចាប់ផ្តើមរីករាលដាលនៅជុំវិញទីក្រុងជាច្រើនដូចជាទីក្រុង Milan ។

តំបន់ Lombardy បានរាយការណ៍ថាមានមនុស្សស្លាប់ ១៤២០ នាក់ ពោលគឺ ៦៦ ភាគរយនៃចំនួនស្លាប់សរុបរបស់អ៊ីតាលី។
ទោះយ៉ាងណាតំបន់ Piedmont ដែលនៅជិតគ្នានិងជាកន្លែងឧស្សាហកម្មរថយន្តអ៊ីតាលីបានរកឃើញចំនួនអ្នកស្លាប់ និងឆ្លងជំងឺកើនឡើងស្ទើរទ្វេដងក្នុងរយៈពេលពីរថ្ងៃចុងក្រោយ។

តំបន់ Piedmont បានរាយការណ៍ថាមានអ្នកស្លាប់ចំនួន ១១១ នាក់និងឆ្លងជំងឺចំនួន ១៥១៦ នាក់កាលពីថ្ងៃច័ន្ទ ខណៈកាលពីថ្ងៃសៅរ៍ តំបន់នេះមានអ្នកស្លាប់ចំនួន ៥៩ នាក់និងឆ្លងចំនួន ៨៧៣ នាក់ ។

តំបន់ Lazio ដែលស្ថិតនៅជុំវិញទីក្រុងរ៉ូមមានអ្នកស្លាប់ ១៩ នាក់និងឆ្លងជំងឺ ៥២៣ នាក់ ៕

ប្រែសម្រួល៖ វ៉ាន់ថន