BREAKING NEWS
Search

គ្រួសារ​ជប៉ុន​ ​ធ្វើ​ដំណើរ​ទៅទី​ឆ្ងាយ​ ដើម្បី​ប្រមូលម៉ាស សម្រាប់​ប្រទេស​ចិន

ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​កូរ៉ូណា ​បាន​ដក់ជាប់​ក្នុង​ដួងចិត្ត​របស់​បុរស​ជនជាតិ​ជប៉ុន​អាយុ ៤៦ ឆ្នាំ​ម្នាក់​ឈ្មោះ Kazuyuki Tanioka។  ដើម្បី​បំពេញ​ភារកិច្ច​មួយនេះ ​ជួយ​ដល់អ្នក​ជំងឺ​និង​បុគ្គលិក​ពេទ្យ​លោក Tanioka និង​ក្រុម​គ្រួសារ​បាន​ធ្វើ​រឿង​ដ៏​ពិសេស​មួយ។

ដំបូង​ឡើយ Tanioka មាន​គម្រោង​នាំ​ប្រពន្ធ​និង​កូនប្រុស​របស់​គាត់​ទៅ​កាន់​តំបន់ Tohoku របស់​ប្រទេស​ជប៉ុន​សម្រាប់​ដំណើរ​កម្សាន្ត​មួយ ​ក្នុង​ឱកាសបុណ្យ​ចូល​ឆ្នាំ​ចិន។  ទោះ​យ៉ាងណា​នៅ​ពេល​គាត់​ដឹង​ថា​មេរោគ​ឆ្លង​វីរុស​កូរ៉ូណា​ ​កំពុង​រីក​រាលដាល​យ៉ាង​ឆាប់​រហ័ស ​ហើយ​ប្រទេស​ចិន​ស្ទើរ​តែ​អស់ម៉ាស ហើយ​គាត់​បាន​សម្រេចចិត្ត​បង្វែរ​ដំណើរ​កម្សាន្ត​របស់​ពួកគេ​ទៅ​ជា “ ដំណើរ​នៃ​ការ​ប្រមូល​ម៉ាស​សម្រាប់​ប្រទេស​ចិន” ។

ដើម្បី​ទិញម៉ាស ​Tanioka  និង​ក្រុម​គ្រួសារ​របស់​គាត់​បាន​ចាប់ផ្ដើម​ធ្វើ​ដំណើរ​ពី​តូក្យូ​ នៅ​ថ្ងៃ​ទី ២៩ ខែ​មករា​ និងបាន​ឆ្លង​កាត់​ទី​ក្រុង Fukuoka និង​ខេត្ត Yamaguchi ហើយ​ទី​បំផុត​បាន​ទៅ​ដល់​ទី​ក្រុង Kumamoto ដែល​ជា​ស្រុក​កំណើត​របស់​គាត់។  ការ​ធ្វើ​ដំណើរ​សរុប​គឺ​ប្រហែល ១២០០ គីឡូម៉ែត្។រ ពួកគេ​បាន​ដើរ​ចូល​ទៅ​គ្រប់​ឱសថ​ស្ថាន​ដែល​បាន​ឃើញ​នៅ​តាម​ផ្លូវ​ ដើម្បី​ទិញ​ម៉ាស។ ការ​ប្រមូល​ម៉ាស​ដ៏​ច្រើន​បែបនេះ​មិន​ងាយ​ស្រួល​ទេ ​នៅ​ពេលដែលប្រទេសជប៉ុនបានរាយការណ៍មកថា​ មាន​ករណី​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មីនេះបានផ្ទុះឡើងដូចគ្នា។​ម៉ាសនៅ​តាម​ឱសថ​ស្ថាន​ជា​ច្រើន​ត្រូវ​បាន​លក់​អស់ លើស​ពី​នេះ​ទៅ​ទៀត​មាន​មនុស្ស​មួយ​ចំនួន​ថែម​ទាំង​បាន​ទិញម៉ាស ​ក្នុង​បរិមាណ​ដ៏​ច្រើន​ ហើយ​បន្ទាប់​មក​បាន​ឡើង​ថ្លៃ ៣០០-៥០០% ដើម្បី​លក់​តាម​អ៊ីនធឺណិត។

