ជប៉ុន ​អបអរសាទរ​ចំពោះ​កម្ពុជា ដែល​​​ទទួល​បាន​សន្តិភាព ធ្វើឲ្យ​ប្រទេស​កាន់តែ​មានការ​ការ​អភិវឌ្ឍ និង​រីកចម្រើន​ថែមទៀត

ភ្នំពេញ ​៖​ លោក អ៊ី​ម៉ា​ម៉ឹ​រ៉ា​ក់ ម៉ាសា​ហ៊ី​រ៉ុ សមាជិក​រដ្ឋសភា និង​ជា​ប្រធាន​សម្ព័ន្ធ​មិត្តភាព​សភា​ជប៉ុន​-​កម្ពុជា បាន​ជម្រាប​ជូន​សម្ដេច​ប្រធាន​ព្រឹទ្ធសភា​ថា ឆ្នាំនេះ​គឺជា​ខួប​២០​ឆ្នាំ នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​នាយករដ្ឋមន្ត្រី​ជប៉ុន​នៅ​កម្ពុជា ចាប់តាំង​ពី​ឆ្នាំ​២០០០​មក។

លោក ​បាន​សម្តែង​នូវ​សេចក្តី​រីករាយ ​ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​លើក​ទី​១​នៅ​កម្ពុជា ដោយ​មើលឃើញថា សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា មានការ​រីកចម្រើន និង​អភិវឌ្ឍ​​យ៉ាង​ឆាប់រហ័ស​គួរឲ្យ​កត់​សម្គាល់។ ទាំង​អស់​នេះ​ ដោយសារតែ​ប្រទេស​កម្ពុ​ជា​មាន​សុខ​សន្តិភាព និង​ស្ថិរភាព​នយោបាយ ដែលជា​កត្តា​សំខាន់​បង្ក​ឲ្យ​មាន​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​។ ប្រទេស​ជប៉ុន សូម​បន្ត​អបអរសាទរ​ចំពោះ​ការរីកចម្រើន និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា។

នៅ​ក្នុង​ជំនួប​សវនាការ​ជាមួយ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២០​នេះ នៅ​វិមាន​ព្រឹទ្ធសភា ក្នុងឱកាស​ដែល​លោក​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​កម្ពុជា លោក​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង មិត្តភាព សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ​វាង​ប្រជាជន និង​ប្រទេស​ទាំងពីរ ដែល​ត្រូវបាន​ពង្រឹងពង្រីក​កាន់តែខ្លាំង​ខ្លា​ថែមទៀត។ លោក អ៊ី​ម៉ា​ម៉ឹ​រ៉ា​ក់ ម៉ាសា​ហ៊ី​រ៉ុ បាន​បញ្ជាក់​ថា បច្ចុប្បន្ន​ប្រទេស​ជប៉ុន​កំពុងតែ​ខិតខំ​ប្រឹងប្រែង​ចាត់​វិធានការណ៍ ដើម្បី​ទទួល​កម្លាំង​ពលកម្ម កម្លាំង​កម្មសិក្សាការី​បច្ចេកទេស​របស់​ប្រទេស​កម្ពុជា ឲ្យ​មកធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​។ តាមរយៈ​កម្មសិក្សា ការី​បច្ចេកទេស​ទាំងអស់នេះ លោក​សង្ឃឹមថា នឹង​ទទួល​ចំណេះដឹង​ជាច្រើន អំពី​បច្ចេកទេស វិជ្ជាជីវៈ របៀប​គ្រប់គ្រង​ក្រុមហ៊ុន ការងារ ហើយ​នៅ​ថ្ងៃ​អនាគត ពេល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ នឹង​យក​ជំនាញ​ទាំងអស់នេះ ទៅ​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​ថែម​ទៀត​។ លោក អ៊ី​ម៉ា​ម៉ឹ​រ៉ា​ក់ ម៉ាសា​ហ៊ី​រ៉ុ ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែល​បាន​ចំណាយពេល​វេលា​ដ៏​មានតម្លៃ​ទទួល​ជួប​គណៈប្រតិភូ​របស់លោក​នាពេលនេះ​។​

