ជំងឺរលាកសួត​​ថ្មី​ដែល​ផ្ទុះ​នៅ​ចិន ពេល​នេះមាន​ករណី​ឆ្លងមក​ដល់ប្រទេសជប៉ុន

មន្រ្តីរដ្ឋាភិបាលជប៉ុនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសជប៉ុនបានឆ្លងមេរោគថ្មីដំបូងដែលហៅថា Coronavirus ។ មេរោគនេះ ជាខ្សែស្រឡាយនៃវីរុសដែលអាចបង្កឱ្យមានទាំងជំងឺផ្តាសាយទូទៅនិងបន្តកាន់តែធ្ងន់ធ្ងរថែមទៀត។

មន្ត្រីជប៉ុនបាននិយាយថា បុរសជនជាតិចិនម្នាក់អាយុជាង ៣០ ឆ្នាំរស់នៅក្នុងខេត្ដ Kanagawa ប្រទេសជប៉ុនបានធ្វើដំណើរទៅទីក្រុង Wuhan ភាគខាងកើតប្រទេសចិនដែលជាតំបន់ផ្ទុះនូវមេរោគថ្មីនេះមុនគេ។ បន្ទាប់ពីគាត់វិលត្រឡប់មកវិញ គាត់បានធ្វើតេស្តឃើញវិជ្ជមាននៅប្រទេសជប៉ុន។ មន្ត្រីរូបនោះបាននិយាយថា គាត់បានវិលត្រឡប់ពីទីក្រុង Wuhan នៅថ្ងៃទី ៦ ខែមករា ហើយបានសម្រាកព្យាបាលនៅមន្ទីរពេទ្យកាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ២០២០ ។ ពេលនេះគាត់បានជាសះស្បើយ និងបានចេញពីមន្ទីរពេទ្យកាលពីថ្ងៃពុធម្សិលមិញនេះ។

គួរបញ្ជាក់ផងដែរថា វីរុស Coronavirus មានលក្ខណៈស្រដៀងនឹងជំងឺរលាកសួត ដែលបានផ្ទុះឡើងនិងបានឆ្លងទៅមនុស្សរាប់សិបនាក់នៅទីក្រុង Wuhan ក្នុងប្រទេសចិន ចាប់ពីខែធ្នូ ឆ្នាំ២០១៩ និង​បាន​បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់។

មន្ត្រីក្រសួងសុខាភិបាលម្នាក់និយាយថា ក្រៅពីករណី​បុរស​ខាងលើ​នេះ គេមិនទាន់រកឃើញករណីផ្សេងទៀតទេនៅក្នុងប្រទេសជប៉ុន។

វីរុសដូចជំងឺរលាកសួតនេះបានឆ្លងដល់មនុស្សរាប់សិបនាក់នៅទីក្រុងវូហានដោយភស្តុតាងបឋមបង្ហាញថាការផ្ទុះឡើងនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងអាហារសមុទ្រ។

យោងតាមក្រសួងសុខាភិបាលបានអោយដឹងថាបុរសដែលត្រូវបានគេព្យាបាលនៅប្រទេសជប៉ុនមិនបានទៅកាន់ទីផ្សារអាហារសមុទ្រនៅ Wuhan ទេ។ ក្រសួងបាននិយាយថា វាអាចទៅរួចដែលថាគាត់បានទាក់ទងយ៉ាងជិតស្និទ្ធជាមួយមនុស្សម្នាក់ដែលឆ្លងវីរុសខណៈពេលដែលនៅទីនោះ។

ជំងឺ Coronaviruses ច្រើនតែបង្កឱ្យមានរោគសញ្ញាទូទៅដូចជា – ផ្តាសាយ រលាកច្រមុះ ឬបំពង់កផ្នែកខាងលើ និងអាចឆ្លងតាមរយៈការកណ្តាស់ក្អកឬការប៉ះពាល់ផ្ទាល់។

ក្រសួងសុខាភិបាលជប៉ុនបានចេញសារមួយទៅកាន់សាធារណៈជនថាវាមានសារៈសំខាន់ណាស់ក្នុងការលាងដៃ និងចាត់វិធានការបង្ការផ្សេងទៀតដែលស្រដៀងនឹងវិធានការដែលប្រឆាំងនឹងជំងឺផ្តាសាយធម្មតា ៕

 

ចុចអាន៖ វីរុស​​រលាក​សួត​ផ្ទុះ​នៅ​ប្រទេស​ចិន ​ត្រូវ​បាន​រក​ឃើញ​ក្នុង​ខ្លួន​អ្នក​ដំណើរ​ជនជាតិ​ចិន​នៅ​ប្រទេស​ថៃ

ចុចអាន៖ ​ជប៉ុន​​ក្លាយ​ជា​ប្រទេស​ដែល​មានលិខិតឆ្លងដែន​មាន​ឥទ្ធិពល​ជាងគេ​ក្នុង​ឆ្នាំ២០២០

ប្រែសម្រួល៖ សន្យា