ប្រជាជន​ជប៉ុន​ដែលបានសាទរ​រាប់​រយ​នាក់​ក៏បានចូលរួមបរិច្ចាគ​ដល់​គាត់ ​​បន្ទាប់ពី​បាន​មើល​របាយការណ៍​ពី​ទូរទស្សន៍​ក្នុង​ស្រុក។ ទន្ទឹម​នឹង​នេះ​មិត្តភ័ក្ដិដែលជនជាតិ​ចិន Tanioka បាន​ផ្ញើ​ប្រាក់​ ហើយ​ស្នើសុំ​ឱ្យ​គាត់​ទិញ​សម្ភារៈ​វេជ្ជសាស្ត្រ​សម្រាប់​ការ​បរិច្ចាគ។

Tanioka បាន​និយាយ​ថា៖ ” ខ្ញុំ​ពិត​ជា​រំភើប​ណាស់” ! ទី​បំផុត Tanioka និង​ក្រុម​គ្រួសារ​បាន​ទទួល​ម៉ាស​​ប្រមាណ​ជាង ៤៥០០០​ និង​គ្រឿង​វេជ្ជសាស្ត្រ​មួយ​ចំនួន​ទៀត​ដែល​សរុប​ទាំងអស់​មាន​ចំនួន ៥៥០ គីឡូក្រាម។ ពួកគេ​បាន​បញ្ជូន​សម្ភារៈ​ទាំងអស់​ទៅ​ទីក្រុង​ប៉េកាំង​កាលពីថ្ងៃទី ៩ ខែ​កុម្ភៈ។ យោង​តាម​លោក Tanioka ការ​ផ្គត់ផ្គង់​ទាំងនេះ​នឹង​ត្រូវ​ចែកចាយ​នៅ​ទីក្រុង Wuhan និង​កន្លែង​ផ្សេង​ទៀត​ដែល​ត្រូវការ។

គួរ​បញ្ជាក់​ថា ​Tanioka  បាន​រៀបការ​ជាមួយ​ស្ត្រី​ជនជាតិ​ចិន​កាល​ពី ២០ ឆ្នាំ​មុន ​នៅ​ប្រទេស​ជប៉ុន។ ពួកគេ​បាន​ផ្លាស់​ទៅ​ទី​ក្រុង​ប៉េកាំង​ក្នុង​ឆ្នាំ ២០១០ ហើយ​បច្ចុប្បន្ន​កំពុង​បើក​ភោជនីយដ្ឋាន​ជប៉ុន​មួយ​នៅ​ទីក្រុង​ប៉េកាំង។ ទោះបី​ជា​ភោជនីយដ្ឋាន​របស់​គាត់​ត្រូវ​បាន​បិទ​អស់​រយៈពេល​ជា​ច្រើន​សប្តាហ៍ ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នូវ​មេរោគ​ថ្មី​ ហើយ​ប្រាក់​ចំណូល​របស់​គាត់​ត្រូវ​បាន​រង​ផល​ប៉ះពាល់​យ៉ាង​ច្រើន​យ៉ាងណា​ ក៏​គាត់​នៅ​តែ​ព្យាយាម​ជួយ​អ្នក​ដែល​ត្រូវ​ការ​ជំនួយ​ដដែល។

Tanioka បាន​និយាយ​ថា”យើង​ត្រូវ​ធ្វើ​ការ​ឆ្លង​កាត់​ព្រំ​ដែន​ដើម្បី​ដោះស្រាយ​ស្ថានភាព​រាតត្បាត​នេះ។ អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​គឺ​អំពាវនាវ​ឲ្យ​ប្រជាជន​ជប៉ុន​បន្ថែម​ទៀត ​ផ្ដល់​ការ​គាំទ្រ​និង​នាំ​យក​នូវសុច្ឆន្ទៈ​ពី​ប្រទេស​ជប៉ុន​មក​ប្រទេស​ចិន។ ខ្ញុំ​ជឿជាក់​ថា​ ការ​ធ្វើ​បែបនេះ​ក៏​ជា​ការ​អប់រំ​ដ៏​ល្អ​សម្រាប់​កូនៗ របស់​ខ្ញុំ “៕

 

ចុចអាន៖អង្គការ​សុខភាព​ពិភពលោក​ថា​វីរុស​កូរ៉ូណាគឺ​ជា​សត្រូវសាហាវជាងអំពើ​​ភេរវកម្មទៅទៀត

ចុចអាំន៖អាមេរិក​រក​ឃើញប្រជាជន​ទី ១៣ ដែល​ផ្ទុក​មេរោគ​កូរ៉ូណា​ ខណៈមុននេះ​មន្ត្រី CDC ច្រឡំ​ថា​ពួកគេ​តេស្ត​អវិជ្ជមាន

 

ប្រែសម្រួល៖សាង ស្រីល៍័ក្ខ