BREAKING NEWS
Search

ជប៉ុន​ មាន​តម្រូវការ​ជ្រើសរើស​ពល​ករ​ជំនាញ​រាប់ម៉ឺន​នាក់​ទៅ​បម្រើ​ការងារ​លើ​ផ្នែក​ថែទាំ​អគារ​ និង​សំណង់

ភ្នំពេញ​ ៖ រាជរដ្ឋាភិបាល​ជប៉ុន​ មាន​តម្រូវការ​ជ្រើសរើស​ពល​ករ​ជំនាញ​រាប់ម៉ឺន​នាក់​ទៅ​បម្រើ​ការងារ​លើ​ផ្នែក​ថែទាំ​អគារ​ និង​សំណង់​នៅ​ប្រទេស​ជប៉ុន​ ដោយសារ​ជប៉ុន​មាន​កំណើន​មនុស្ស​ចាស់​កើន​ឡើង​ខ្ពស់​ និង​កម្លាំង​ពលកម្ម​ពេញវ័យ​កំពុង​មាន​កំណើន​យឺត​។

លោក ហ៊ី​រ៉ូ​ស្ស៊ី ហូ​រី​ហ្គូ​ឈិ (Hiroshi HORIGUCHI) នាយក​គ្រប់គ្រង​សមាគម​ថែទាំ​អគារ​ជប៉ុន​បាន​លើក​ឡើង​បែបនេះ​ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង​ការងារ​។

លោក ហ៊ី​រ៉ូ​ស្ស៊ី ហូ​រី​ហ្គូ​ឈិ​ បាន​មានប្រសាសន៍​ទៀត​ថា​ ជប៉ុន​កំពុង​សម្លឹង​មើល​ទីផ្សារ​ការងារ​នៅ​ប្រទេស​កម្ពុជា ក៏ដូចជា​កម្លាំង​ពលកម្ម​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ខណៈ​ជប៉ុន​មាន​គម្រោង​ត្រូវការ​ជ្រើសរើស​ពលករ​ជំនាញ​ពី​បរទេស​លើ​ផ្នែក​ថែទាំ​អគារ សំណង់​ដល់​ទៅ​ប្រមាណ ៣០ ០០០​ នាក់ នា​ពេល​ខាងមុខនេះ​។

លោក​បាន​បន្ត​ថា​ ការថែទាំ​អគារ គឺជា​កិច្ច​ការ​ជំនាញ​ចាំបាច់​មួយ​នៅ​ប្រទេស​ជប៉ុន ក្នុងនោះ​មាន​ទាំង​ការថែទាំ​អនាម័យ បរិស្ថាន ការគ្រប់គ្រង​គុណភាព សុវត្ថិភាព សោភ័ណភាព​សំណង់ និង​កិច្ច​ការ​សម្អាត​ទាំង​ក្នុង​អគារ និង​បរិវេណ​ជុំវិញ​អគារ ដែល​មាន​ការ​គាំទ្រ និង​ទទួលស្គាល់​ពី​ក្រសួង​សំណង់ និង​រាជរដ្ឋាភិបាល​ជប៉ុន រហូតដល់​មាន​ការ​ចេញ​ច្បាប់​ពិសេសមួយ​សម្រាប់​ប្រទេស​ជប៉ុន​ផង​ដែរ​ខណៈ​បច្ចុប្បន្ន ទីផ្សារការងារ​នេះ​ កំពុងមាន​តម្រូវការ​យ៉ាង​ខ្លាំង​នៅ​ប្រទេស​ជប៉ុន​។​

លោក ហ៊ី​រ៉ូ​ស្សី បាន​បន្ថែមថា មកដល់ពេលនេះ សមាគម​ថែទាំ​អគារ​ជប៉ុន​របស់​លោកមា​នស​មា​ជិ​ក​ប្រមាណ​ជាង ២,៨០០​ក្រុមហ៊ុន និង​មាន​បុគ្គលិក​ធ្វើការ​ជា​ជនជាតិ​ជប៉ុន និង​ពលករ​មកពី​បរទេស​ប្រមាណ ១ ០០០ ០០០​ នាក់​។​

