អ៊ីតាលី​​២៤​ម៉ោង​ចុង​ក្រោយ​ស្លាប់ ៦៨២នាក់ ខណៈ​អេស្ប៉ាញ​​វ៉ា​ដាច់​ចិន​ក្លាយ​ជា​ប្រទេស​​ថ្មី​ដែល​មាន​អ្នក​ស្លាប់​ច្រើន​បំផុត​ទី​ពីរ

ស្ថានភាព​រាតត្បាត​វីរុស​កូវីដ ១៩ នៅ​លើ​ពិភពលោក ពិសេស​ក្នុង​ប្រទេស​អ៊ីតាលី អេស្ប៉ាញ និង​សហរដ្ឋអាមេរិក កាន់​តែ​ធ្ងន់ធ្ងរ​ខ្លាំង ដោយ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ អ៊ីតាលី មាន​​កើន​ឡើង​ចំនួន​ករណី​ស្លាប់​ថ្មី រហូត​ដល់​ទៅ ៦៨២​នាក់ នាំ​ឲ្យ​ករណី​ស្លាប់​សរុប​ក្នុង​ប្រទេស​នេះ មាន​ដល់​ទៅ ៧៥០៣​នាក់ ក្នុង​ករណី​ឆ្លង​សរុប ៧៤៣៨៦ ករណី។

ជាមួយ​គ្នា​នេះ​ដែរ ត្រឹម​រយៈ​ពេល ២៤​ម៉ោង​ចុងក្រោយ​នេះ អេស្ប៉ាញ បាន​កើន​ករណី​ស្លាប់​មិន​ធ្លាប់​មាន​ចាប់​តាំង​ពី​វីរុស​រាតត្បាត​ក្នុង​ប្រទេស​របស់​ខ្លួន ដោយ​មាន​អ្នក​ស្លាប់​ដល់​ទៅ​ជាង ៧០០​នាក់ នាំ​ឲ្យ​ប្រទេស​នេះ វ៉ា​ដាច់​ចិន ទៅ​ឈរ​នៅ​លេខរៀង​ទី២ ជា​ប្រទេស មាន​អ្នក​ស្លាប់​ច្រើន​បំផុត​បន្ទាប់​ពី​អ៊ីតាលី ពោល​គឺមាន​ករណី​ស្លាប់សរុប ៣៤៣៤ករណី ខណៈ​ករណី​ឆ្លង​សរុប ៤៧៦១០ ករណី។

ក្រឡេក​ទៅ​មើល​ស្ថានភាព​នៅ​អាមេរិក​វិញ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដែរ តួ​លេខ​ឆ្លង​សរុប បាន​ហក់​ឡើង​ដល់ជាង ៦៥២០១ករណី ក្នុង​នោះមានយ៉ាងហោច ៩២០នាក់ បាន​ស្លាប់ ជំរុញ​ឲ្យ​បណ្តា​មេ ដឹក​នាំ​មហាអំណាច​មួយ​នេះ អនុម័ត​លើ​កញ្ចប់​ថវិកា​សង្គ្រោះ​បន្ទាន់​មាន​ទំហំ​ទឹក​ប្រាក់ ២​ទ្រី​លាន​ដុល្លារ ដើម្បី​ជួយ​ទៅ​ដល់​កម្មករ ពាណិជ្ជកម្ម និង​ប្រព័ន្ធ​សុខាភិបាល អាច​មាន​លទ្ធភាព​ទប់​ស្កាត់​ការ​រាតត្បាត​វីរុស​កូវីដ ១៩។ ទោះ​ជាយ៉ាង​ណា កញ្ចប់​ថវិកា​ជំនួយ​នេះ នៅ​ជាប់​គាំង​នៅ​ឡើយ។

មក​ទល់​នឹង​ពេល​នេះ ការ​រាតត្បាត​វីរុស​កូវីដ១៩ ជុំ​វិញ​ពិភពលោក គឺ​មាន​ចំនួន​អ្នក​ឆ្លង​សរុប ៤៥៤០០០​ករណី ក្នុង​នោះ ប្រមាណ ២០៥០០​នាក់​បាន​ស្លាប់ និង ១១៣០០០នាក់ បាន​ជា​សះស្បើយ៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Aljazeera