ប្រទេសជប៉ុនចាប់ផ្តើមគិតថ្លៃសម្រាប់ថង់ប្លាស្ទិក
BREAKING NEWS
Search

ប្រទេសជប៉ុនចាប់ផ្តើមគិតថ្លៃសម្រាប់ថង់ប្លាស្ទិក

ហាងលក់រាយនៅប្រទេសជប៉ុនបានចាប់ផ្តើមគិតថ្លៃសម្រាប់ថង់ប្លាស្ទិកកាលពីថ្ងៃពុធដែលជាសកម្មភាពមួយដើម្បីទប់ស្កាត់ចំណង់ចំណូលចិត្តរបស់អតិថិជនជប៉ុនចំពោះការវេចខ្ចប់ ។

ហាងនានារួមទាំងហាងលក់រាយនៅគ្រប់ទីកន្លែងអាចសម្រេចថាត្រូវគិតថ្លៃប៉ុន្មានសម្រាប់អតិថិជនដែលប្រើប្រាស់ថង់ដោយតម្លៃធម្មតាគឺ ៣ យ៉េន ។

ច្បាប់ថ្មីនេះហាក់ដូចជាមានឥទិ្ធពលខ្លះដោយអ្នកទិញម្នាក់ប្រាប់ទូរទស្សន៍ NHK ថា “ខ្ញុំទិញរបស់របរនៅហាងលក់រាយរាល់ព្រឹក ។ ខ្ញុំដឹងថាការគិតថ្លៃកំពុងចាប់ផ្តើមដូច្នេះខ្ញុំបានយកថង់ផ្ទាល់ខ្លួនរបស់ខ្ញុំមក” ។

ភ្ញៀវទេសចរនៅប្រទេសជប៉ុនច្រើនតែមានការភ្ញាក់ផ្អើលចំពោះបរិមាណនៃការវេចខ្ចប់ដែលពាក់ព័ន្ធនឹងការលក់ដូរ ខណៈដែលហាងភាគច្រើនបានប្រើប្លាស្ទិកសូម្បីតែរុំផ្លែចេក ។

អង្គការសហប្រជាជាតិបាននិយាយថា ប្រទេសនេះផលិតកាកសំណល់វេចខ្ចប់ប្លាស្ទិកច្រើនជាងប្រទេសណាៗទាំងអស់ក្រៅពីសហរដ្ឋអាមេរិក ។

ជាមួយនឹងវិធានការណ៍នេះប្រទេសជប៉ុនបានប្តេជ្ញាថានឹងទប់ស្កាត់ការប្រើប្រាស់ប្លាស្ទិកហួសប្រមាណ ហើយគិតអំពីរបៀបប្រើវាដោយឈ្លាសវៃ ។ នេះបើយោងតាមឯកសារគោលនយោបាយថ្មីបំផុតរបស់ខ្លួន ។

រដ្ឋាភិបាលបាននិយាយថា ការណែនាំអំពីតម្លៃនៅទូទាំងប្រទេសគឺសំដៅជំរុញប្រជាជនឲ្យគិតទ្វេដងប្រសិនបើថង់ប្លាស្ទិកពិតជាចាំបាច់ និងជួយប្រជាជនឲ្យពិនិត្យមើលរបៀបរស់នៅរបស់ពួកគេឡើងវិញ ។

នៅឆ្នាំ ២០១៨ ប្រទេសជប៉ុនប្តេជ្ញាកាត់បន្ថយកាកសំណល់ប្លាស្ទិកប្រចាំឆ្នាំរបស់ខ្លួនចំនួន ៩.៤ លានតោនត្រឹមមួយភាគបួននៅត្រឹមឆ្នាំ ២០៣០ ។

ចំណែកកិច្ចប្រជុំនៅទីក្រុងអូសាកាកាលពីឆ្នាំមុនមេដឹកនាំមកពីប្រទេសមហាសេដ្ឋកិច្ច G20 ក៏បានយល់ព្រមកាត់បន្ថយកាកសំណល់ប្លាស្ទិកនៅដែនសមុទ្រផងដែរ ។

ទន្ទឹមនោះប្រទេសជប៉ុនបានអំពាវនាវប្រើប្រព័ន្ធគ្រប់គ្រងសំរាមដែលអាចជឿទុកចិត្តបាន ហើយរដ្ឋាភិបាលនិយាយថា ជាង ៨០ ភាគរយនៃកាកសំណល់ប្លាស្ទិករបស់ខ្លួនត្រូវបានកែច្នៃឡើងវិញ ។

ប៉ុន្តែភាគច្រើននៃ “ការកែច្នៃឡើងវិញ” ទាក់ទងនឹងការដុតរំលាយប្លាស្ទិកជាញឹកញាប់ដើម្បីផលិតថាមពល ដំណើរការបង្កើតកាបូនឌីអុកស៊ីត និងរួមចំណែកដល់ការប្រែប្រួលអាកាសធាតុ ។

យោងតាមទិន្នន័យរបស់រដ្ឋាភិបាលបានឲ្យដឹងថា មានថង់ចំនួន ២ ភាគរយនៃបរិមាណសំណល់ប្លាស្ទិកសរុប ៕ AFP

អ្នកដើរផ្សារម្នាក់ដែលពាក់ម៉ាសការពាររុញរទេះដើរទិញឥវ៉ាន់នៅផ្សារទំនើប Aeon ក្នុងខេត្ត Chiba ។ (រូប REUTERS)

ប្រែសម្រួលដោយ ៖ ជីវ័ន្ត