BREAKING NEWS
Search

ជប៉ុនចាប់ផ្តើមតេស្តរកមើលប្រូតេអ៊ីប្រព័ន្ធភាពស៊ាំប្រឆាំងកូវីដលើខ្លួនមនុស្ស ១០ ០០០នាក់

ក្រសួងសុខាភិបាលជប៉ុន កាលពីថ្ងៃច័ន្ទ ចាប់ផ្តើមធ្វើតេស្តទ្រង់ទ្រាយធំ លើប្រតិកម្មប្រព័ន្ធភាពស៊ាំប្រឆាំងកូវីដ ១៩ ក្នុងខ្លួនមនុស្ស ១ម៉ឺននាក់ ដើម្បីយល់កាន់តែច្បាស់ពីទំហំនៃការចម្លងមេរោគទូទាំងប្រទេស ស្របពេលដែលវិធានការចាក់សោប្រទេស ត្រូវបានដកចេញជាផ្លូវការ។

ការធ្វើតេស្តនេះ គឺដើម្បីរកមើលប្រូតេអ៊ីនបង្កើតឡើងដោយប្រព័ន្ធភាពស៊ាំ ដែលឆ្លើយតបទៅនឹងការឆ្លងមេរោគ ដែលចាប់ផ្តើមដំបូងក្នុងទីក្រុងតូក្យូ និងខេត្ត Miyagi ខណៈខេត្ត Osaka នឹងចាប់ផ្តើមនៅថ្ងៃពុធសប្តាហ៍នេះ។

វិធានការរបស់រដ្ឋាភិបាល ធ្វើឡើងក្នុងចេតនារកឃើញចំនួនពិតប្រាកដនៃពលរដ្ឋដែលឆ្លងកូវីដ ១៩ អំឡុងពេលរលករាតត្បាតទី ១ ផ្ទុះឡើង រាប់បញ្ចូលទាំងអ្នកផ្ទុកមេរោគ ប៉ុន្តែមិនមានរោគសញ្ញា ដើម្បីដឹងថាពលរដ្ឋជប៉ុន មានប្រព័ន្ធភាពស៊ាំពេញលេញដែរឬយ៉ាងណា។

ការធ្វើតេស្តឈាម នឹងចាប់ផ្តើមលើពលរដ្ឋ ៣០០០នាក់ តាមតំបន់នីមួយៗ មានអាយុចាប់ពី ២០ឆ្នាំ ឬចាស់ជាងនេះ ដែលយល់ព្រមចូលរួមសាកល្បងតេស្តរកមើលប្រព័ន្ធភាពស៊ាំប្រឆាំងវីរុសកូវីដ ១៩ នេះ។

លទ្ធផលនៃការធ្វើតេស្តនេះ ត្រូវគេរំពឹងថា នឹងជួយដល់ទស្សនវិស័យរដ្ឋាភិបាល សម្រាប់គ្រប់គ្រងការឆ្លងនាថ្ងៃអនាគត ស្របពេលជប៉ុន កំពុងភ័យខ្លាចជាមួយរលករាតត្បាតទី២ នៃជំងឺកូវីដ ១៩ ហើយចង់វាយតម្លៃឲ្យបានជាក់លាក់ពីចំនួនពលរដ្ឋជាក់ស្តែងដែលត្រូវការវ៉ាក់សាំងការពារ នៅពេលផលិតរួចរាល់ជាផ្លូវការ។

យោងតាមទិន្និន័យសាកលវិទ្យាល័យ John Hopkins របស់អាមេរិក គិតត្រឹមថ្ងៃអង្គារ៍នេះ ជប៉ុនមានអ្នកឆ្លងកូវីដ ១៩ សរុប ១៦ ៨២៨នាក់ ក្នុងនោះ ៩០០នាក់បានស្លាប់៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Japan Times

អត្ថបទពាក់ព័ន្ធ៖