ជប៉ុនរកឃើញអ្នកឆ្លងវីរុសកូរ៉ូណា ៣៩នាក់ទៀតហើយលើនាវាទេសចរណ៍ ពេលនេះចំនួនសរុបគឺ ១៧៤នាក់

រដ្ឋមន្ត្រីសុខាភិបាលជប៉ុនលោក Katsunobu Kato បាននិយាយឲ្យដឹងនៅថ្ងៃពុធ ទី១២ ខែកុម្ភៈនេះ ថាមនុស្ស ៣៩ នាក់ទៀតនៅលើនាវា Diamond Princess ឯឆ្នេរសមុទ្រជប៉ុនបានធ្វើតេស្តិ៍រកឃើញថាមានផ្ទុកវីរុសកូរ៉ូណាថ្មីដែលនាំឱ្យចំនួនសរុបនៃអ្នកឆ្លងលើនាវានេះឡើងដល់ ១៧៤ នាក់។

លោកបានប្រាប់អ្នកយកព័ត៌មានថាក្នុងចំណោមលទ្ធផល ៥៣ នៃលទ្ធផលតេស្តថ្មី មនុស្ស ៣៩ នាក់ត្រូវបានរកឃើញថាមានលទ្ធផលវិជ្ជមាន។

លោកបានបន្ថែមថា “នៅពេលនេះយើងបានបញ្ជាក់ថាមនុស្ស ៤ នាក់ក្នុងចំណោមអ្នកដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ” ។

នាវា Diamond Princess ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកចាប់តាំងពីបានទៅដល់ឆ្នេរសមុទ្រជប៉ុនកាលពីដើមសប្តាហ៍មុនបន្ទាប់ពីគេបានរកឃើញថាអតីតអ្នកដំណើរម្នាក់ដែលបានចុះពីកប៉ាល់នេះមានផ្ទុកវីរុសកូរ៉ូណាកាលពីខែមុន។

នៅពេលមកដល់ប្រទេសជប៉ុនដំបូងអាជ្ញាធរបានធ្វើតេស្តិ៍មនុស្សជិត ៣០០ នាក់នៃមនុស្សសរុប ៣៧១១ នាក់នៅលើនាវានោះ និងបានជម្លៀសមនុស្សរាប់សិបនាក់ដែលបានឆ្លងទៅមន្ទីរពេទ្យក្នុងតំបន់។

ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះការធ្វើតេស្តបានធ្វើឡើងបន្ថែមចំពោះអ្នកដែលមានរោគសញ្ញាថ្មីៗ ឬអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកដំណើរ ឬនាវិកឆ្លងផ្សេងទៀត។

អ្នកដែលនៅលើកប៉ាល់ត្រូវបានគេស្នើសុំឱ្យស្នាក់នៅក្នុងកាប៊ីនរបស់ពួកគេហើយត្រូវពាក់ម៉ាសនិងរក្សាគម្លាតចម្ងាយឆ្ងាយពីគ្នានៅពេលដែលនៅខាងក្រៅ ហើយផ្តល់ឱ្យទែម៉ូម៉ែត្រត្រួតពិនិត្យសីតុណ្ហភាពរបស់ពួកគេឱ្យបានទៀងទាត់។

នាវានេះត្រូវបានគេរំពឹងថានឹងត្រូវស្ថិតនៅដាច់ដោយឡែករហូតដល់ថ្ងៃទី១៩ ខែកុម្ភៈ ពោលគឺ ១៤ ថ្ងៃបន្ទាប់ពីការចាប់ផ្តើមពិនិត្យ ៕

ចុចអាន៖ ស្លាប់ ៩៤នាក់ទៀត! who ប្រកាសឈ្មោះថ្មីឲ្យវីរុសកូរ៉ូណា ខណៈចំនួនអ្នកស្លាប់ឡើងដល់ ១១០៧នាក់

ប្រែសម្រួល៖ វ៉ាន់ថន