អត្រា​គាំទ្រ​នាយករដ្ឋមន្ត្រី​ជប៉ុន​ធ្លាក់ចុះ​ចំពេល​មានការ​ចោទប្រកាន់​ទាក់ទង​មូលនិធិ​គណបក្ស

ការស្ទង់មតិ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយបាន​បង្ហាញថា​អត្រា​គាំទ្រ​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe បាន​ជួបប្រទះ​បញ្ហា​ប្រឈម​យ៉ាងខ្លាំង​កាលពី​ខែ​មុន​ចំពេល​មានការ​ចោទប្រកាន់​រប​ស់​គណបក្សប្រឆាំង​ថា​ការិយាល័យ​របស់លោក​ប្រហែលជា​បាន​រំលោភច្បាប់​ចំណាយ​ផ្នែក​នយោបាយ​។​

ការចោទប្រកាន់​ដែលថា ការិយាល័យ​នយោបាយ​របស់លោក​បាន​ឧបត្ថម្ភ​ដល់​ពិធីជប់លៀង​មួយ​សម្រាប់​អ្នកគាំទ្រ​គឺជា​បញ្ហា​ចុងក្រោយ​បំផុត​នៅក្នុង​រឿងអាស្រូវ​នៃ​ការផ្តល់​អំណោយ​ដែល​បានធ្វើ​ឲ្យ​អ្នកនយោបាយ​ជាច្រើន​នាក់​នៅ​ទូទាំងប្រទេស​ជប៉ុន​ធ្លាក់​តំណែង​នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះហើយ​បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ចំពោះ​អារម្មណ៍​របស់​សាធារណជន​។​

ការស្ទង់មតិ​ប្រចាំខែ​របស់​កាសែត Yomiuri Shimbun ដែល​ធ្វើឡើង​កាលពី​ចុង​សប្តាហ៍​មុន​បានបង្ហាញ​ពី​អត្រា​គាំទ្រ​៤៩​ភាគរយ​សម្រាប់​គណៈរ​ដ្ឋ​មន្ត្រី​របស់លោក Abe ពោលគឺ​ធ្លាក់ចុះ​៦​ពិន្ទុ​ពី​ការស្ទង់មតិ​ខែតុលា​ហើយ​បាន​ធ្លាក់ចុះ​ដល់​ក្រោម​៥០​ភាគរយ​ជា​លើកដំបូង​ចាប់តាំងពី​ខែកុម្ភៈ​មក​។​

អត្រា​នៃ​ការមិន​ពេញចិត្ត​បាន​កើនឡើង​ដល់​៣៦​ភាគរយ​ពី​៣៤​ភាគរយ​កាលពី​ខែ​មុន​ខណៈ​៤៥​ភាគរយ​នៃ​អ្នក​ឆ្លើយតប​បានលើកឡើង​អំពី​កង្វះ​ការទុកចិត្ត​លើ​លោកនាយក​រដ្ឋមន្ត្រី​ដោយសារ​ការចោទប្រកាន់​ពាក់ព័ន្ធ​ការផ្តល់​មូលនិធិ​ដោយ​គណបក្ស​។​

កាលពី​ថ្ងៃ​ចន្ទ លោក Abe បាន​បញ្ជាក់ថា ភ្ញៀវ​ចំនួន​៨០០​នាក់​បាន​ចូលរួម​ពិធី​ទទួលទាន​អាហារ​ពេល​ល្ងាច​នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ​៥​មួយ​នៅ​កណ្តាល​ទីក្រុង​តូ​ក្យូ​កាលពី​ខែមេសា​ដែល​លោក​និង​ភរិយា​ក៏បាន​ចូលរួម​ផងដែរ​។ លោក​បន្ថែមថា អ្នកចូលរួម​ម្នាក់ៗ​បាន​បង់ថ្លៃ​សេវា​ជា​ទឹកប្រាក់​ចំនួន​៥,០០០​យ៉េន (៤៦​ដុល្លារ​)​។​

លោក Abe បាន​ប្រាប់​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​ថា “​ទាំង​ការិយាល័យ​របស់ខ្ញុំ​និង​អង្គភាព​អ្នកគាំទ្រ​គណបក្ស​មិនបាន​ចូលរួម​បរិច្ចាគ​ថវិកា​សម្រាប់​ការចូលរួម​របស់​ភ្ញៀវ​ឬ​ខ្លួន​ខ្ញុំ​នៅក្នុង​ពិធី​ទទួលទាន​អាហារ​ពេល​ល្ងាច​នោះទេ”។

យោងតាម​គេហទំព័រ​របស់​សណ្ឋាគា​រ​បាន​ឲ្យ​ដឹងថា គណបក្សប្រឆាំង​បាន​និយាយថា តម្លៃ​ចូលរួម​កម្មវិធី​នោះ​គឺ​ទាប​ជាង​កម្មវិធី​ដទៃទៀត​ដែល​ធ្វើឡើង​នៅឯ​សណ្ឋាគារ New Otani​។ ពួកគេ​និយាយថា ប្រសិនបើ​លោក Abe បាន​ឧបត្ថម្ភ​ដល់​ការចូលរួម​នោះ វា​អាចជា​ការរំលោភ​ច្បាប់បោះឆ្នោត​ការិយាល័យ​នយោបាយ​និង​ច្បាប់​គ្រប់គ្រង​មូលនិធិ​នយោបាយ​៕ REUTERS
​វណ្ណ​វណ្ណ​




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114