ករណីថ្មីនៅតូក្យូកើនដល់ ១០០០នាក់ នាយករដ្ឋមន្រ្តីជប៉ុនប្រកាសដាក់ប្រទេសក្នុងភាពអាសន្ននៅថ្ងៃអង្គារ 

យោងតាមការចេញផ្សាយរបស់កាសែត Yomiuri បានឲ្យដឹងថា នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe នឹងប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្ននៅថ្ងៃអង្គារស្អែកនេះ ខណៈដែលចំនួននៃអ្នកឆ្លងវីរុសកូវីដ-១៩ បានឡើងដល់ ១០០០ នាក់នៅក្នុងរដ្ឋធានីតូក្យូ។

កាសែតនេះបាននិយាយថា លោក Abe អាចនឹងប្រកាសផែនការដាក់រដ្ឋក្នុងភាពអាសន្ននៅថ្ងៃចន្ទ ហើយនឹងចាប់ផ្ដើមនៅអនុវត្តនៅថ្ងៃអង្គារ។

អភិបាលក្រុងតូក្យូលោកស្រី Yuriko Koike បានចង្អុលបង្ហាញកាលពីសប្តាហ៍មុនដែរថាលោកស្រីពេញចិត្តចំពោះការប្រកាសភាពអាសន្នដែលជាមធ្យោបាយមួយដើម្បីជួយជម្រុញប្រជាជនឱ្យស្ថិតក្រោមវិធានការឃ្លាតឆ្ងាយពីសង្គម។

នៅក្រោមច្បាប់មួយដែលត្រូវបានធ្វើវិសោធនកម្មនៅក្នុងខែមីនាដើម្បីការពារការរីករាលដាលនៃវីរុសបានចែងថា នាយករដ្ឋមន្រ្តីអាចប្រកាសពីភាពអាសន្នប្រសិនបើជំងឺបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិត និងប្រសិនបើការរីករាលដាលកើនឡើងឆាប់រហ័សដែលអាចជះឥទ្ធិពលដល់សេដ្ឋកិច្ចជាតិ ហើយវាស្របគ្នាដែលខណៈពេលនេះវីរុសកូវីដ-១៩កំពុងតែបង្កើនហានិភ័យនាំឲ្យមានការធ្លាក់ចុះសេដ្ឋកិច្ចរបស់ជប៉ុនផងដែរ។

វិធានការប្រកាសអាសន្ននឹងផ្តល់ឲ្យអភិបាលខេត្តនៅក្នុងតំបន់មានសិទ្ធិផ្នែកច្បាប់លើអាជ្ញាធរមូលដ្ឋានដើម្បីស្នើសុំឱ្យប្រជាជនស្នាក់នៅផ្ទះ និងស្នើឲ្យអាជីវកម្មបិទដំណើរការ ប៉ុន្តែនៅមិនទាន់អាចបិទទ្វាររដ្ឋនៅឡើយទេ។ ក្នុងករណីប្រទេសខ្លះការប្រកាសអាសន្ននឹងមានការពិន័យចំពោះការព្រងើយកន្តើយពីពលរដ្ឋ ប៉ុន្តែប្រទេសជប៉ុនពុំទាន់មានការពិន័យទេ ទោះបីជាច្បាប់នេះនឹងកើតមានឡើងជាមួយនឹងការប្រកាសអាសន្នក៏ដោយ។

បច្ចុប្បន្នមនុស្សជាង ៣៥០០ នាក់បានធ្វើតេស្តវិជ្ជមាន និងមនុស្ស ៨៥ នាក់បានស្លាប់ដោយសារវីរុសកូវីដ-១៩ នៅប្រទេសជប៉ុន។ នេះបើយោងតាមការផ្សាយរបស់ទូរទស្សន៍សាធារណៈ NHK ។

ខណៈចំនួននេះនៅទាបបើប្រៀបធៀបនឹងករណីឆ្លងចំនួន ៣៣៥ ០០០ នាក់និងករណីស្លាប់ជាង ៩ ៥០០ នាក់នៅសហរដ្ឋអាមេរិក ក្រុមអ្នកជំនាញកំពុងព្រួយបារម្ភអំពីការកើនឡើងករណីថ្មីបន្ថែមទៀតដែលអាចប៉ះពាល់ប្រព័ន្ធវេជ្ជសាស្ត្ររបស់រដ្ឋ និងមិនដឹងថាត្រូវដាក់អ្នកជំងឺនៅទីណាទេ៕

ចុចអាន៖  អ៊ីតាលីនិងរុស្ស៊ីឈ្លោះគ្នាពាក់ព័ន្ធការបង្កប់ចារកម្មក្នុងចំណោមគ្រូពេទ្យជួយប្រយុទ្ធប្រឆាំងកូវីដ១៩

ចុចអាន៖ ​ចិន​និយាយ​ថា​ខ្លួន​បាន​ផ្គត់ផ្គង​ម៉ាស​ជិត ៤ពាន់​លាន​ទៅ​បរទេសដែលកំពុងខ្វះខាតខ្លាំង

ប្រែសម្រួល៖ សន្យា
ប្រភព៖ Reuters