BREAKING NEWS
Search

លោក​បណ្ឌិត អ៊ិត សំហេង បើក​កិច្ចប្រជុំ​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​នៅ​តាម​គ្រប់​មុខសញ្ញា លើក​ទី​១ ឆ្នាំ​២០២០

ភ្នំពេញ​ ៖ លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​ នៅ​តាម​គ្រប់​មុខសញ្ញា​ កាលពី​ព្រឹក​ថ្ងៃទី​១៤ ​ខែ​កុម្ភៈ​ ឆ្នាំ​២០២០ ​បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុ​កម្ម​នៅ​តាម​គ្រប់​មុខសញ្ញា លើក​ទី​១ ឆ្នាំ​២០២០ នៅ​ទីស្ដីការ​ក្រសួង។​

លោក​បណ្ឌិត អ៊ិត សំហេង បាន​លើក​ឡើង​ថា កន្លងមកនេះ​ យើង​ពិត​ជា​មាន​មោទនភាព​ណាស់​ដែល​គណៈកម្មការ​ស​ម្រា​ប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​ នៅតាម​គ្រប់មុខ​សញ្ញា​រប​ស់​យើង​ទាំង​នៅ​ថ្នាក់​ជាតិ និង​តាម​រាជធានី​ខេត្ត បាន​ចូលរួម​អនុវត្ត​ប្រកប​ដោយ​ជោគជ័យ​នូវ​តួនាទី និង​ភារកិច្ច​ដែល​រាជរដ្ឋាភិបាល​ប្រគល់​ជូន ជាពិសេស​បទបញ្ជា​របស់​រាជរដ្ឋាភិបាល លេខ​០២ ស្ដីពី​ការ​អនុវត្ត​ផែនការ​ស្ដីពី​ការទប់ស្កាត់ និង​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​នៅ​តាម​គ្រប់​មុខសញ្ញា ឆ្នាំ​២០១៦-២០១៩ បទបញ្ជា​របស់​រាជរ​ដ្ឋា​ភិ​បាល លេខ ០៣ ស្តីពី​ការរក្សា​ការពារ សន្តិសុខ សណ្តាប់​ធ្នាប់​សាធារណៈ​នៅតាម​តំបន់​រោងចក្រ សហគ្រាស និង​តំបន់​ឧស្សាហកម្ម​។​

លោក​រដ្ឋមន្ត្រី​បាន​បន្តថា ​លើសពីនេះទៅទៀត​ ការអនុវត្ត​នូវ​សារាចរណែនាំ​របស់​រាជរដ្ឋាភិបាល​លេខ​១០ ស្តីពី​ការប្រគល់​ភារកិច្ច​ជូន​អភិបាល​ នៃ​គណៈ​អភិបាល​រាជធានី ខេត្ត ជួយ​សម្រប​សម្រួល​ការ​គ្រប់គ្រង​រោងចក្រ សហគ្រាស​ដែល​ស្ថិត​ក្នុង​ភូមិសាស្ត្រ​រាជធានី ខេត្ត។ ទន្ទឹមនឹងនេះ បាន​រៀបចំ និង​ពង្រឹង​យន្តការ​គណៈកម្មការ​ស​ម្រា​ប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​នៅ​តាម​គ្រប់មុខ​សញ្ញា និង​បាន​យកចិត្តទុកដាក់​ដល់​ការ​បណ្ដុះបណ្ដាល កសាង​សមត្ថភាព​ប្រតិបត្តិការ និង​ស្មារតី​ទទួល​ខុស​ត្រូវ​ក្នុងការ​បំពេញភារកិច្ច​។​

លោក​រដ្ឋមន្ត្រី បាន​បន្តថា ​« ជាការ​ពិតណាស់ គក​ប ពិតជា​បានរួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​ចូលរួម​ថែរក្សា​ការពារ​នូវ​សុខ​សន្តិភាព សណ្ដាប់ធ្នាប់​សង្គម និង​ ការ​ពង្រឹង​នីតិរដ្ឋ ដើម្បី​ជីវភាព​សុខសាន្ត​របស់​ប្រជាពលរដ្ឋ និង​បាន​ទប់ស្កាត់ និង​ដោះស្រាយ​ដោយ​ជោគជ័យ​នូវ​សកម្មភាព​បាតុកម្ម​នយោ​បាយ​របស់​ក្រុម​ជ្រុលនិយម បដិវត្តន៍​ពណ៌ ដែល​មាន​ការ​គាំទ្រ និង​លើកទឹកចិត្ត​ពី​បណ្ដា​មជ្ឈដ្ឋាន​ខាង​ក្រៅ ដែល​ប៉ុនប៉ង​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​ប្រមុខ​រាជរដ្ឋាភិបាល​របស់​យើង សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​កំណត់​យក​សន្តិភាព​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ប្រកបដោយ​និរន្ត​ភាព និង​បរិ​យា​ប័ន្ន​»​។​

រាជរដ្ឋាភិបាល បាន​អនុវត្ត​ដោយ​ពេញលេញ​នូវ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ ក្នុង​ការ​បញ្ចេញមតិ ការ​ជួបជុំ​ដើម្បី​ធ្វើ​កូដកម្ម បាតុកម្ម​ស្របទៅតាម​ច្បាប់​ជា​ធរមាន។ កម្ពុជា​ នៅតែ​បន្ត​ធ្វើដំណើរ​ឆ្ពោះ​ទៅ​មុខ​យ៉ាង​ត្រឹមត្រូវ​តាម​គន្លង​ នៃ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ការ​ប្រព្រឹត្ត​ទៅ ​នៃ​នីតិរដ្ឋ សិទ្ធិ​សេរីភាព​របស់​បុគ្គល សេរីភាព​ខាង​សារព័ត៌មាន និង​ការបញ្ចេញមតិ សិទ្ធិ​ធ្វើបាតុកម្ម សកម្មភាព​ នៃ​បណ្តា​គណបក្ស​នយោបាយ​អង្គការ​សង្គម​ស៊ីវិល និង​សហជីព ការចូលរួម​របស់​ប្រជាពលរដ្ឋ ។​ល​។ ត្រូវ​បាន​គោរព និង​ការពារ។​

លោក​រដ្ឋមន្ត្រី​បាន​បន្ថែមថា ​«​ដូចនេះ គក​ប ត្រូវតែ​បន្ត​អនុវត្ត​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ក្នុង​ការ​ដឹកនាំ​បញ្ជា​បំពេញភារកិច្ច ដើម្បី​ធានា​សន្តិភាព ស្ថិរភាព​នយោបាយ ទប់ស្កាត់​សកម្មភាព​ពិស​ពុល​ខាងលើ និង​បន្ត​រក្សា​បរិយាកាស​នយោបាយ ស្របតាម​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល​លេខ​១០ បទបញ្ជា​របស់​រាជរ​ដ្ឋា​ភិ​បាល​លេខ ០២ និង​០៣ ហើយ​ផែនការ​នេះ ​នឹងធ្វើ​ការ​កែលំអ និង​កាន់​តែ​មុត​ស្រួច សម្រាប់​ឆ្នាំ​២០២០-២០២៤​ បន្ត​ទៀត​»៕​


អត្ថបទ ៖ សំអឿន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114