ជប៉ុនរកឃើញប្រជាជន ៤នាក់ទៀតបានឆ្លងវីរុសកូរ៉ូណាថ្ងៃនេះ ធ្វើឲ្យករណីសរុបឡើងដល់២៥៤

មនុស្សចំនួន ៤ នាក់ទៀតនៅក្នុងប្រទេសជប៉ុនត្រូវបានរកឃើញថាបានឆ្លងវីរុសកូរ៉ូណា COVID-19 ដែលមិនមែនជាករណីលើនាវាទេសចរណ៍ Diamond Princess នោះទេ។ នេះបើតាមការឲ្យដឹងពីក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពជប៉ុននៅថ្ងៃសុក្រ ទី១៤ ខែកុម្ភៈនេះ។

ចំនួននេះធ្វើឱ្យករណីក្នុងប្រទេសជប៉ុនកើនដល់ ២៥៤ ដែលក្នុងនោះមាន៖
– ចំនួន ២១៩ ករណីគឺស្ថិតលើនាវាទេសចរណ៍ Diamond Princess ដែលក្នុងនោះរួមទាំងមន្រ្តីជំនាញម្នាក់
– ៣៥ ករណីបានកើតឡើងនៅលើដីគោក
– ស្ត្រីម្នាក់អាយុ ៨០ ឆ្នាំបានស្លាប់ដោយសារវីរុសនេះកាលពីថ្ងៃព្រហស្បតិ៍

ករណីលើគោកចុងក្រោយ រួមមានស្ត្រីអាយុ ៦០ ឆ្នាំម្នាក់ដែលជាអ្នករត់តាក់ស៊ីនៅកោះអូគីណាវ៉ា។ ស្ត្រីរូបនេះបានឆ្លងក្រោយពីបានដឹកអ្នកដំណើរពីនាវា Diamond Princess ក្នុងអំឡុងពេលនាវានេះឈប់នៅកោះនេះកាលពីថ្ងៃទី ១ ខែកុម្ភៈ មុនពេលត្រូវបានគេដាក់ដាច់ដោយឡែក។

ករណីថ្មីពីរទៀតគឺប្រជាជនមកពីទីក្រុងតូក្យូដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកបើកតាក់ស៊ីដែលត្រូវបានរកឃើញមានផ្ទុកមេរោគនេះកាលពីមុន។

អ្នកទីបួនគឺជាបុរសអាយុជាង ៧០ឆ្នាំដែលត្រូវបានព្យាបាលនៅមន្ទីរពេទ្យដែលមានវេជ្ជបណ្ឌិតរកឃើញផ្ទុកវីរុសនេះកាលពីថ្ងៃព្រហស្បតិ៍។ គ្រូពេទ្យវះកាត់វ័យ ៥០ ឆ្នាំនោះគឺជាវេជ្ជបណ្ឌិតដំបូងគេនៅជប៉ុនដែលត្រូវបានគេអះអាងថាមានផ្ទុកវីរុសនេះ ៕

ប្រែសម្រួល៖ វ៉ាន់ថន