លោក​បាន​បន្ថែមទៀតថា ​ការ​មាន​តម្រូវការ​ពលករ​បរ​ទេស​ច្រើន​នេះ​ គឺ​ដោយសារ​ប្រទេស​ជប៉ុន​កំពុង​ពើបប្រទះ​នឹង​បញ្ហា​កំណើន​មនុស្ស​ចាស់​កើន​ឡើង​ខ្ពស់ រីឯ​កម្លាំង​ពលកម្ម​ពេញវ័យ​កំពុង​មាន​កំណើន​យឺត​នោះ បានធ្វើឲ្យ​ប្រទេស​ប្រឈម​នឹង​កង្វះ​កម្លាំង​ពលកម្ម ក្នុង​នោះ​ការងារ​លើ​ជំនាញ​ថែទាំ​អគារ​នេះ​ ក៏​អាច​នឹង​ជួប​បញ្ហា​ដូចគ្នា​ដែរ​។ ដូច្នេះ​ហើយ​ បានជា​សមាគម​របស់​លោក ត្រូវការ​ជ្រើសរើស​កម្លាំង​ពលកម្ម​ពី​ក្រៅប្រទេស​យកទៅ​បំពេញការងារ​ក្នុងប្រទេស​ខ្លួន​។

លោក​បាន​បញ្ជាក់ថា ​​បើតាម​ការវាយតម្លៃ​របស់​ស​មា​គម​ជំនាញ​ថែទាំ​អគារ​នេះ​ មាន​តម្រូវការ​ដល់​ទៅ​ប្រមាណ​៩០​ម៉ឺន​នាក់ ក្នុង​នោះគេ​ត្រូវការ​កម្លាំង​ពលកម្ម​ពី​ក្រៅ​ប្រទេស​ប្រមាណ ៣០ ០០០​ នាក់​។​

លោក ហ៊ី​រ៉ូ​ស្សី បានបញ្ជាក់​ទៀតថា កន្លងទៅ សមាគម​របស់​លោក​បាន​ជ្រើសរើស​ពលករ​ជំនាញ​ពី​ប្រទេស​មី​យ៉ាន់​ម៉ា និង​ប្រទេស​ហ្វីលីពីន ប៉ុន្តែ​នៅ​ឆ្នាំ​បន្ទាប់​ទៅ​នេះ សមាគម​របស់​លោក​មា​ន​បំណង​ជ្រើសរើស​ពលករ​ជំនាញ​ពី​ប្រទេស​កម្ពុជា​វិញ​ម្ដង​។​

លោក​បណ្ឌិត​អ៊ិត សំហេង​ បាន​សម្ដែង​ការ​គាំទ្រ​យ៉ាង​ខ្លាំង ដោយ​បាន​ប្រគល់​ការងារ​ទៅឲ្យ​អគ្គនា​យក​ដ្ឋាន​បណ្ដុះបណ្ដាល​បច្ចេកទេស​វិជ្ជាជីវៈ និង​អគ្គនាយកដ្ឋាន​ការងារ ឲ្យ​សហការ​ជាមួយ​សមា​គម​ថែទាំ​អគារ​ជប៉ុន​ឲ្យ​បាន​ជិតស្និទ្ធ និង​សហការ​ជាមួយ​ក្រុមហ៊ុន​ភ្នាក់ងារ​បញ្ជូន​ពលករ​របស់​កម្ពុជា ដើម្បី​ប្រកាស​ជ្រើសរើស បណ្ដុះបណ្ដាល​ភាសា​ជប៉ុន និង​ជំនាញ ប្រលង​តេស្ត និង​បញ្ជូន​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន។​