ក្នុងនាម​ព្រឹទ្ធសភា និង​ក្នុងនាម​សម្តេច​ផ្ទាល់ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បាន​ស្វាគមន៍​នូវ​ការបំពេញ​ទស្សនកិច្ច​ការងារ​នៅ​កម្ពុជា​។ ដំណើរ​ទស្សនកិច្ច​នេះ គឺ​ពិតជា​បានរួម​ចំណែក​ដល់​ការ​រឹតចំណង​មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រជាជន និង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត ទាំង​ក្នុងពេល​បច្ចុប្បន្ន និង​ពេលអនាគត ដើម្បី​ប្រយោជន៍​ទៅវិញទៅមក​សម្រាប់​ប្រជាជន និង​ប្រទេស​ទាំងពីរ ជាពិសេស​រួមចំណែក​ដល់​ការ​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​រវាង​ស្ថាប័ន​នីតិប្បញ្ញត្តិ​នៃ​ប្រទេស​ទាំងពីរ​។ សម្តេច​ប្រធានព្រឹទ្ធសភា បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រសាសន៍​ដ៏​ល្អ​ប្រពៃ​របស់​លោក អ៊ី​ម៉ា​ម៉ឹ​រ៉ា​ក់ ម៉ាសា​ហ៊ី​រ៉ុ ដែល​បាន​ថ្លែង​សរសើរ​អំពី​ការរីកចម្រើន​របស់​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន និង​ទំនាក់ទំនង​មិត្តភាព កិច្ចសហប្រតិបត្តិការ​ការ​ដ៏​ល្អ​រវាង​ប្រជាជន និង​ប្រទេស​ទាំងពីរ​។ សម្តេច​ប្រធានព្រឹទ្ធសភា​បាន​សម្តែង​នូវ​សេចក្ដី​រីករាយ និង​ពេញចិត្ត​ជាខ្លាំង ដោយ​មើលឃើញ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ ត្រូវបាន​ដំឡើង​កម្រិត​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន មានការ​រីកចម្រើន​ឥត​ឈប់ឈរ និង​ត្រូវ​បាន​លើ​កម្ពស់​ឲ្យទៅជា​កិច្ច​សហ​ប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​នាពេល​បច្ចុប្បន្ននេះ​។ តាមរយៈ​នៃ​កិច្ចសហប្រតិបត្តិការ​ថ្មី​នេះ រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​កាន់តែ​ទទួលបាន​នូវ​វឌ្ឍនភាព​ថ្មីៗ​ជាច្រើន លើ​គ្រប់​វិស័យ ទាំង​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការចង​សម្ព័ន្ធ​មេត្រីភាព​រវាង​ខេត្ត​-​ក្រុង ការ​ផ្លាស់ប្តូរ​ដ៏​ទូលំទូលាយ​រវាង​ប្រជាជន និង​ប្រជាជន និង​ការគាំទ្រ​គ្នា​ទៅវិញទៅមក​ក្នុង​ក្របខ័ណ្ឌ​កិច្ច​សហ​ប្រតិ​ប​តិ្ត​កា​រលើ​ឆាក​អន្តរជាតិ​។ ក្នុង​នាម​ប្រជាជន​កម្ពុជា សម្តេច​ប្រធាន​ព្រឹទ្ធសភា បាន​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដែល​បានរួម​វិភាគទាន​ជួយ​ដល់​ប្រទេស​កម្ពុជា ឲ្យ​ការអភិវឌ្ឍ និង​រីកចម្រើន​ដូច​ពេល​បច្ចុប្បន្ននេះ។ ការរីកចម្រើន​នៃ​សេដ្ឋកិច្ច​-​សង្គម​របស់​ប្រទេស​កម្ពុជា ទាំង​ពេលបច្ចុប្បន្ន និង​ពេល​កន្លងទៅ គឺ​មិនអាច​កាត់ផ្តាច់​ពី​ការជួយឧបត្ថម្ភ​គាំទ្រ​របស់​ប្រទេស​ជប៉ុន​បានឡើយ​។ សម្តេច​ប្រធានព្រឹទ្ធសភា បាន​អបអរសាទរ​ការ​បើក​សករាជ​ថ្មី “​រ៉េ​វ៉ា​” របស់​ជប៉ុន កាលពី​ខែមេសា ឆ្នាំ​២០១៩ ដែល​មានន័យថា សន្តិភាព និង​ភាព​សុខដុម។

សម្តេច​មាន​ជំនឿ​ជាក់​ថា ប្រទេស​ជប៉ុន និង​ប្រជាជន​ជប៉ុន នឹង​បន្ត​រីកចម្រើន​ប្រកបដោយ​វឌ្ឍនភាព និង​វិបុលភាព​ខ្លាំងក្លា​ថែមទៀត​នៅ​ក្នុង​សករាជ​ថ្មី​នេះ។ សម្ដេច​ប្រធាន​ព្រឹទ្ធសភា បាន​ស្នើ​គណៈប្រតិភូ​ជួយ​ផ្សព្វផ្សាយ និង​លើកទឹកចិត្ត​អ្នក​វិនិយោគ និង​អ្នកទេសចរ​ជប៉ុន មក​បណ្ដាក់​ទុន​វិនិយោគ និង​ធ្វើ​ទេសចរណ៍​ឲ្យ​កាន់តែ​ច្រើន​ថែមទៀត​នៅ​កម្ពុជា។ សម្ដេច​ក៏បាន​ថ្លែង​អំណរគុណ​ចំពោះ​រដ្ឋាភិបាល​ជប៉ុន ដែល​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ស្តីពី កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​បញ្ជូន​ពលករ​ជំនាញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន៕
សុង​យោ​

​   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114