ភ្នំពេញ ៖ នេះជាការលើកឡើងរបស់លោក មីកាមី ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំកម្ពុជា ខណៈដែលលោកបានចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩។
នៅក្នុងជំនួបសន្ទនានោះ ក្នុងនាមកងទ័ពជើងគោក លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្ដែងការស្វាគមន៍ចំពោះលោក Mikami Masahiro ដែលត្រូវរាជរដ្ឋាភិបាលប្រទេសជប៉ុន តែងតាំងជាឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ប្រទេសជប៉ុន ដែលបានតែងតែជួយឧបត្ថម្ភគាំទ្រដល់កម្ពុជា ចាប់តាំងពីទស្សវត្សទី៨០មក និងបានបញ្ជូនកងកម្លាំងរក្សាសន្តិសុខសន្តិភាពមកកាន់កម្ពុជាក្នុងការរៀបចំបោះឆ្នោត ដើម្បីរួមចំណែកថែរក្សាសន្តិភាពជូនដល់ប្រជាជនកម្ពុជា។ ក្រៅពីនេះទៀត ជប៉ុនក៏បានជួយដល់កម្ពុជាលើការងារកសាងហេដ្ឋារចនាសម្ព័ន្ធ ការបណ្តុះបណ្តាលធនធានមនុស្ស និងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឲ្យមានការរីកចម្រើន។
ជាមួយគ្នានោះ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ក៏បានថ្លែងអំណរគុណចំពោះប្រទេសជប៉ុន ដែលតែងតែគាំទ្រដល់ដំណើរការអភិវឌ្ឍប្រទេសកម្ពុជា និងគាំទ្រការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោកបន្តថា ផ្អែកតាមអនុស្សរណៈយោគយល់គ្នា (MOU) និងកិច្ចព្រមព្រៀងផ្សេងៗរវាងក្រសួងការពារជាតិប្រទេសទាំងពីរកម្ពុជា-ជប៉ុន គឺនឹងបើកឱកាសដល់កងទ័ពជើងគោកនៃប្រទេសទាំងពីរ អាចពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀតផងដែរ។
លោក មីកាមី ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា បាន សម្ដែងការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សនៅព្រះរាជាណាចក្រកម្ពុជា ហើយឯកឧត្តមសង្ឃឹមថា កម្ពុជានឹងបន្តធ្វើការអភិវឌ្ឍរីកចម្រើនទៅមុខទៀត និង មានសន្តិភាពល្អប្រសើរទៅថ្ងៃអនាគត។ លោកឯកអគ្គរាជទូតជប៉ុនបញ្ជាក់ទៀតថា ប្រទេសជប៉ុន នឹងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា ដើម្បីថែរក្សា សន្តិភាព ស្ថិរភាព និងរួមចំណែកជំរុញដល់ការអភិវឌ្ឍប្រទេសកម្ពុជាឲ្យមានការរីកចម្រើនថែមទៀត។
សូមបញ្ជាក់ថា ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងឯកអគ្គរាជទូតជប៉ុននាពេលនេះ គឺផ្ដោតសំខាន់លើការពង្រឹង និងពង្រីកកិច្ចសហការនៃប្រទេសទាំងពីរលើយោធា និងវិស័យផ្សេងៗដើម្បីសេចក្តីសុខរបស់ប្រជាជន និងការអភិវឌ្ឍនៃប្រទេសទាំងពីរ៕