ចំពោះ​ទីតាំង​សម្រាប់​ការ​ប្រលង​តេស្ត ត្រូវ​បាន​លោក​បណ្ឌិត​រដ្ឋមន្ត្រី​ផ្ដល់​ជម្រើស​ចំនួន២ ៖
ទី​១. សមាគម​អាច​យក​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​ណាមួយ​របស់​ក្រសួង​ការងារ និង​ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ រៀបចំ​ការ​ប្រឡង​តេស្ត ក្នុង​នោះ​ក្រសួង​មាន​គ្រឹះស្ថាន​ដែល​បណ្ដុះបណ្ដាល​ជំនាញ​លើ​ផ្នែក​សំណង់ អគ្គិសនី រថយន្ត​ចំនួន​៥​កន្លែង​។
ទី​២.សមាគម​ថែទាំ​អគារ​ជប៉ុន ​អាច​សហការ​ជាមួយ​ក្រុមហ៊ុន​ជ្រើសរើស បណ្ដុះបណ្ដាល និង​បញ្ជូន​ពលករ​នៅ​កម្ពុជា ដើម្បី​ដំណើរការ​ការ​ប្រឡង​តេស្ត​សមត្ថភាព​។​

លោក​បណ្ឌិត​រដ្ឋមន្ត្រី​ បានស្នើ​ឲ្យ​សមាគម​ថែទាំ​អគារ​ជប៉ុន​សហការ និង​ពិភាក្សា​ជាមួយ​អគ្គនាយក​ដ្ឋាន​បណ្ដុះបណ្ដាល​បច្ចេកទេស​វិជ្ជាជីវៈ និង​អគ្គនាយកដ្ឋាន​ការងារ​របស់​ក្រសួង និង​ក្រុមហ៊ុន​ជ្រើស​រើស បណ្ដុះបណ្ដាល និង​បញ្ជូន​ពលករ​បន្តទៀត ហើយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នឹង​ទទួលស្គាល់​ជា​ផ្លូវការ​តាម​ក្រោយ​។​

សូមជម្រាបថា បច្ចុប្បន្ន​កម្ពុជា​បាន​បញ្ជូន​កម្មសិក្សាការី និង​ពលករ​ជំនាញ​ទៅ​ប្រទេស​ជប៉ុន​ប្រមាណ​ជិត ១៥ ០០០​ នាក់ ដែល​ធ្វើ​នៅក្នុង​វិស័យ​កសិកម្ម នេសាទ សំណង់ កែច្នៃ​ចំណីអាហារ កាត់ដេរ ថែ​ទាំ​មនុស្ស​ចាស់ គ្រឿងយន្ត​-​លោហធាតុ និង​វិស័យ​ផ្សេងៗ​ទៀត​។​

នៅ​ចំពោះមុខ​គណៈប្រតិភូ​ជប៉ុន​ លោក​រដ្ឋមន្ត្រី ស្នើឲ្យ​ខាង​ជប៉ុន​បង្កើន​ការ​ទទួល​ពលករ​ពី​កម្ពុជា​ឲ្យ​បាន ១០០ ០០០ ​នាក់ សម្រាប់​រយៈពេល​ខាងមុខ​បន្តទៀត ពីព្រោះ​កម្ពុ​ជា មាន​សក្ដានុពល​យ៉ាង​ច្រើន ដែល​សមាគម ក៏ដូចជា​ក្រុមហ៊ុន​នៅ​ប្រទេស​ជប៉ុន​ អាច​ជ្រើសរើស​កម្លាំង​ពលកម្ម​ដែល​មាន​ប្រភព​នៅ​ក្នុង​ប្រទេស​ស្រាប់ និង ​ប្រភព​ដែល​ត្រលប់​ពី​ក្រៅ​ប្រទេស​ បន្ទាប់ពី​ពួកគេ​ចប់​កិច្ចសន្យា​ការងារ​៕​


អត្ថបទ ៖ សំអឿន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114