ជប៉ុនព្រមានអំពីការរាលដាល​​កាន់​តែ​ខ្លាំង​នៃវីរុសកូរ៉ូណាប៉ុន្តែមិន​ទាន់​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្នទេ

នៅថ្ងៃព្រហស្បតិ៍ ប្រទេសជប៉ុនបានព្រមានអំពីហានិភ័យខ្ពស់ដែលវីរុសកូរ៉ូណានឹងរីករាលកាន់តែធំ ខណៈរដ្ឋាភិបាលកំពុងរៀបចំក្រុមការងារដើម្បីដោះស្រាយវិបត្តិនេះប៉ុន្តែរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចបាននិយាយថា រដ្ឋបាលនេះមិនបានគិតអំពីការដាក់ប្រទេសក្នុងគ្រាមានអាសន្នទេ។

ទូរទស្សន៍ជប៉ុន NHK បានរាយការណ៍ថា ប្រទេសជប៉ុនមានករណីឆ្លងវីរុសកូរ៉ូណាក្នុងស្រុកចំនួន ១៣១៤ករណីគិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍នេះ ដោយ​មិន​រាប់​បញ្ចូល ៧១២ករណីពីនាវាទេសចរណ៍មួយគ្រឿងដែលបានចូលចតនៅក្បែរទីក្រុងតូក្យូកាលពីខែមុន។ មានអ្នកស្លាប់ក្នុងស្រុកចំនួន៤៥នាក់និង១០នាក់ពីនាវាទេសចរណ៍នោះ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Katsunobu Kato បានប្រាប់ក្រុមអ្នកកាសែតបន្ទាប់ពីជួបជាមួយលោក Shinzo Abe និងរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចលោក Yasutoshi Nishimura ថា “ខ្ញុំបានប្រាប់លោកនាយករដ្ឋមន្រ្តី Abe ថាមានហានិភ័យខ្ពស់នៃការរាលដាលវីរុសកូរ៉ូណាកាន់តែធំ”។

លោក Nishimura បាននិយាយថា លោក Abe បានប្រាប់លោកឲ្យចាត់វិធានការឲ្យបានឆាប់រហ័សក្នុងការបង្កើតកម្លាំងការងាររដ្ឋាភិបាលដោយផ្អែកលើរបាយការណ៍របស់លោក Kato។

ប៉ុន្តែលោក Nishimura បាននិយាយថា រដ្ឋាភិបាលមិនបានពិចារណាក្នុងការប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ននៅពេលនេះទេ។

តាមច្បាប់ដែលត្រូវបានធ្វើវិសោធនកម្មក្នុងខែនេះដើម្បីការពារវីរុសកូរ៉ូណា នាយករដ្ឋមន្រ្តីអាចប្រកាសអំពីភាពអាសន្នប្រសិនបើជំងឺនេះបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិតហើយប្រសិនបើការរីករាលដាលយ៉ាងឆាប់រហ័សរបស់វាគំរាមកំហែងដល់ការខូចខាតសេដ្ឋកិច្ចធ្ងន់ធ្ងរ។

ប្រទេសជប៉ុនកំពុងតែស្ថិតនៅលើគែមនៃវិបត្តិសេដ្ឋកិច្ចមុនពេលវីរុសនេះវាយប្រហារហើយការរីករាល​ដាល​របស់​វា​បានបង្កើន​ហានិភ័យនោះ។

គួរបញ្ជាក់ថា ការដាក់ច្បាប់គ្រាមានអាសន្ននឹងអនុញ្ញាតឲ្យអភិបាលក្នុងតំបន់ដែលរងគ្រោះខ្លាំងចាត់វិធានការនានាដូចជាការស្នើសុំឲ្យប្រជាជនស្នាក់នៅក្នុងផ្ទះ បិទសាលារៀននិងទីតាំងសាធារណៈផ្សេងទៀតហើយលុបចោលព្រឹត្តិការណ៍ធំៗ៕ REUTERS

បុរសម្នាក់ពាក់ម៉ាស់ដើរលើផ្លូវស្ទើរតែគ្មានមនុស្សក្នុងទីក្រុង អូសាកា (រូប REUTERS)

ប្រែសម្រួល៖ វណ្ណវណ្ណ